Tuesday, November 21, 2017

តាមរយៈការចុះជួបកម្មករដោយផ្ទាល់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជួយដោះស្រាយបញ្ហាប្រឈម ដែលត្រូវបានរកឃើញដល់កម្មករភ្លាមៗ

នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញចុះសួរសុខទុក្ខកម្មករ-កម្មការិនី ដែលកំពុងធ្វើការនៅរោងចក្រកាត់ដេរសំលៀកបំពាក់នៃក្រុមហ៊ុន GIN SOVANN FASHION (Cambodia ) Limited ដែលស្ថិតក្នុងភូមិច្រេស សង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បច្ចុប្បន្ន ក្រុមហ៊ុនមានកម្មករ-កម្មការិនីខ្មែរ ធ្វើការប្រមាណជាង ១,០០០នាក់ ធ្វើការផ្នែកកាត់ដេរសំលៀកបំពាក់កូនក្មេង និងមនុស្សធំ ដើម្បីនាំចេញទៅទីផ្សារអ៊ឺរ៉ុប កាណាដា និងសហរដ្ឋអាមេរិក។ នេះបើយោងតាមការបង្ហោះផ្សាយនៅក្នុងទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្តែងសេចក្តីសប្បាយរីករាយ ដែលមានឱកាសបានចុះមកជួបសួរសុខទុក្ខ និងសំណេះសំណាលជាមួយកូនក្មួយកម្មករដោយផ្ទាល់ដើម្បីបានដឹងពីស្ថានភាពការងារ និងជីវភាពរបស់កម្មករកម្មការិនី និងបានថតរូបអនុស្សាវរីយ៍ Selfie យ៉ាងរីករាយផងដែរ។

ក្នុងឱកាសនោះផងដែរ លោកក៏បានជួបកម្មការិនីមានផ្ទៃពោះចំនួន២៣នាក់ ដែលកំពុងបម្រើការងារក្នុងរោងចក្រនេះ ព្រមទាំងបានផ្តល់ថវិកាឧបត្ថម្ភមួយចំនួនសម្រាប់ជួយពេលសម្រាលកូន។ ក្នុងពេលជួបសំណេះសំណាលនោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ថា ការចុះជួបដោយផ្ទាល់ជាមួយកូនក្មួយកម្មករនិយោជិតគឺមិនមែនជារឿងចៃដន្យ ឬរឿងកំប៉ិកកំប៉ុកនោះឡើយ។ នេះគឺជាពេលវេលាសមស្របដើម្បីបានស្វែងយល់អំពីស្ថានភាពសុខទុក្ខការងារកូនក្មួយកម្មករផង និងដើម្បីជំរុញគោលនយោបាយឧស្សាហកម្មជាតិ (២០១៥ -២០២៥) ផង។ តាមរយ:កម្មវិធីសំណេះសំណាលនេះ លោក ហ៊ុន សែន បានរកឃើញបញ្ហាប្រឈមមួយចំនួនរបស់កូនក្មួយកម្មករ-កម្មការិនីក្នុងពេលបម្រើការងារ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានរកឃើញ និងបានផ្តល់នូវដំណោះស្រាយសមស្របជាបន្តបន្ទាប់ដែលបានធ្វើឱ្យកម្មកររីករាយសប្បាយចិត្តគ្រប់ៗគ្នា។ គួរបញ្ជាក់ថា ចាប់តាំងពីពេលដែលលោកបានអញ្ជើញចុះជួបកូនក្មួយកម្មករ លោកបានដោះស្រាយបញ្ហា និងផ្តល់នូវកញ្ចប់អត្ថប្រយោជន៍ជាបន្តបន្ទាប់ដល់កម្មករ និងនិយោជិត ដែលបានលើកទឹកចិត្តដល់អ្នកវិនិយោគិនក្នុងការជួយលើកកម្ពស់ជីវភាពរស់នៅរបស់កម្មករឱ្យកាន់តែប្រសើរឡើង៕








No comments:

Post a Comment