Friday, April 21, 2017

ប្រជាធិបតេយ្យធ្លាក់ចុះនៅអឺរ៉ុប

រឿងដែលល្អជាងគេបំផុតនោះដែលត្រូវបានគេនិយាយអំពីការធ្វើប្រជាមតិរដ្ឋធម្មនុញ្ញរបស់តួកគីគឺថា មានតែ ៤៨,៧% តែប៉ុណ្ណោះនៃអ្នកបោះឆ្នោតបានទៅបោះឆ្នោត ដែលប្រឆាំងទៅនឹងការគ្រប់គ្រងផ្តាច់ការរបស់ប្រធានាធិបតីតួកគី Erdogan ។ លោក Erdogan បានរំពឹងទុកថា នឹងបានឈ្នះ ៦០% ពីការបោះឆ្នោតកាលពីថ្ងៃអាទិត្យនោះ គាត់បានចាញ់ឆ្នោតនៅតាមបណ្តាទីក្រុងធំៗដូចជា Ankara និង Istanbul។ ភាពស្របច្បាប់របស់គាត់កាន់តែធ្លាក់ចុះដោយសារតែមានការចោទប្រកាន់ការបោះឆ្នោតមិនប្រក្រតី។ បើទោះជាដូច្នេះក្តី ជ័យជម្នះរបស់គាត់ត្រូវបានរំពឹងទុកថា នឹងកើតមានឡើងនៅក្នុងការរាប់សន្លឹកឆ្នោតពេលចុងក្រោយបង្អស់។​
ការធ្វើប្រជាមតិនេះ បង្ហាញឱ្យឃើញនូវការខិតខំប្រឹងប្រែងដ៏យូរអង្វែងរបស់លោក Erdogan ដើម្បីជំនួសការគ្រប់គ្រងបែបប្រព័ន្ធរដ្ឋសភារបស់តួកគីដោយបែបប្រធានាធិបតីដ៏ខ្លាំងទៅវិញ។ ខណៈដែលការផ្លាស់ប្តូរនេះនឹងមិនកើតចេញរូបរាងជាធរមានរហូតដល់ការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០១៩ ក៏ដោយ ក៏ប៉ុន្តែលទ្ធផលនេះបង្ហាញឱ្យឃើញនូវការក្តោបក្តាប់ដ៏ខ្លាំងរបស់គាត់រួចស្រេចទៅហើយ។
ការដែលពិនិត្យឡើងវិញ ឬជំនួសនៃមាត្រាទី ៧៦ នៅក្នុងរដ្ឋធម្មនុញ្ញតួកគីតាមរយៈការធ្វើប្រជាមតិដើម្បីលុបបំបាត់តួនាទីនាយករដ្ឋមន្រ្តីហើយផ្ទេរអំណាចប្រតិបត្តិទាំងអស់ទៅឱ្យប្រធានាធិបតី។​
ជាការអនុវត្តជាក់ស្តែងដោយសារតែគណបក្ស AKP ដែលមានមូលដ្ឋានប្រកាន់យកជនកាន់សាសនាឥស្លាម ហើយគណបក្សនេះមានសមាជិករដ្ឋសភាភាគច្រើនដែលអនុញ្ញាតឱ្យលោក Erdogan អាចសម្រេចនូវការអនុវត្តអំណាចទាំងអស់នេះបាន។​
ការពិតនោះគឺថា មានការធ្វើវិសោធនកម្មនៅក្នុងរដ្ឋធម្មនុញ្ញតួកគីដែលគ្រាន់តែជាការពង្រឹងដល់ភាពផ្តាច់ការរបស់គាត់តែប៉ុណ្ណោះ។​
នៅពេលដែលគាត់ត្រូវបានគេបោះឆ្នោតឱ្យធ្វើជានាយករដ្ឋមន្រ្តីកាលពីឆ្នំា ២០០៣ លោក Erdogan ហាក់ដូចជាបានប្តេជា្ញចិត្តដើម្បីធ្វើឱ្យប្រទេសតួកគីទៅជាប្រជាធិបតេយ្យបែបអ្នកកាន់សាសនាឥស្លាម។​
