Tuesday, November 21, 2017

ខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ​ និងពិគ្រោះយោបល់​របស់ក្រុមប្រឹក្សា​ខេត្ត​ អាណត្តិទី២​ ក្នុងគោលដៅទី៣​

សៀមរាប៖ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ រដ្ឋបាលខេត្តសៀមរាប បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី២ ក្នុងគោលដៅទី៣ ក្រោមអធិបតីភាពលោក នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សង់ រីហា អភិបាលរងខេត្ត តំណាងអភិបាលខេត្ត និងលោក សឺង គង់ តំណាងអាជ្ញាធរជាតិអប្សរា។ ក្នុងវេទិកានោះក៏មានការចូលរួមពីស្រុកចំនួន៣រួមមាន៖ ស្រុកសូទ្រនិគម ស្រុកស្វាយលើ និងស្រុកជីក្រែង ដែលមានសមាសភាពសរុបចំនួន៦៧៥នាក់ ស្រី១៨៦នាក់។

ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ បងប្អូនប្រជាពលរដ្ឋបានលើកឡើងនូវបញ្ហាសំខាន់ចំនួន៣ រួមមានបញ្ហាហេដ្ឋារចនាសម្ព័ន្ធ បរិស្ថាន ទឹកស្អាត អប់រំ ព្រៃឈើក្នុងតំបន់ឧទ្យានជាតិ តម្លៃកសិផល និងប្រព័ន្ធធារាសាស្ត្រដែលកើតឡើងនៅមូលដ្ឋានរបស់ពួកគាត់។

ជាមួយនឹងការលើកសំណួរ សំណូមពរខាងលើត្រូវបានមន្ទីរ អង្គភាពពាក់ព័ន្ធបានឆ្លើយបំភ្លឺនៅនឹងកន្លែងភ្លាមៗ។ ដោយឡែក ចំពោះសំណួរ សំណូមពរជាលាយលក្ខអក្សអង្គវេទិកានឹងឆ្លើយបំភ្លឺនៅពេលក្រោយ។

ក្នុងឱកាសនោះដែរ លោកប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានផ្សព្វផ្សាយដល់វេទិកាអំពីការបំពាក់ដៃ-ជើងសិប្បនិមិត្ត ចាប់ថ្ងៃទី២០ ដល់ ២៤ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅមជ្ឈមណ្ឌលស្តារសម្បទាខេត្ត។

ជាមួយគ្នានេះដែរ លោកនាយកទីចាត់ការរដ្ឋបាល ក៏បានផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋ អំពីបញ្ហាការកែសម្រួលសំបុត្រអត្រានុកូលដ្ឋាន និងការធ្វើមោឃភាពដែលក្រសួងមហាផ្ទៃ បានធ្វើការកំណែទម្រង់ ដោយបានផ្លាស់ប្តូរនីតិវិធីក្នុងការកែតម្រូវពីស្ថាប័នតុលាការ មកកែសម្រួលនៅក្រសួងមហាផ្ទៃវិញ។

សូមបញ្ជាក់បន្ថែមផងដែរថា ការកែតម្រូវសំបុត្រកំណើតត្រូវបញ្ជាក់តាមរយៈឃុំ សង្កាត់ ក្រុង ស្រុក រាជធានី ខេត្ត រួចបញ្ជូនទៅក្រសួងមហាផ្ទៃ៕






No comments:

Post a Comment