Friday, April 21, 2017

លោក ជុន ច័ន្ទបុត្រ គួរទទួលទោសបែបណាក្នុងការបន្លំខ្លួនចូលក្នុងពន្ធនាគារព្រៃស?

លោក ជុន ច័ន្ទបុត្រ ដែលមានឈ្មោះដើមថា ហួត វុទ្ធី បានប្រព្រឹត្តកំហុសវិជ្ជាជីវៈយ៉ាងធ្ងន់ធ្ងរ ឬក៏អាចខុស ច្បាប់ទៀតផង ដោយបានក្លែងខ្លួនជាជំនួយការរបស់អ្នកតំណាងរាស្ត្របក្សប្រឆាំង ដើម្បីបន្លំខ្លួនចូលទៅក្នុង ពន្ធនាគារព្រៃសក្នុងគោលបំណងស៊ើបយកការសម្ងាត់ពីក្នុងពន្ធនាគារ ឬក៏អាចមានចេតនាទុច្ចរិត ផ្សេង ៗទៀតផងក៏មិនដឹង។
ជាក្រមសីលធម៌ អ្នកសារព័ត៌មានត្រូវបង្ហាញអត្តសញ្ញាណរបស់ខ្លួនដើម្បីចូលយកព័ត៌មាននៅកន្លែងណាមួយ ជាពិសេសកន្លែងដែលគ្រប់គ្រងដោយសមត្ថកិច្ចរបស់អាជ្ញាធររដ្ឋ។ ប៉ុន្តែ ជុន ច័ន្ទបុត្រ ធ្វើដល់នាយករងវិទ្យុអាស៊ីសេរី បែរជាបន្លំខ្លួនជាជំនួយការរបស់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដើម្បីចូលយកការណ៍ក្នុងពន្ធនាគារ ទីដែលគេហាមឃាត់យ៉ាងតឹងតែងបំផុត។
នៅក្នុងការផ្សាយរបស់វិទ្យុអាស៊ីសេរីនៅល្ងាចថ្ងៃពុធ ជុន ច័ន្ទបុត្រ ដែលភ័យខ្លួនពេលការបន្លំខ្លួនចូលពន្ធនាគារត្រូវបែកការ បាននិយាយដោះសារថា ខ្លួនទៅកាន់ពន្ធនាគារព្រៃសជាលក្ខណៈបុគ្គលផ្ទាល់ខ្លួនដើម្បីសួរសុខទុក្ខលោក កឹម សុខ។ ប៉ុន្តែ ក្រោយមក ក៏បានឃើញតំណាងរាស្ត្របក្សប្រឆាំងមកដល់ហើយក៏បានសុំគេចូលទៅជាមួយ ហើយសន្តិសុខក៏អនុញ្ញាតឲ្យចូលទៅ។
ស្តាប់ការនិយាយភូតកុហករបស់ ជុន ច័ន្ទបុត្រ ដូចមិនទំនងទាល់តែសោះ។ អីក៏អាចចូលក្នុងពន្ធនាគារបានស្រួលៗយ៉ាងនេះ? ជុន ច័ន្ទបុត្រ ទំនងជាសង្ឃឹមថា ពាក្យភូតកុហករបស់គាត់អាចឲ្យមនុស្សមួយចំនួនឲ្យជឿបាន ប៉ុន្តែ តាមពិត គ្មានអ្នកណាជឿថា អាចដើរចូលពន្ធនាគារបានស្រួលៗបែបនេះទេ។ ជុន ច័ន្ទបុត្រ ក៏ទំនងភ្លេចគិតថា ការចេញចូលក្នុងពន្ធនាគារសុទ្ធតែមានបញ្ជីស្នាមត្រឹមត្រូវ។ ដល់ពេលដែលបុគ្គលចិញ្ចឹមចិត្តទុច្ចរិតម្នាក់នេះអស់លក្ខណ៍ហើយ។ បញ្ជីឈ្មោះកត់ត្រាអ្នកចេញចូលរបស់ពន្ធនាគារបង្ហាញថា ជុន ច័ន្ទបុត្រ ពិតជាបន្លំខ្លួចូលក្នុងពន្ធនាគារ ដោយមានការជួយជ្រោមជ្រែងពីតំណាងរាស្ត្របក្សសង្គ្រោះជាតិ។