នៅក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះគាត់បែរជាបង្រ្កាបអ្នកតវ៉ា និងអ្នករិះគន់របស់គាត់។ រដ្ឋប្រហារបរាជ័យកាលពីរដូវក្តៅកន្លងមកនេះ បានផ្តល់ឱ្យគាត់ជាលេសមួយបន្ថែមទៀតគឺការប្រកាសអាសន្ន ហើយចាប់តាំងពីពេលនោះមករដ្ឋាភិបាលក៏បានបណ្តេញ ឬព្យួរការងារជាង ១៣០ ពាន់នាក់ ដែលសង្ស័យថា ពាក់ព័ន្ធទៅនឹងរដ្ឋប្រហារ ហើយក៏បានចាប់ចងមនុស្សប្រហែល ៣៥ ពាក់នាក់។​
យុទ្ធនាការនៃប្រជាមតិនេះ បានទទួលរងការរិះគន់យ៉ាងខ្លាំងដោយសារតែមានស្ថានភាពដូចគ្នាគឺការបំភិតបំភ័យ។ អ្នកគំាទ្រទៅនឹងការស្នើឡើងរបស់លោក Erdogan គ្រប់គ្រងទៅលើបណ្តាញសារព័ត៌មាន ហើយអ្នកដែលជំទាស់គាត់ត្រូវបានគេបាញ់សម្លាប់ ឬវាយតប់។​
បក្សប្រឆាំងទាំងឡាយនិយាយថា សន្លឹកឆ្នោតមួយចំនួនខ្វះប្រថាប់ត្រាជាផ្លូវការ ហើយយ៉ាងហោចណាស់ក៏បានបង្ហាញឱ្យឃើញថា មានជនបោះឆ្នោតបីនាក់ដែលលួចបន្លំត្រូវបានគេថតជាប់។
បើទោះបីជាតួកគីជាសមាជិកសំខាន់របស់អង្គការ NATO ក៏ដោយ ខ្លួនកាន់តែឃ្លាតឆ្ងាយចេញពីសម្ព័ន្ធភាពអង្គការនេះ។ លោក Erdogan បានជ្រើសយកការវាយប្រហារទប់ទល់ទៅនឹងអាមេរិក និងសហភាពអឺរ៉ុបដែលទង្វើរបស់គាត់ត្រូវបានគាំទ្រដោយក្រុមប្រឆាំងបស្ចឹមប្រទេសដែលក្នុងនោះមានរុស្ស៊ីផងដែរ។ ក៏ប៉ុន្តែតួកគីនៅតែជាកត្តាមួយសំខាន់នៅក្នុងករណីប្រទេសស៊ីរី តាមរយៈការទប់ស្កាត់អន្តោរប្រវេសន៍ដែលហូរទៅកាន់អឺរ៉ុប និងការការពារ        សម្ព័ន្ធភាពប្លុកខាងកើត។​
ប្រទេសនៅក្នុងអង្គការ NATO គួរតែធ្វើអ្វីដែលពួកគេអាចធ្វើបានដើម្បីកាត់បន្ថយនិន្នាការក្តោបក្តាប់អំណាចរបស់ Erdogan ក្នុងពេលជាមួយគ្នានោះ លើកទឹកចិត្តឱ្យមានប្រជាធិបតេយ្យនៅតួកគី។​
នៅទីបញ្ចប់ បើសិនជាប្រជាធិបតេយ្យនៅក្នុងប្រទេសនេះត្រូវបានគេធ្វើឱ្យរស់រានឡើងវិញនោះ ដោយសារតែប្រជាជនតួកគីខ្លួនឯងមិនចង់បានប្រព័ន្ធដឹកនាំបែបផ្តាច់ការ ដែលដាក់កំហិតទៅលើពួកគេ ហើយពួកគេក៏ចង់ស្វែងរកវិធីច្រើនយ៉ាងដើម្បីទទួលបានសេរីភាពរបស់ពួកគេមកវិញផងដែរ៕

ប្រភព: New York Time ចុះថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧

No comments:

Post a Comment