Friday, April 21, 2017

កម្ពុជានឹងរៀបចំព្រឹត្តិការណ៍ប្រណាំងកង់កម្រិតអាជីពលើកដំបូង លើភ្នំបូកគោនៅដើមខែក្រោយ

គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងសហព័ន្ធខ្មែរកីឡាទោចក្រយាន្ដ សហការជាមួយរមនីយដ្ឋានឋានសួគ៌បូកគោ នៅថ្ងៃទី០៦-០៧ ខែឧសភា ខាងមុខនេះ នឹងរៀបចំព្រឹត្តិការណ៍ប្រណាំងកង់អន្ដរជាតិកម្រិតអាជីពលើកដំបូង ដែលនឹងមានកីឡាករ-កីឡាការិនីកម្រិត ខ្ពស់មួយចំនួន មកពីបណ្ដាប្រទេសលើពិភពលោកចូលរួមទៀតផង ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានថ្លែងក្នុងសន្និសារព័ត៌មាននាព្រឹកថ្ងៃទី២០ ខែមេសានេះថា នេះជាលើកទី១ ហើយ ដែលកម្ពុជាបង្កើតឱ្យមានព្រឹត្តិការណ៍ប្រណាំងកង់កម្រិតអាជីពឡើងវិញ បន្ទាប់ពីខកខានមិនបានរៀបចំអស់ជាច្រើនទស្សវត្សន៍កន្លងទៅ ។ ក្នុងនាម NOCC លោកបានគាំទ្រពេញទំហឹង ចំពោះការរៀបចំនេះ ដើម្បីជំរុញវិស័យកីឡាជិះកង់កម្ពុជាឱ្យកាន់តែរីកចម្រើន ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ។
លោក វង្ស ខាន់ពៅ អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាទោចក្រយាន្ដ បានថ្លែងឱ្យដឹងដែរថា ព្រឹត្តិការណ៍អន្ដរជាតិនេះ នឹងមាន ៥វិញ្ញាសាដាក់ឱ្យប្រកួត រួមមានវិញ្ញាសា Pro Rider ជិះចម្ងាយ ៨៥គីឡូម៉ែត្រ, Men Oppen Below ក្រោមអាយុ ៣៥ឆ្នាំជិះចម្ងាយ ៨៥គីឡូម៉ែត្រ, Men Junior ចាប់ពីអាយុ ៣៥ឆ្នាំ ទៅ ៤៥ឆ្នាំជិះចម្ងាយ ៦៦គីឡូម៉ែត្រ ហើយក៏មានវិញ្ញាសាបើកសេរី Men Senior Masters និង Women Senior Masters ជិះចម្ងាយ ៥១គីឡម៉ែត្រផងដែរ ។
អគ្គលេខាធិការសហព័ន្ធដដែលបន្ដថា មកទល់ពេលនេះមានអ្នកចុះឈ្មោះប្រមាណ ៣២០នាក់ហើយ ក្នុងនោះមានជនបរទេស ២០០នាក់ ដែលមកពីប្រទេសមួយចំនួន ដូចជាបារាំង, អូស្រ្ដាលី, ណូវែលសេឡង់, សិង្ហបុរី, ឡាវ, ម៉ាឡេស៊ី, ថៃ, វៀតណាម និងម្ចាស់ផ្ទះកម្ពុជា ហើយក៏មានវត្តមានកីឡាករ-កីឡាការិនីក ម្រិតអាជីពជាច្រើននាក់ចូលរួមផងដែរ។ លោករំពឹងថា ទម្រាំដល់ថ្ងៃប្រកួត អ្នកចូលរួមនឹងមានការកើន ឡើងបន្ថែមទៀត។

លោក វង្ស ខាន់ពៅ បន្ថែមថា «គោលបំណងក្នុងការរៀបចំព្រឹត្តិការណ៍ប្រណាំងកង់អន្ដរជាតិនេះ គឺយើងចង់ធ្វើការវាស់ស្ទង់សមត្ថភាពកីឡាករ-កីឡាការិនីជម្រើសជាតិកម្ពុជា ដែលកំពុងហ្វឹកហាត់ត្រៀមចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី២៩ នៅប្រទេសម៉ាឡេស៊ី នាខែសីហា ឆ្នាំ២០១៧ខាងមុខ។ ពិសេសគឺយើងចង់បានបទពិសោធន៍ពីការប្រកួតលក្ខណៈអន្ដរជាតិធំៗ ដើម្បីត្រៀមខ្លួនធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣» ៕



No comments:

Post a Comment