Tuesday, November 21, 2017

លិខិតមិត្តអ្នកអាន៖ អ្នកមិនស្មោះត្រង់នឹងជាតិ តែស្មោះត្រង់នឹងបក្ស

ពិតជាគ្មានអ្វីដែលគួរឱ្យភ្ញាក់ផ្អើលឡើយដែលអនុប្រធាន និងសមាជិកគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោតចំនួនបីរូប មកពីកូតាគណបក្សសង្គ្រោះជាតិ បានសម្រេចចិត្តលាលែង ចេញពីតំណែងនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ បន្ទាប់ពីគណបក្សខ្លួនត្រូវបានតុលាការកំពូល សម្រេចរំលាយចោល ដោយសារតែរំលោភរដ្ឋធម្មនុញ្ញយ៉ាងធ្ងន់ធ្ងរនិង បំពានច្បាប់ស្តីពី គណបក្សនយោបាយដែលទៅឃុបឃិត និងទទួលបញ្ជាពីបរទេស មកបំផ្លាញខ្មែរ។

មិនភ្ញាក់ ផ្អើលពីព្រោះ គួយ ប៊ុនរឿន, រ៉ុង ឈុន និង តែ ម៉ានីរ៉ុង ក្នុងចំណោមសមាជិក៤ រូបដែលមក ពីគណបក្សសង្គ្រោះជាតិ មិនបានគិតពីផលប្រយោជន៍ជាតិ និងប្រជាជនដោយសេចក្តីស្មោះត្រង់ និងធ្វើជាអាជ្ញាកណ្តាលដ៏ត្រឹមត្រូវឡើយ ប៉ុន្តែបានបម្រើផលប្រយោជន៍បក្សពីក្រោយ ខ្នងក្រោមរូបភាពជាសមាជិក គ.ជ.ប. ទោះបីជានៅពេលចូលកាន់តំណែង ត្រូវធ្វើពិធីសម្បថ ថាមិនប្រកាន់បក្សពួកក្តី។

នៅក្នុងលិខិតលាលែងរបស់ខ្លួន គួយ ប៊ុនរឿន, រ៉ុង ឈុន និងតែ ម៉ានីរ៉ុង បានរៀបរាប់យ៉ាងវែង អន្លាយការពារអតីតគណបក្សសង្គ្រោះជាតិ ការពារអំពើក្បត់ជាតិរបស់បក្សនេះ និងថាខ្លួន មិនអាចបន្តបម្រើការងារបន្តទៀត បានទេព្រោះក្បត់ឧត្តមគតិ មនសិការ និងក្បត់ ឆន្ទៈពិត ប្រាកដរបស់ប្រជារាស្ត្រម្ចាស់ឆ្នោត នាំឱ្យជាប់ឈ្មោះអាក្រក់ ក្នុងប្រវត្តិសាស្ត្រ។
ហេតុផលស្តាប់ទៅដូចជាគ្រាន់បើ ប៉ុន្តែបើពិនិត្យឱ្យច្បាស់អ្នកទាំងបីនេះកំពុងតែឈឺចិត្ត និង ខកចិត្តយ៉ាងខ្លាំងពេលបក្សសង្គ្រោះជាតិត្រូវបានរំលាយ ធ្វើឱ្យក្តីសង្ឃឹមរបស់ខ្លួន រលាយដូច អំបិលត្រូវទឹក។ នេះក៏បានបង្ហាញយ៉ាងច្បាស់ថាសមាជិកទាំងបីរូបនេះ ទោះបីជាបាន លាលែងពីសមាជិកភាពបក្ស និងបានស្បថចូលកាន់តំណែងជាអនុប្រធាន និងសមាជិក គ.ជ.ប រួច ហើយក៏ដោយ ក៏ចិត្តគំនិតនិងមនសិការមិនបានបម្រើជាតិពិតប្រាកដឡើយ គឺបម្រើផលប្រយោជន៍បក្សជាធំដើម្បី សម្រេចគោលបំណងចុងក្រោយនៅឆ្នាំ២០១៨របស់ក្រុមខ្លួន។

ប៉ុន្តែជាអកុសលបំណងឡើងកាន់អំណាច ដោយប្រើកម្លាំងមហាជនតាមទម្រង់បដិវត្តន៍ពណ៌ របស់គណបក្សសង្គ្រោះជាតិត្រូវបានបរាជ័យទាំងស្រុង និងបានធ្វើឱ្យបក្សរលាយ ចំណែកឯមេដឹកនាំបក្សនេះត្រូវបានចាប់ខ្លួនពីបទក្បត់ជាតិ និងអ្នកខ្លះទៀតកំពុងរត់គេចខ្លួនដោយសារ តែមានការជាប់ពាក់ព័ន្ធនឹងផែនការក្បត់ជាតិ។ ចុះប្រសិនបើបក្សខ្លួនត្រូវបានរំលាយ បាត់ទៅហើយតើពួកគេនៅបន្តបម្រើការងារធ្វើអ្វីទៀត?

