Friday, April 21, 2017

មន្រ្តីជាន់ខ្ពស់ពន្ធនាគារ អះអាងថា ប្រធានវិទ្យុអាស៊ីសេរីនៅកម្ពុជា បានសរសេរឈ្មោះរបស់ខ្លួនបន្លំសមត្ថកិច្ចពន្ធនាគារពីឈ្មោះផ្លូវការ ហួត វុទ្ធី ទៅជាឈ្មោះ ហួត រុទ្ធិ

មន្រ្តីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានពន្ធនាគារ របស់ក្រសួងមហាផ្ទៃ បានថ្លែងអះអាងនៅថ្ងៃត្រង់ទី២០ ខែមេសា ឆ្នាំ២០១៧ ថាលោក ជុន ច័ន្ទបុត្រ ប្រធានវិទ្យុអាស៊ីសេរីនៅកម្ពុជា បានសរសេរឈ្មោះរបស់ខ្លួនបន្លំសមត្ថកិច្ចពន្ធនាគារ ពីឈ្មោះផ្លូវការ របស់លោក ហួត វុទ្ធី ទៅជាឈ្មោះ ហួត រុទ្ធិ ហើយនៅពេលនេះខាងនាយកដ្ឋានពន្ធនាគារ បាននឹងកំពុងធ្វើរបាយការណ៍ ដាក់ជូន សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដើម្បីពិនិត្យលើករណីនេះ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានប្រាប់ឱ្យដឹងនៅយប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ថា ចាប់ពីពេលនេះតទៅ ក្រសួងមហាផ្ទៃ នឹងមិនអនុញ្ញាតឱ្យ តំណាងរាស្រ្តរបស់គណបក្សប្រឆាំង ចូលសួរសុខទុក្ខសកម្មជនឬមន្រ្តីគណបក្ស សង្រ្គោះជាតិ ដែលជាប់ឃុំទៀតនោះទេ បន្ទាប់ពីមានករណីតំណាងរាស្រ្តបក្សនេះ បាននាំមេវិទ្យុអាស៊ីសេរី លោក ជុន ច័ន្ទបុត្រ ឬឈ្មោះផ្លូវការ ហួត វុទ្ធី បន្លំខ្លួនចូលទៅក្នុងពន្ធនាគារព្រៃស។
ការអះអាងយ៉ាងដាច់ណាត់ របស់អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានធ្វើឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍ថា តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោកស្រី មូរ សុខហួរ និង លោក ឡុង រី បាននាំលោក ជុន ច័ន្ទបុត្រ ឬ ហួត វុទ្ធី មេវិទ្យុអាស៊ីសេរី ដោយបន្លំខ្លួនជាជំនួយការរបស់ពួកគាត់ ចូលទៅពន្ធនាគារព្រៃស នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧នេះ ដើម្បីចុះសួរសុខទុក្ខសកម្មជនរបស់គណបក្សសង្រ្គោះជាតិ ចំនួន១៦នាក់ ដែលកំពុងជាប់ឃុំ នៅក្នុងពន្ធនាគារព្រៃស។
លោក ខៀវ សុភ័គ បានចាត់ទុកថា តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោកស្រី មូរ សុខហួរ និង លោក ឡុង រី មានចេតនាអសីលធម៌ ដោយបន្លំសមត្ថកិច្ចដើម្បីនាំ លោក ជុន ច័ន្ទបុត្រ មេវិទ្យុអាស៊ីសេរី ចូលទៅពន្ធនាគារព្រៃស ដែលនេះគឺជាកំហុសសីលធម៌មួយ។
ចំណែកអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព បានលើកឡើងថា ដំណើរការនីតិវិធីព្រហ្មទណ្ឌ នឹងត្រូវអនុវត្ត បើសិនជាសមត្ថកិច្ចរកឃើញថា ការប្រើប្រាស់មធ្យោបាយដើម្បីបានចូលក្នុងពន្ធនាគាររបស់ លោក ជុន ច័ន្ទបុត្រ អនុប្រធានវិទ្យុអាស៊ីសេរីជាភាសាខ្មែរ កាលពីម្សិលមិញ ជាអំពើល្មើសច្បាប់ព្រហ្មទណ្ឌ។
លោក គឹម សន្តិភាព បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ថា «ជាធម្មតាទេ ប្រសិនបើអាជ្ញាធរមានសមត្ថកិច្ចរកឃើញថា ការប្រើប្រាស់មធ្យោបាយដើម្បីបានចូលក្នុងពន្ធនាគាររបស់ លោក ជុន ច័ន្ទបុត្រ កាលពីម្សិលមិញ ជាអំពើល្មើសច្បាប់ព្រហ្មទណ្ឌ នោះដំណើរការនៃនីតិវិធីព្រហ្មទណ្ឌនឹងត្រូវប្រកាន់យក! ហេតុនេះ សាមីខ្លួនគួរសហការជាមួយសមត្ថកិច្ចអោយបានល្អ!»។
សូមបញ្ជាក់ថា កាលពីម្សិលមិញនេះ មានសេចក្តីរាយការណ៍ថា តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោកស្រី មូរ សុខហួរ និង លោក ឡុង រី បាននាំលោក ជុន ច័ន្ទបុត្រ ឬ ហួត វុទ្ធី មេវិទ្យុអាស៊ីសេរី ដោយបន្លំខ្លួនជាជំនួយការរបស់ពួកគាត់ ចូលទៅពន្ធនាគារព្រៃស នាព្រឹក ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧នេះ ដើម្បីចុះសួរសុខទុក្ខសកម្មជនរបស់គណបក្សសង្រ្គោះជាតិ ចំនួន១៦នាក់ ដែលកំពុងជាប់ឃុំ នៅក្នុងពន្ធនាគារព្រៃស៕



No comments:

Post a Comment