ក្នុងបញ្ជីឈ្មោះបានដាក់ឈ្មោះ ហួត វុទ្ធី ជាជំនួយការរបស់តំណាងរាស្ត្រ ឡុង រី និង មួរ សុខហួរ។ ម្យ៉ាងទៀត សម្លៀកបំពាក់ និងមួកកន្តឹបបិទបាំងមុខយ៉ាងចម្លែក គឺជាភស្តុតាងដែលបញ្ជាក់ថា គឺជាចេតនានៃការបន្លំខ្លួនយ៉ាងពិតប្រាកដ។ តើ ជុន ច័ន្ទបុត្រ មានអ្វីត្រូវដោះសារទៀតទេ?
អ្នកណាក៏ដឹងដែរថា ហួត វុទ្ធី ហៅ ជុន ច័ន្ទបុត្រ តែងតែប្រើប្រាស់វិទ្យុអាស៊ីសេរីដើម្បីជួយគណបក្សប្រឆាំងដោយឥតអៀនខ្មាស។ បុគ្គលរូបនេះ ផ្សាយព័ត៌មាន ឬធ្វើអត្ថាធិប្បាយលម្អៀងផ្កាប់មុខទៅរកគណបក្សប្រឆាំង។ ជននេះមានជំនាញខាងបំប៉ោងង ញុះញង់ បំភាន់ បំភ្លៃ ដើម្បីបំផ្លាញ។ ជុន ច័ន្ទបុត្រ មិនញញើតនឹងចេញមុខធ្វើបាតុកម្មប្រឆាំងលោក ហ៊ុន ម៉ាណែត នៅឯប្រទេសអូស្ត្រាលី។ ឥឡូវនេះ ជុន ចន្ទបុត្រ ហ៊ានរហូតដល់បន្លំខ្លួនចូលក្នុងពន្ធនាគារដែលជាការបំពានក្រមសីលធម៌ និងបំពានច្បាប់យ៉ាងធ្ងន់ធ្ងរ។
តើ ជុន ច័ន្ទបុត្រ បន្លំខ្លួនចូលក្នុងពន្ធនាគារក្នុងគោលបំណងអ្វី? តើច្បាប់គួរដាក់ទោសជននេះដោយរបៀបណា? តើមហាជនគួរថ្កោលទោសជននេះយ៉ាងណា? ហើយតើ តំណាងរាស្ត្រដែលជួយបិទបាំងឲ្យ ជុន ច័ន្ទបុត្រ បន្លំចូលក្នុងពន្ធនាគារបែបនេះគួរទទួលទោសបែបណាដែរ? ប្រសិនបើជននេះទៅប្រព្រឹត្តអំពើទុច្ចរិតណាមួយក្នុងពន្ធនាគារ តើអ្នកណាទទួលខុសត្រូវ?
ទាំងនេះសុទ្ធតែជាសំណួរដែលមិនអាចមើលស្រាលបានឡើយ។ បើគ្មានវិធានការអ្វីទេ ជននេះនឹងក្លាយជាគំរូអាក្រក់សម្រាប់ការបំពានក្រមសីលធម៌ និងបំពានច្បាប់ ដែលអ្នកកាសែតផ្សេងទៀតអាចយកគំរូតាមជាមិនខាន។ ហើយបើគ្មានវិធានការអ្វីទេ តំណាងរាស្ត្របក្សប្រឆាំងនឹងមិនញញើតក្នុងការប្រើប្រាស់អភ័យឯកសិទ្ធិរបស់ខ្លួនដើម្បីបម្រើគោលដៅទុច្ចរិតផ្សេងទៀតនោះឡើយ៕
ដោយ៖ ប៊ូ ឡាំសាន

No comments:

Post a Comment