ប្រសិនបើ គួយ ប៊ុនរឿន, រ៉ុង ឈុន និងតែ ម៉ានីរ៉ុង តម្កល់ផលប្រយោជន៍ជាតិជាធំ ពិតប្រាកដមែន នោះពួកគេនឹងមិនដាក់ពាក្យលាលែងពីតំណែងឡើយ ខណៈលោក ហ៊ីង ធីរិទ្ធ សមាជិក គ.ជ.ប. កូតារបស់អតីតគណបក្សសង្គ្រោះជាតិប្រកាសមិនលាលែងតំណែង របស់លោកតាម សហការីទាំងបីរបស់ខ្លួនឡើយ និងបានប្រកាសថា បន្តបំពេញការងារតួនាទីរបស់លោកជាធម្មតា។ លោកគូសបញ្ជាក់ថា គ.ជ.ប. ជាស្ថាប័នឯករាជ្យ។

សមាជិក គ.ជ.ប ទាំងបីនេះ គឺជាមនុស្សជំនិតនឹង សម រង្ស៊ី ហើយបានស្វិតស្វាញ ក្នុងការបម្រើបក្សប្រឆាំង នាពេលកន្លងមក។ គួយ ប៊ុនរឿន ត្រូវបាន សម រង្ស៊ី ផ្តល់ទំនុកចិត្តកាន់ការងារបោះឆ្នោត ដែលពួកគេមានជំនឿថាគាត់នឹងជួយជ្រោមជ្រែងគណបក្សសង្គ្រោះជាតិ ឱ្យមានប្រៀបក្នុងការរៀបចំការងារផ្សេងៗ ទាក់ទងនឹងការបោះឆ្នោត និងជាសំឡេងរបស់បក្សសង្គ្រោះជាតិ។ ចំណែក រ៉ុង ឈុន វិញ បានអ្នកគាំទ្របុព្វហេតុបក្សប្រឆាំងជាយូរណាស់មកហើយក្រោមរូបភាពសមាគម គ្រូបង្រៀនឯករាជ្យដែលធ្វើសកម្មភាពបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាល ក៏ដើម្បីស្វែងរកប្រជាប្រិយភាព បក្សប្រឆាំង។

ហេតុដូច្នេះហើយបានជាបក្សប្រឆាំងជ្រើសរើសបេក្ខភាព រ៉ុង ឈុន ដើម្បីតំណាងឱ្យខ្លួន នៅក្នុង គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ ចំណែកលោកស្រី តែ ម៉ានីរ៉ុង ត្រូវ បានប្រភពខ្លះ បង្ហើបឱ្យដឹងថាមានការជាប់ សែស្រឡាយជាមួយក្រុមគ្រួសារទណ្ឌិត សម រង្ស៊ី ផងដែរ។
ដូច្មេះបើបក្សសង្គ្រោះជាតិត្រូវបានរំលាយទៅហើយ ពួកគេទាំងបីអ្នកដែលស្មោះត្រង់នឹងបក្ស បម្រើបក្សជាងស្មោះត្រង់នឹងជាតិគ្មានភាពចាំបាច់អ្វី ដែលត្រូវបន្តចំណាយ កម្លាំងបម្រើការងារ នៅក្នុងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទៀតទេ គឺមានតែលាលែងពីតំណែង ប៉ុណ្ណោះ។
នៅពេលនេះ ទើបពលរដ្ឋខ្មែរដឹងច្បាស់ថា តើនរណាបម្រើជាតិ និងប្រជាជនពិតប្រាកដ នរណាខ្លះដែល ឃុបឃិតនឹងគណបក្សបក្សក្បត់ជាតិ។ តើអត់ពី គួយ ប៊ុនរឿន រ៉ុង ឈុន និងតែ ម៉ានីរ៉ុង គ្មានមនុស្សជំនួសឬ? កៅអីរបស់ពួកគេទាំងបីនឹង ត្រូវជំនួសដោយតំណាង មកពី គណបក្សនយោបាយផ្សេងៗ ដែលនឹងទទួលបានអាសនៈនៅក្នុងរដ្ឋសភាក្រោយពីការយក អាសនៈនៅទំនេររបស់អតីតគណបក្សសង្គ្រោះជាតិបែងចែកសាជាថ្មី។
រដ្ឋសភានឹងធ្វើការអនុវត្តនីតិវិធីនេះតាមច្បាប់កំណត់ ហើយ គួយ ប៊ុនរឿន រ៉ុង ឈុន និង តែ ម៉ានីរ៉ុង សូមបន្តបម្រើ បក្សទៀតទៅចុះ ប៉ុន្តែសូមប្រយ័ត្ន ពេលដែលបញ្ចប់ តំណែងរបស់ ខ្លួនហើយ តិចច្រឡំថា គណបក្សសង្គ្រោះជាតិនៅ រស់រានមានជីវិតទៀត និងធ្វើសកម្មភាព ក្នុងនាមគណបក្ស សង្គ្រោះជាតិ ដូចក្រុមអ្នកនយោបាយអាណាថាមួយចំនួននៅក្រៅប្រទេសកំពុងធ្វើប្រយ័ត្នខុសនឹងមាត្រា ៤២ថ្មី នៃច្បាប់ស្តីពីគណបក្សនយោបាយចែងថា ជនទាំងឡាយណាដែល នៅតែបន្ត គ្រប់គ្រង ឬដឹកនាំគណបក្សនយោបាយដែលតុលាការបានសម្រេចរំលាយជាស្ថាពរ ឬនៅតែបន្តបើកទីស្នាក់ការគណបក្សនយោបាយ ទោះជាមានសេចក្តីសម្រេចស្ថាពរ របស់តុលាការ រំលាយគណបក្សនយោបាយនោះក៏ដោយ នឹងត្រូវប្រឈមមុខនឹងការពិន័យជាប្រាក់ពី ១០ លានដល់ ២០លានរៀលនិង/ឬផ្តាន្ទាទោសពី១ ខែដល់ ១ឆ្នាំ៕

ដោយ៖ ចៅ ចាក់ស្មុក



No comments:

Post a Comment