Tuesday, November 21, 2017

លោក សុខ ឥសាន បានចោទជាសំណួថា តើឯណាទៅស្តង់ដារសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ នៅលើលោកនេះ ?

នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ លោក សុខ ឥសាន អ្នកនាំពាក្សគណបក្សប្រជាជនកម្ពុជា បានចោទជាសំណួរថា តើឯណាទៅស្តង់ដារសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ នៅលើលោកនេះ ?
លោក សុខ ឥសាន បានលើកជាឧទាហរណ៍មកបញ្ជាក់ថា នៅពេលដែលមានការទម្លាក់គ្រាប់បែកសម្លាប់ប្រជាជនស្លូតត្រង់, ស្ត្រី, កុមារ និងមនុស្សចាស់ នៅបណ្តាប្រទេសនានា គេគ្រាន់តែនិយាយថា ជាការភាន់ច្រឡំ គឺចប់ តែគ្មានអ្នកប្រជាធិបតេយ្យ អ្នកសិទ្ធិមនុស្សស្រែកថ្កោលទោស និងប្តឹងទៅតុលាការឧក្រឹដ្ឋកម្មអន្តរជាតិទេគឺស្ងាត់ឱ្យឈឹងតែម្តង។

លោក សុខ ឥសាន បន្តថា នៅប្រទេសខ្លះ ធ្វើរដ្ឋប្រហារយោធាទម្លាក់រដ្ឋាភិបាលស្របច្បាប់ ដណ្តើមអំណាចស្រស់ៗ ដោយសារផលប្រយោជន៍ និងបក្ខពួក គ្មានអ្នកសិទ្ធិមនុស្ស និងអ្នកប្រជាធិបតេយ្យនិយាយមួយម៉ាត់ណាសោះ!
នៅពេលសម្លាប់ និងក្រោយពេលសម្លាប់លោក សាដាំ ហ៊ូសេន មេដឹកនាំប្រទេសអ៊ីរ៉ាក់ ដោយចោទថាផលិតអាវុធគីមីនាំឲ្យគ្រោះថ្នាក់ដល់ពិភពលោក ហើយក្រោយមករកមិនឃើញ ក៏គ្មានអ្នកណានឹកនារដែរ! គឺមានតែបំភ្លេចចោល ហើយមនុស្សបានស្លាប់យ៉ាងអយុត្តិធ៌មរួចទៅហើយ!

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបន្តទៀតថា នៅពេលដែលមេក្លោងធំដើរលក់អាវុធទូទាំងពិភពលោក គ្មានអ្នកណានិយាយពីការគំរាមកំហែងទេ តែបើប្រទេសតូចមួយ ឬពីរផលិតដើម្បីការពារខ្លួន គេនាំគ្នាស្រែកថា ជាការគំរាមកំហែងពិភពលោកទៅវិញ? លោកបានបន្ថែមទៀតថា នៅពេលដែលប្រជាជន កាតាឡូន សម្រចិត្តប្រកាសឯករាជ្យ រដ្ឋាភិបាលអេស្ប៉ាញបង្ក្រាប គ្មានអ្នកណានិយាយពីឆន្ទៈរាស្ត្រ និងសិទ្ធិសេរីភាព ក៏ដូចជាប្រជាធិបតេយ្យទេ សូម្បីប្រទេសសហគមន៏អឺរ៉ុបក៏ដោយ។ នៅកម្ពុជាវិញ នៅពេលដែលរដ្ឋាភិបាលចាត់វិធានការណ៍ផ្លូវច្បាប់ លើក្រុមជនក្បត់ជាតិ ដើម្បីការពារសន្តិភាព ការពារសេចក្តីសុខរបស់ប្រជាជន គេថារំលោភលទ្ធិប្រជាធិបតេយ្យ រំលោភឆន្ទៈរាស្ត្រ រំលោភសិទ្ធិមនុស្ស! និងនៅមានច្រើនរឿងទៀតដែលរដ្ឋាភិបាលទទួលរងការចោទប្រកាន់។ តើឯណាទៅស្តង់ដារសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ នៅលើលោកនេះ?


No comments:

Post a Comment