Wednesday, July 12, 2017

​មហាជន​បង្ហាញ​ការចាប់​អារម្មណ៍​ខ្លាំង​ចំពោះ​សារឆ្លង​ឆ្លើយ​នយោបាយ​ «៦ចំណុច»​ រវាង​មន្រ្តី​ជាន់ខ្ពស់​CNRP​ និង​អ្នកលេង Facebook

នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧នេះ មានការទម្លាយសារឆ្លងឆ្លើយនៃការវិភាគនយោបាយ៦ចំ​ណុចរវាងលោក សោរ ចាន់ដេត ជាសមាជិកព្រឹទ្ធសភាមកពីគណបក្ស សម រង្ស៊ី និងជាស​មា​ជិកក្រុមការងារខេត្តបន្ទាយមានជ័យ ជាមួយជនអនាមិកម្នាក់ជាអ្នកប្រើប្រាស់ Facebook ឈ្មោះ «ទីប្រឹក្សាប្រទេស» បង្ហាញចំណុចខ្លាំង និងខ្សោយរវាងគណបក្សប្រជាជនកម្ពុជានិងគ​ណ​បក្សស​ង្រ្គោះជាតិសម្រាប់ការបោះឆ្នោត២០១៨ខាងមុខ។
ខាងក្រោមនេះ គឺជាខ្លឹមសារឆ្លងឆ្លើយនយោបាយ «៦ចំណុច» រវាងមន្រ្តីជាន់ខ្ពស់ CNRP និងអ្នក​លេង Facebook បង្ហាញការវិភាគគួរឱ្យចាប់អារម្មណ៍៖
ខ្លឹមសារទាំងស្រុងលើ Facebook លោក សោរ ចាន់ដេត៖
ឆ្នាំ២០១៨ CPP នៅក្រោម៦០កៅអីសភា..! លក្ខណៈពិសេស៦ចំណុចនឹងធ្វើឱ្យគណបក្សសង្គ្រោះជាតិឈ្នះយ៉ាងពិតប្រាកដ នៅឆ្នាំ២០១៨៖
១- វិសោធនកម្មច្បាប់គណបក្សនយោបាយដើម្បីកំចាត់លោកប្រធាន សម រង្ស៊ី ឱ្យនៅក្រៅឆាក​នយោបាយ។
២- ពលករចំណាកស្រុកត្រឡប់មកពីប្រទេសសៀមវិញនឹងទៅចុះឈ្មោះនិងចូលរួមបោះឆ្នោតបន្ថែមទៀត។
៣- យុវជនទើបគ្រប់អាយុជាង៣០ម៉ឺននាក់នឹងទៅចុះឈ្មោះនិងចូលរួមបោះឆ្នោតបន្ថែមទៀត​
៤- អ្នកបោះឆ្នោតឱ្យគណបក្សប្រជាជនឆ្នាំនេះនឹងហែកមកបោះឆ្នោតជូនគណបក្សសង្គ្រោះជាតិនៅឆ្នាំ២០១៨ វិញ ប្រហែលជា៣០% (ព្រោះឃុំ-សង្កាត់ អាចពួកគាត់ មានមនោសញ្ចេត​នាជាមួយមេឃុំ ចៅសង្កាត់ចាស់)។
៥- អ្នកបោះឆ្នោតជូនគណបក្សប្រជាជនប្រហែលជា៥% នឹងអាចបាត់បង់ទៅវិញដោយសារកត្តាធម្មជាតិ (ស្លាប់)។
៦-ចំណុចចុងក្រោយនេះអាចថាជាកត្តាសង្គមសាស្ត្រ ឬជាកត្តាច្បាប់ធម្មជាតិក៏អាចថាបាន (ដល់ទីបញ្ចប់)។
ខាងក្រោមនេះ គឺជាខ្លឹមសារឆ្លើយតបនឹងលោក សោរ ចាន់ដេត ពីអ្នកប្រើប្រាស់ Facebook ឈ្មោះ «ទីប្រឹក្សាប្រទេស»
ប្អូន Sor chandeth ពេលបងអានអត្ថបទប្អូនផុសអំពីឆ្នាំ ២០១៨ Cpp នៅក្រោម៦០កៅអីសភា ធ្វើឱ្យបងដែលតាមដានរឿងនយោបាយដែរនោះនឹកដល់អ្នកវិភាគម្នាក់ឈ្មោះ សូ សមយុទ្ធ ដែលវិភាគពីក្រឡាអុកដែលមានត្រីបក៥របស់ជំរុំព្រះអាទិត្យដើម្បីវាយប្រហារផ្តាច់ព្រ័ត្រលើជំរុំ​ទេវតាដែលលទ្ធផលចុងក្រោយទៅជាផ្តាច់ព្រលឹងពួកជំរុំព្រះអាទិត្យវិញ ដែលទូកសេះគោលរាប់ទាំងត្រីបកទី៥ផង ត្រូវស្ថិតនៅក្នុងកំប៉ុង ចំណែកសហខុននៃជុំរំព្រះអាទិត្យបែរជារត់ចោលកូនចៅ ទៅសម្ងំដេកនៅមជ្ឈមណ្ឌលសិទ្ធិមនុស្សទៅវិញ។ រឿងដែលឈ្នះតាមបែបវិភាគលួងចិត្តខ្លួនឯងធ្វើឱ្យក្រុមពូខកចិត្តខ្លាំងណាស់ រហូតហាមឃាត់ខ្លួនឯងមិនឱ្យចូលរួមទៅក្នុងគណបក្សនយោបាយណាទៀតផង។
បងសាកល្បងបកស្រាយ៖
ចំណុចទី១- ដែលប្អូនលើកឡើងទាក់ទងនឹងវិសោធនកម្មច្បាប់ស្តីពីបក្សនយោបាយដែលក្មួយយល់ថា ផ្តល់ឱ្យសង្រ្គោះជាតិ និងខាតសម្រាប់ខាងគណបក្សប្រជាជនចំណុចនេះទាំងបង ទាំង​​ប្អូនគួរស្រាវជ្រាវបន្ថែម។ ល្បិចរបស់ ហ៊ុន សែន ពិបាកយល់ណាស់តែរឿងដែលប្អូន កឹម សុខា គ្រប់គ្រងបក្សទាំងមូលគឺជារឿងពិត។
ចំណុចទី២- ពលករចំណាកស្រុកដែលប្អូនលើក ប្អូនត្រូវចងចាំឱ្យច្បាស់ថាមានគេមានយើងមិនមែនសុទ្ធតែគាំទ្រយើងនោះទេ។
ចំណុចទី៣- ដែលប្អូនលើកឡើងថា យុវជន៣០ម៉ឺននាក់ នឹងចូលមកបោះឆ្នោតបន្ថែម។ តាមបងយល់យុវជនចូលរួមកាន់តែច្រើនខាង ហ៊ុន សែន កាន់តែចំណេញព្រោះ កូនៗ និងចៅៗខាងគណបក្សប្រជាជនមានចំនួនច្រើនជាងបក្សប្រឆាំង។ ជាឧទាហរណ៍ដូចគ្រួសារបុរសខ្លាំង ហ៊ុន សែន ជាគ្រួសារដ៏ធំមួយ តាមបងដឹងកូនក្មួយ និងចៅរបស់ ហ៊ុន សែន មានច្រើនណាស់ដល់អាយុបោះឆ្នោតនៅឆ្នាំក្រោយនេះ។ វាមិនខុសពីធ្វើស្រែធំជាងអស់ពូជច្រើនជាង ទទួលផលច្រើន ជាងអ្នកដែលធ្វើស្រែតូចជាងអស់ពូជតិចជាងនោះទេ។ ខាងប្រជាជនគេទទួលផលលើរឿងនេះរួចមកហើយ។ សន្លឹកឆ្នោត ដែលខាងប្រជាជនកើនជាង៣០ម៉ឺន​សម្លេងគឺភាគច្រើនយុវជនដែលជាកូនចៅរបស់មន្ត្រីខាង ហ៊ុន សែន នោះហើយ។ ខាងសង្គ្រោះជាតិកើនបានតែប្រមាណ៥ម៉ឺនសម្លេងប៉ុណ្ណោះ។ ទាញក្មេងៗទាំងនេះឱ្យបោះឆ្នោតប្រឆាំងឪពុក ម្តាយឬជីដូន ជីតារបស់គេ វាជារឿងដែលមិនអាចធ្វើបានទេ ម្យ៉ាងទៀតក្មេងៗទាំងនេះភាគច្រើនអប់រំបានល្អ។ សាកល្បងយកតែត្រកូលហ៊ុន១យកមកគិតក្នុងរយៈពេលពី ឆ្នាំ១៩៩៣ មកដល់ពេលនេះ។
ចំណុចទី៤- ខុសហើយប្អូន បែរផ្ទុយទៅវិញទេ អ្នកបោះឆ្នោត២០១៧ (ឃុំ-សង្កាត់) ដែលមិនបានបោះឱ្យ CPP ព្រោះមានខ្លះគេខឹងមន្រ្តីមូលដ្ឋានរបស់ពួកគាត់ ដែលបម្រើការងារមិនល្អ ឬពុករលួយ ពួកគេចង់ដូរមេឃុំ ឬចៅសង្កាត់ថ្មី, ប៉ុន្តែសម្រាប់ឆ្នាំ២០១៨ បោះឆ្នោតថ្នាក់ជាតិ ពួកគេស្រឡាញ់អ្នកដឹកនាំរបស់ពួកគេរួមមាន ហ៊ុន សែន និង ហេង សំរិន