Tuesday, November 21, 2017

ទេសាភិបាលធនាគារជាតិនៃកម្ពុជា​ ជម្រាបជូន​លោកស្រី​ឯកអគ្គរដ្ឋទូតថ្មី​នៃប្រទេសបារាំង​ ពីវឌ្ឍនភាព​សេដ្ឋកិច្ចនៅកម្ពុជា​

កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី អេវ៉ា ង្វៀន ប៊ិញ ឯកអគ្គរដ្ឋទូតថ្មីនៃប្រទេសបារាំង ចូលជួបសម្តែងការគួរសម។

ក្នុងឱកាសនោះ លោក ជា ចាន់តូ បានជម្រាបជូនលោកស្រីឯកអគ្គរដ្ឋទូតថ្មីនៃប្រទេសបារាំង ពីវឌ្ឍនភាពសេដ្ឋកិច្ចនៅកម្ពុជា ដោយបានបញ្ជាក់ថា ប្រទេសកម្ពុជាសម្រេចបានកំណើនខ្ពស់ក្នុងរយៈពេលជាងពីរទសវត្សរ៍ចុងក្រោយនេះ ដោយសារមានស្ថិរភាពនយោបាយ និងសុខសន្តិភាពពេញលេញ។

ទន្ទឹមនេះដែរ លោកក៏បានជម្រាបជូនពីស្ថានភាពប្រព័ន្ធធនាគារ និងការកកើតរូបិយវត្ថុ រហូតដល់ពេលបច្ចុប្បន្ន។ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានបន្ថែមទៀតថា វឌ្ឍនភាពនៃប្រព័ន្ធធនាគារនៅកម្ពុជា បានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចនិងកាត់បន្ថយភាពក្រីក្រ។

ជាមួយគ្នានេះដែរ លោកស្រីឯកអគ្គរដ្ឋទូត ក៏បានកោតសរសើរចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលដែលបានរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងនយោបាយ និងបានកោតសរសើរពីសមិទ្ធផលនានាដែលធនាគារជាតិនៃកម្ពុជាសម្រេចបាន ក៏ដូចជាថ្លែងអំណរអគុណចំពោះលោកទេសាភិបាលធនាគារជាតិនៃកម្ពុជា ដែលបានអនុញ្ញាតឱ្យលោកស្រីចូលជួបសម្តែងការគួរសម៕




No comments:

Post a Comment