Friday, April 21, 2017

ករណីលោក ជុន ច័ន្ទបុត្រ ត្រូវបានលោកឧបនាយករដ្ឋមន្រ្តី ស ខេង ឯកភាពតាមសំណើរបស់ពន្ធនាគារនិងកោះប្រជុំជាបន្ទាន់

អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ បានថ្លែងនៅមុននេះបន្តិចថា ករណីលោក ជុន ច័ន្ទបុត្របន្លំខ្លួនចូលពន្ធនាគារ ត្រូវបានលោកឧបនាយករដ្ឋមន្រ្តី ស​​ ខេង និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្រេចឯកភាពតាមសំណើរបស់អគ្គនាយកដ្ឋានពន្ធនាគារ ហើយក្រសួងមហាផ្ទៃ នឹងកោះប្រជុំថ្នាក់ដឹកនាំជំនាញៗជាបន្ទាន់ដើម្បីពិនិត្យឱ្យច្បាស់លាស់មុននឹងចាត់វិធានការ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ បានអះអាងទៀតថា លោកឧបនាយករដ្ឋមន្រ្តី ស ខេង បានសម្រេចមិនឱ្យតំណាងរាស្រ្តរបស់គណបក្សសង្រ្គោះជាតិ ចុះសាកសួរសុខទុក្ខអ្នកជាប់ឃុំទៀតឡើយចាប់ពីពេលនេះតទៅ ក្រោយពីមានករណីបន្លំខ្លួនចូលពន្ធនាគារពីសំណាក់លោក ជុន ច័ន្ទបុត្រ ដោយមានការឃុបឃិតគ្នាជាមួយតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ។
តាមការអះអាងរបស់មន្រ្តីនាយកដ្ឋានពន្ធនាគារបានឱ្យដឹងថា របាយការណ៍និងឯកសារច្បាប់ដែលដាក់ទៅក្រសួងមហាផ្ទៃ រួមមានភ្ជាប់ជាមួយនឹងសំណើមួយចំនួន ដើម្បីដាក់ជូនលោកឧបនាយករដ្ឋមន្រ្តី ស ខេង ដោយក្នុងនោះមានការស្នើកុំឱ្យ​តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ចុះសួរសុខទុក្ខសកម្មជនរបស់ខ្លួនតទៅទៀត និងស្នើឱ្យអគ្គស្នងការដ្ឋាននគរបាលជាតិ មានចំណាត់ការផ្លូវច្បាប់មួយចំពោះករណីនេះ។

សូមបញ្ជាក់ថា កាលពីព្រឹក ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោកស្រី មូរ សុខហួរ និង លោក ឡុង រី បាននាំលោក ជុន ច័ន្ទបុត្រ ឬ ហួត វុទ្ធី មេវិទ្យុអាស៊ីសេរីផ្សាយជាភាសាខ្មែរដោយបន្លំខ្លួនជាជំនួយការរបស់ពួកគាត់ចូលទៅ ពន្ធនាគារព្រៃស នាព្រឹក ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧នេះ ដើម្បីចុះសួរសុខទុក្ខសកម្មជនរបស់គណបក្សសង្រ្គោះជាតិ ចំនួន១៦នាក់ ដែលកំពុងជាប់ឃុំ នៅក្នុងពន្ធនាគារព្រៃស៕




No comments:

Post a Comment