Tuesday, November 21, 2017

សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង រៀបចំបើកវគ្គបំប៉នស្តីពី យេនឌ័រ និងពិពិធភាព

ស្វាយរៀង៖ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានបើកវគ្គបំប៉នស្តីពីយេនឌ័រ និងពិពិធភាព។ វគ្គបណ្តុះបណ្តាលនេះ មានរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយមានការសម្របសម្រួលពីមន្ត្រីថ្នាក់កណ្តាលកាកបាទក្រហមកម្ពុជា និងមន្ត្រីជំនាញ មកពីក្រសួងកិច្ចការនារី ក្រោមការឧបត្ថម្ភថវិកាពីសហពន្ធ័អន្តរជាតិ កាកបាទក្រហមអឌ្ឈចន្ទក្រហម តាមរយៈកាកបាទក្រហមកម្ពុជា។

ពិធីនេះបានការអញ្ជើញចូលរួមពី លោកស្រី មុំ ចន្ធី នាយិការរងនាយកដ្ឋានសុខភាពកាកបាទក្រហមកម្ពុជា លោក សរ វណ្ណា នាយកសាខា ព្រមទាំងលោក លោកស្រី ជាក្រុមប្រតិបត្តិសាខាទាំង២៥ រាជធានីខេត្ត សរុបចំនួន២៦នាក់ ក្នុងនោះមានស្ត្រី៨នាក់ ។

លោកស្រី មុំ ចន្ធី បានជម្រាបជូនពីគោលបំណង នៃវគ្គបណ្តុះបណ្តាលនេះថា គឺដើម្បីលើកកម្ពស់គោលនយោបាយយេនឌ័រ និងពិពិធភាព បង្កើនចំណេះដឹង និងសមត្ថភាព អំពីយេនឌ័រ និងពិពិធភាព ដល់មន្ត្រីកាកបាទក្រហមកម្ពុជា ព្រមទាំងយកចំណេះដឹងទាំងនេះ ទៅផ្សព្វផ្សាយបន្ត និងធ្វើ សមាហរណកម្មនៅក្នុងផែនការអភិវឌ្ឈន៍របស់សាខា។

ការបើកវគ្គបំប៉ននេះលោក សរ វណ្ណា នាយកសាខា តំណាងលោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា មានប្រសាសន៍ថា កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានបង្កើនការយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីអភិវឌ្ឈន៍ ធនធានមនុស្សដែលមានសមត្ថភាព និងបទពិសោធន៍គ្រប់គ្រាន់ និងប្រកបដោយទឹក ចិត្តមនុស្សធម៌ សំដៅចូលរួមចំណែក អភិវឌ្ឈប្រទេសជាតិ ៕






No comments:

Post a Comment