Tuesday, November 21, 2017

អតីតជំទប់ទី១ និងសមាជិកក្រុមប្រឹក្សាឃុំបក្សសង្គ្រោះជាតិ ក្នុងស្រុកកោះសូទិនចំនួន៤នាក់ សុំចូលរួមរស់ជាមួយបក្សប្រជាជនកម្ពុជា

កំពង់ចាម ៖ អតីតជំទប់ទី១ និងសមាជិកក្រុមប្រឹក្សាឃុំ ក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាមសរុប៤នាក់ របស់គណបក្សសង្គ្រោះជាតិ ដែលទើបរលាយ បានប្រកាសចុះចូលជាមួយ គណបក្សប្រជាជនកម្ពុជា ដោយសារតែពួកគាត់ បានឃើញនូវអំពើក្បត់ជាតិរបស់មេគណបក្សសង្គ្រោះជាតិ ដែលបម្រើបរទេស។ នេះបើតាមលិខិតប្រកាសចុះចូល ដែលទទួលបាននៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។

ការសម្រេចដើរចេញរបស់អតីតមន្រ្តីគណបក្សសង្រ្គោះជាតិទាំង៤រូបនេះ បានធ្វើឡើងបន្ទាប់ពីតុលាការកំពូល បានកាត់ទោសរំលាយគណបក្សសង្រ្គោះជាតិ ដែលពាក់ព័ន្ធនឹង ការប្រព្រឹត្តអំពើក្បត់ជាតិ ព្រមទាំងបានហាមឃាត់សមាជិកជាន់ខ្ពស់របស់គណបក្សនេះ ចំនួន១១៨រូប មិនឱ្យធ្វើនយោបាយ រយៈពេល៥ឆ្នាំផងដែរ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។

អតីតមន្ដ្រីគណបក្សសង្គ្រោះជាតិទាំង៤រូបនេះ៖
ទី១: លោក ឡូវ ណារ៉េន អាយុ៥៨ឆ្នាំ រស់នៅភូមិវាល ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ជាជំទប់ទី១, ទី២: លោក សុខ ឡេវ អាយុ៧០ឆ្នាំ រស់នៅភូមិវាល ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន សមាជិក្រុមប្រឹក្សាឃុំ, ទី៣: លោក សេង ស្រាន់ អាយុ៥៨ឆ្នាំ រស់នៅភូមិកំពង់ស្ដីលើ ឃុំកំពង់រាប ស្រុកកោះសូទិន សមាជិកក្រុមប្រឹក្សា, និងទី៤: លោក ស្រេង អ៊ី អាយុ៥២ឆ្នាំ រស់នៅភូមិកំពង់ស្ដីលើ ឃុំកំពង់រាប ស្រុកកោះសូទិន ជាជំទប់ទី១។

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម បានប្រកាសស្វាគមន៍ និងទទួលសមាជិកសមាជិកាថ្មី មកពី អតីតគណបក្សសង្គ្រោះជាតិទាំង៤រូបនេះ ដែលសុំចូលរួមរស់ជីវភាពនយោបាយជាមួយ គណបក្ស ប្រជាជនកម្ពុជា បន្ទាប់ពីបានជ្រួតជ្រាបនូវអំពើក្បត់ជាតិរបស់មេបក្សខ្លួន។

សម្រាប់ការចុះចូលពីសំណាក់អតីតមន្រ្តីគណបក្សសង្គ្រោះជាតិខាងលើនេះ ត្រូវបាននាយករដ្ឋមន្រ្ដី ហ៊ុន សែន ជាប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជា បានប្រកាសតាមបណ្តាញសង្គម Facebook របស់លោកថា «ការស្ម័គ្រចិត្តចុះចូលមកគណបក្សប្រជាជនកម្ពុជា មានឱសានវាទត្រឹមថ្ងៃទី២៤ ខែវិច្ឆិកាប៉ុណ្ណោះ ព្រោះការរៀបចំបញ្ជីក្រុមប្រឹក្សាឃុំសង្កាត់ថ្មី ដើម្បីបញ្ជូនទៅកាន់ គជប នឹងត្រូវបិទត្រឹមថ្ងៃទី២៤ ខែវិច្ឆិកា៕





No comments:

Post a Comment