Tuesday, November 21, 2017

អតីតសមាជិកក្រុមប្រឹក្សាឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាមម្នាក់ទៀតហើយ​​ ​របស់គណបក្សសង្គ្រោះជាតិ បានប្រកាសសុំរួមរស់ជាមួយ​គណបក្សប្រជាជនកម្ពុជា​

កំពង់ចាម៖ ​​អតីតសមាជិកក្រុមប្រឹក្សាឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាមម្នាក់ទៀតហើយ របស់ គណបក្សសង្គ្រោះជាតិ ដែលទើបរលាយ បានប្រកាសចុះចូលជាមួយ គណបក្សប្រជាជនកម្ពុជា​ដោយសារតែ រូបគាត់ បានឃើញនូវអំពើក្បត់ជាតិរបស់មេគណបក្សសង្គ្រោះជាតិ ដែលបម្រើបរទេស។ នេះបើតាមលិខិតប្រកាសចុះចូល ដែលទទួលបាននៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។
ការសម្រេចដើរចេញរបស់អតីតមន្រ្តីគណបក្សសង្រ្គោះជាតិ​​​រូបនេះ បានធ្វើឡើងបន្ទាប់ពីតុលាការកំពូល បានកាត់ទោសរំលាយគណបក្សសង្រ្គោះជាតិ ដែលពាក់ព័ន្ធនឹង ការប្រព្រឹត្តអំពើក្បត់ជាតិ ព្រមទាំងបាន ហាមឃាត់សមាជិកជាន់ខ្ពស់របស់គណបក្សនេះ ចំនួន១១៨រូប មិនឱ្យធ្វើនយោបាយ រយៈពេល៥ឆ្នាំផងដែរ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។
អតីតមន្ដ្រីគណបក្សសង្គ្រោះជាតិរូបនេះ គឺលោក យ៉ុន ចាន់ អាយុ៥៥ឆ្នាំ រស់នៅភូមិស្យាអំពិល ឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
លោក យ៉ុន ចាន់ បាននិយាយថា លោកនឹងគាំទ្រគណបក្សប្រជាជនកម្ពុជាអស់មួយជីវិត ហើយនឹងហៅបងប្អូន មិត្តភ័ក្រទាំងអស់ចូលរួមបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដូចរូបគាត់ដែរ ដោយឥតងាករេឡើយ។
គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម បានប្រកាសស្វាគមន៍ និងទទួលសមាជិកសមាជិកាថ្មី មកពីអតីតគណបក្សសង្គ្រោះជាតិ​រូបនេះ ដែលសុំចូលរួមរស់ជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា បន្ទាប់ពីបានជ្រួតជ្រាបនូវអំពើក្បត់ជាតិរបស់មេបក្សខ្លួន។
សម្រាប់ការចុះចូលពីសំណាក់អតីតមន្រ្តីគណបក្សសង្គ្រោះជាតិខាងលើនេះ ត្រូវបាន លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ជាប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជា បានប្រកាសតាមបណ្តាញសង្គម Facebook ​របស់លោកថា «ការស្ម័គ្រចិត្តចុះចូលមកគណបក្សប្រជាជនកម្ពុជា មានឱសានវាទត្រឹមថ្ងៃទី២៤ ខែវិច្ឆិកាប៉ុណ្ណោះ ព្រោះការរៀបចំបញ្ជីក្រុមប្រឹក្សាឃុំសង្កាត់ថ្មី ដើម្បីបញ្ជូនទៅកាន់ គជប នឹងត្រូវបិទត្រឹមថ្ងៃទី២៤ ខែវិច្ឆិកា, ប្រសិនបើចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកាទៅ ការចុះចូលនៅតែបន្តដដែល ប៉ុន្តែមិនផ្តល់តួនាទីអ្វីនោះទេ»។
លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានអំពាវនាវឱ្យអតីតមន្រ្តីគណបក្សសង្រ្គោះជាតិ ដែលត្រូវបានតុលាការ កំពូលកាត់រំលាយ សូមប្រញាប់ប្រញាល់ចុះចូលជាមួយ គណបក្សប្រជាជនកម្ពុជា ដើម្បីទទួលបាននូវ តួនាទីឋានៈអ្វីៗដដែល ព្រោះការកំណត់ពេលវេលាត្រឹមថ្ងៃទី២៤ ខែវិច្ឆិកា នេះ ធ្វើឡើងតាមលក្ខខណ្ឌរបស់ គ.ជ.​ប ៕


No comments:

Post a Comment