Tuesday, November 21, 2017

អ្នកនាំពាក្យគណបក្សកាន់អំណាច លើកឡើង៤ចំណុច ដែលឆ្លុះបញ្ចាំងពីសភាពការណ៍កម្ពុជា

លោក សុខ ឥសាន អ្នកនាំពាក្សគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា នូវចំណុចសំខាន់ៗចំនួន៤ ដែលឆ្លុះបញ្ចាំងពីសភាពការណ៍ទូទៅនៅក្នុងប្រទេសកម្ពុជា ដែលក្នុងនោះរួមមាន៖

១-រាជរដ្ឋាភិបាលកម្ពុជា មានការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងដំណើរការឆ្ពោះទៅរកការបោះឆ្នោតនាខែកក្កដា២០១៨ តាមការគ្រោងទុក និងស្របតាមរដ្ឋធម្មនុញ្ញ ដែលក្នុងការបោះឆ្នោតនោះ មានគណបក្សជាច្រេីនចូលរួមប្រកួតប្រជែង ស្របតាមគោលការណ៏ប្រជាធិបតេយ្យសេរីពហុបក្ស ។

២- ទោះបីគ្មានវត្តមានបក្សនយោបាយមួយ ដែលត្រូវបានរំលាយដោយតុលាការកំពូល ក៏នៅមានគណបក្សនយោបាយច្រើនទៀត ធ្វើសកម្មភាពស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ និងស្មើភាពគ្នារវាងគណបក្សនឹងគណបក្សដែរ។ ដូចនេះ លទ្ធិប្រជាធិបតេយ្យនឹងនៅតែមានជីវិតរស់រវើក មិនមែនអត់ពីបក្សប្រឆាំងមួយទៅ ប្រជាធិបតដយ្យនៅកម្ពុជាត្រូវស្លាប់នោះទេ។ ពីមុនឆ្នាំ២០១៣ មិនទានមានវត្តមានគណបក្សសង្គ្រោះជាតិទេ ហេតុដូចម្តេចបានជាកម្ពុជាមានប្រជាធិបតេយ្យទៅបាន?

៣-ស្ថាប័នរដ្ឋសភានៅតែជាតំណាងស្របច្បាប់របស់ប្រជាជនកម្ពុជា។ ការរំលាយគណបក្សប្រឆាំង និងការបែងចែកអសនៈឲ្យគណបក្សដទៃ គឺអនុវត្តស្របតាមននីតិវិធីដែលមានចែងក្នុងច្បាប់ ដែលកសាងឡើងដោយរដ្ឋសភាជាតិ តំណាងឆន្ទៈរបស់ប្រជាជនពិតៗ។ ចំណែកបក្សប្រឆាំង ដែលបានបោះបង់ចោលឆន្ទៈរាស្ត្រ ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ ពោលគឺត្រូវតុលាការកំពូលរំលាយនោះឯង។

៤-នយោបាយការបរទេសរបស់កម្ពុជា ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ គឺកសាង និងពង្រីកមិត្តភាព សាមគ្គីភាព ជាមួយគ្រប់ប្រទេសលើពិភពលោក ដោយមិប្រកាន់និន្នាការនយោបាយ ព៌ណសម្បុរ ជាតិសាសន៍ ឬប្រទេសតូច-ធំឡើយ។ ទំនាក់ទំនងកម្ពុជាជាមួយមិត្តអន្តរជាតិ គឺឈរលើគោលការណ៍គោរពគ្នា ស្មើភាព ស្មើសិទ្ធិ និងមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង។ ដូច្នេះមិនថាអាមេរិក ក៏ដូចប្រទេសចិនដែរ សុទ្ធតែជាមិត្តរបស់កម្ពុជាដូចគ្នា។ ចំពោះជំនួយ កម្ពុជាទទួលយកទាំងអស់ ទោះផ្តល់ដោយប្រទេសណាក៏ដោយ ទោះតិចក្តី ច្រើនក្តី គឺកម្ពុជាស្វាគមន៍ទាំងអស់ ។ ប៉ុន្តែកម្ពុជាមិនអាចយកឯករាជ្យភាព និងអធិបតេយ្យភាពជាតិ ទៅដោះដូរជាមួយជំនួយបរទេសជាដាច់ខាត ហើយដាច់ខាតមិនលក់ក្បាលឲ្យបរទេស បម្រើបរទេស បំផ្លាញឯករាជ្យ និងអធិបតេយ្យភាពជាតិឡើយ ៕


No comments:

Post a Comment