Tuesday, November 21, 2017

អ្នកនាំពាក្សគណបក្សប្រជាជនកម្ពុជា លើកឡើងថាលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាមិនស្លាប់តាមពួកក្រុមអ្នកនយោបាយទុច្ចរិតទេ

លោក សុខ ឥសាន អ្នកនាំពាក្សគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានលើកឡើងថា ការចាត់វិធានការណ៍ផ្លូវច្បាប់ចំពោះបណ្តាជនល្មើសច្បាប់ ជាពិសេសពួកក្រុមជនក្បត់ជាតិ លក់ក្បាលឲ្យបរទេស អនុវត្តផែនការរបស់បរទេសប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ គឺជាការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជាស្របតាមស្មារតីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ថ្ងៃ២៣ តុលា ឆ្នាំ១៩៩១។ ម៉្យាងទៀត ក៏ជាការវាយសំពងទៅលើពួកប្រតិកិរិយាបរទេសនិងពួកអាយ៉ងដែលប៉ុនប៉ងបំផ្លាញសន្តិភាព ស្ថេរភាពនយោបាយ និងសេចក្តីសុខរបស់ប្រជាជនកម្ពុជា ចង់នាំកម្ពុជាឲ្យធ្លាក់ទៅក្នុងគ្រោះមហន្តរាយដូចពីអតីតកាល ។
លោក សុខ ឥសាន បានបញ្ជាក់ថា ក្រោយការវាយកម្ទេចឧបាយកលដ៏ពិសពុលរបស់ជនក្បត់ជាតិ និងបក្ខពួក ផ្ទៃមេឃកម្ពុជាប្រែជាស្រឡះ អស់ពពកខ្មៅងងឹត ដែលបង្កលក្ខណៈឲ្យប្រជាជនកម្ពុជាបានធូរស្បើយក្នុងអារម្មណ៍ មានឱកាសធ្វើដំណើរទៅមុខប្រកបដោយសេចក្តីសុខក្សេមក្សាន្តក្នុងការរស់នៅប្រកបរបររកស៊ីចិញ្ចឹមជីវិតដោយសេរី គ្មានការរំខានដូចពេលមានបក្សប្រឆាំង ដែលតែងតែអុកឡុកសភាពការណ៍ស្រុកទេសឲ្យវឹកវរជាប្រចាំនោះ។
លោក សុខ ឥសាន បានបញ្ជាក់ទៀតថា ក្នុងសភាពការណ៍នយោបាយល្អប្រសើរ ក្រោយក្រុមពួកក្បត់ជាតិ លក់ឧត្តមគតិឲ្យបរទេសត្រូវរំលាយនោះ លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា នៅតែដំណើរការ និងមានលក្ខណៈល្អប្រសើរ រីកចម្រើនទៅមុខថែមទៀត។ ដូច្នេះលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា នៅតែរីកចម្រើន និងវិវត្តន៍ទៅមុខយ៉ាងរឹងមាំមិនចប់តាម ក្រុមជនអ្នកនយោបាយទុច្ចរិតក្បត់ជាតិនោះទេ៕



No comments:

Post a Comment