ដែលពួកគាត់បានកសាងសន្តិភាព និងអភិវឌ្ឍន៍ច្រើន, ជាក់ស្តែងកាលពីបងនៅក្មេងៗផ្លូវចូលផ្ទះពូនៅភ្នំពេញ លិចទឹកដល់ជង្គង់ ភ្លើងរដ្ឋមានដាច់មានដាច់វិញ ពិបាករស់នៅណាស់ ហើយបើចង់ទៅលេងខេត្តម្តងៗដល់កហើយ ជិះឡានម៉ូតូ វេទនាទម្រាំទៅដល់ ផ្លូវខូចក្រឡេកក្រឡុកច្រើនណាស់ ដូចផ្លូវទៅសៀមរាបអញ្ចឹង ប៉ុន្តែជាក់ស្តែងបច្ចុប្បន្ននេះសំណង់អគារធំៗ ផ្លូវស្អាត ប្អូនជិះទៅលេងខេត្តក៏ល្អដែរ តើមែនទេ ? ប្អូនត្រូវហ៊ានទទួលស្គាល់? បងសុំលើកមួយចំណុចទៀត និយាយអំពីការកសាងសន្តិភាព បងបានមើលវីដេអូ អំពីការតស៊ូរបស់ ហ៊ុន សែន ដើរចំនួន៥នាក់ ឆ្លងចូលព្រំដែនទៅពឹងវៀតណាម ដើម្បីមករំដោះប្រទេសចេញពីរបបក្បាលខ្មោច ប៉ុលពត ធ្វើឱ្យបងស្រក់ទឹកភ្នែក។ ប្អូនគិតមើលពេលដើរចូលទៅពឹងវៀតណាមនោះ យប់ក៏យប់ភ្លៀងក៏ភ្លៀង ចាកចោលប្រពន្ធដែលកំពុងមានផ្ទៃពោះ ចុះប្រសិនបើទាហានវៀតណាមបាញ់សម្លាប់ពួកគាត់ ឬក៏ជាន់មីន តើមានអ្នកណាខ្លះទៀត ហ៊ានគិតដល់ប្តូរជីវិតដើម្បីរំដោះប្រជាជនដែលកំពុងវេទនា សូម្បីប្អូនក៏បានគិតដល់ចំណុចនេះផងមែនទេ? ពេលបងមើលវីដេអូនេះហើយ បងបាននិយាយថា នេះហើយជា «អ្នកបង្កើតប្រទេសកម្ពុជា-Founder of Cambodia» នេះមិនមែនជាការលើកជើងទេ ប៉ុន្តែបងសុំនិយាយអ្វីដែលជាការពិតតែប៉ុណ្ណោះ។ ប្រសិនបើប្អូនធ្វើដូច ហ៊ុន សែន ក៏បងកោតសរសើរប្អូនដែរ។
ចំណុចទី៥- ការលើកឡើងរបស់ប្អូនលើចំណុចនេះ ពិតជាមនុស្សកំពូលសែនអាក្រក់រកលេខដាក់គ្មាន គិតតែប្រយោជន៍របស់បក្សពួករបស់ប្អូន តើប្អូនកំពុងបន់ស្រន់ឱ្យមនុស្សចាស់ស្លាប់មែន ? វាជាការប្រមាថដ៏ធ្ងន់ធ្ងរមួយសម្រាប់មនុស្សចាស់ ដើម្បីតែគណបក្សរបស់ខ្លួន ឯណាគោលនយោបាយរបស់គណបក្សប្រឆាំង ដែលហាមាត់និយាយផ្តល់លុយ និងជួយចិញ្ចឹមមនុ​ស្សចាស់ ? នេះជាទង្វើអកត្តញ្ញូនយោបាយហើយ ! តើបងអាចនិយាយបានថា ប្អូនកំពុងបន់ស្រន់ឱ្យមាមីងម្តាយឪពុក ឬជីដូនជីតារបស់ប្អូនស្លាប់មែនទេ?

ចំណុចទី៦- ការលើកឡើងរបស់ប្អូនអំពីកត្តាច្បាប់ធម្មជាតិដែលដល់ទីបញ្ចប់, មិនដូច្នេះទាំង​ស្រុងនោះទេ ប្អូនអាចមើលគណបក្សនយោបាយរបស់ជប៉ុនដែលកំពុងកាន់អំណាចសព្វថ្ងៃ មានអាយុកាលជាង៧០ឆ្នាំហើយ តាំងពីបញ្ចប់សង្រ្គាមលោកលើកទី២ មកម៉្លេះ។ ហើយជប៉ុនជាប្រទេសមហាអំណាចមួយ និងកំពូលប្រជាធិបតេយ្យលើលោកទៀតផង សូមប្អូនសាកគិតមើលម្តងទៀតមើល៍៕



No comments:

Post a Comment