Friday, April 21, 2017

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវឱ្យបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជាដើម្បីបន្ត សន្តិភាពនិងការអភិវឌ្ឍ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងថា តើសន្តិភាពរបស់ប្រទេសកម្ពុជា នឹងអាចរក្សាបានដែរឬទេ បើសិនគណបក្សប្រជាជនកម្ពុជាមិនកាន់អំណាច? ព្រោះតែការលាបពណ៌ ការជេរប្រទេច និងការប្រមាថមាក់ងាយដែលបង្កឡើងដោយក្រុមអ្នកប្រឆាំងនៅតែបន្តកើតមាននៅក្នុងសង្គមខ្មែរ។ លោក បានមានប្រសាសន៍ដូចនេះ ក្នុងឱកាសសំណេះសំណាលជាមួយកីឡាការិនី អ៊ុក ស្រីមុំ ដែលជាម្ចាស់មេដាយមាសពិភពលោក ផ្នែកកីឡាប៉េតង់កម្ពុជា នៅវិមានសន្តិភាព នារសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ជានិម្មិតរូបនៃសន្តិភាព ហើយថាបើបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជានោះ សន្តិភាព និងការអភិវឌ្ឍនេះនឹងនៅតែកើតមានបន្តទៅមុខទៀត។ ការផ្លាស់ប្តូរកន្លងទៅដែលកម្ពុជាធ្លាប់ជួបប្រទះ ជាការផ្លាស់ប្តូរពីសន្តិភាពទៅជាសង្រ្គាម។ កាលពីទស្សវត្សឆ្នាំ១៩៧០ លោក លន់ នល់ បានធ្វើការផ្លាស់ប្តូរពីរបបសង្គមរាស្រ្តនិយមដោយទម្លាក់សម្តេច សីហនុ ទៅជារបបសាធារណរដ្ឋខ្មែរដែលបង្កជាសង្រ្គាមនិងការផ្លាស់ប្តូរដ៏គ្រោះថ្នាក់ជាបន្តបន្ទាប់រហូតដល់របបប្រល័យពូជសាសន៍សម្លាប់មនុស្សរាប់លាននាក់។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា «នោះគឺផ្លាស់ប្តូរហើយ ពិតជាផ្លាស់ប្តូរមែន ផ្លាស់ប្តូរពីប្រទេសដែលមានសន្តិភាពក្នុងដំណាក់កាលក្រោមព្រះរាជកិច្ចដឹកនាំ របស់សម្តេចព្រះនរោត្តម សីហនុ ផ្លាស់ប្តូរទៅកាន់សង្រ្គាមមួយពិតប្រាកដ ហើយផ្លាស់ប្តូរជាបន្តបន្ទាប់រហូតដល់របបប្រល័យពូជសាសន៍ តើនេះជាការចង់បានរបស់អ្នកបោះឆ្នោតឬ?»។

ជាមួយគ្នានេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានអំពាវនាវឱ្យថែរក្សាសន្តិភាព ដែលកម្ពុជាមានសព្វថ្ងៃនេះដើម្បីកុំឱ្យរងគ្រោះដូចប្រទេសមួយចំនួននៅមជ្ឈឹមបូព៌ាក្នុងនោះមានប្រទេសអ៊ីរ៉ាក់ ស៊ីរី លីប៊ី ជាដើម៕









No comments:

Post a Comment