Wednesday, July 12, 2017

រដ្ឋបាលព្រៃឈើខេត្តកំពង់ស្ពឺ ​រៀបចំប្រារព្ធ​ពិធីរុក្ខទិវា​ដាំដើមឈើ​ លើទំហំដី​ប្រមាណជាង​៤ហិកតា​ ក្នុងក្រុង​ច្បារមន​

រដ្ឋបាលព្រៃឈើខេត្តកំពង់ស្ពឺ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧នេះ បានរៀបចំប្រារព្ធពិធីរុក្ខទិវាដាំដើមឈើ ដែលមានទំហំដីប្រមាណជាង៤ហិកតា ស្ថិតនៅភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ក្រោមអធិបតីលោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក វ៉ី សំណាង អភិបាលខេត្ត រួមទាំងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋជិត ៦០០នាក់។

ប្រធានកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ លោក ឈៀង តុលា បានឲ្យដឹងថា សម្រាប់ឆ្នាំ២០១៧នេះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយអាជ្ញាធរខេត្ត បានកំណត់យកទីតាំងស្ថិតនៅភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ប្រារព្ធពិធីរុក្ខទិវា នៅលើផ្ទៃដីទំហំ៤ហិកតា ហើយកូនឈើដែលត្រូវយកមកដាំនៅក្នុងពិធីនេះ រួមមានប្រភេទឈើក្រញូង និងឈើបេង សរុបចំនួន៣,០០០ដើម។

លោក វ៉ី សំណាង បានឲ្យដឹងថា គោលបំណងសំខាន់នៃពិធីរុក្ខទិវានេះ គឺដើម្បីបំផុសស្មារតីចូលរួមស្តារ និងដាំដើមឈើឡើងវិញ ធ្វើឲ្យប្រសើរឡើងនូវសោភ័ណភាព ទេសភាពធម្មជាតិ បរិស្ថាន រក្សានិយតភាពប្រភពទឹក ការពារទីជម្រាល និងជីវចម្រុះ ព្រមទាំងចូលរួមកាត់បន្ថយការបញ្ចេញឧស្ម័នទៅបរិយាកាស និងជួយទ្រទ្រង់ជីវភាពរស់នៅ សម្រាប់ប្រជាពលរដ្ឋរាប់លាននាក់ ដែលពឹងអាស្រ័យទៅលើផលអនុផលព្រៃឈើ។

លោកបានបន្តថា ធនធានព្រៃឈើបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងបរិស្ថាន ជាពិសេសបានផ្តល់សារប្រយោជន៍ជាច្រើន ដល់សង្គមជាតិទាំង បច្ចុប្បន្ន និងអនាគត។

លោកអភិបាលខេត្ត បានបន្តទៀតថា យើងរួមគ្នាដាំដើមឈើ មិនតែប៉ុណ្ណោះពលរដ្ឋគ្រប់រូបមានភារកិច្ចថែរក្សាការពារប្រភពទ្រទ្រង់ជីវិតនេះ ដោយត្រូវចូលរួមថែរក្សាការពារអភិរក្ស និងអភិវឌ្ឍព្រៃឈើ ឲ្យមានប្រសិទ្ធិភាព និងនិរន្តរភាព ដើម្បីជាប្រយោជន៍ដល់មនុស្សជាតិយើងជំនាន់បច្ចុប្បន្ន និងជំនាន់ក្រោយៗទៀត។

លោកអភិបាលខេត្ត បានបន្ថែមថា ការប្រារព្ធរុក្ខទិវានៅថ្ងៃនេះ គឺក្នុងបំណងអបអរសាទរ រុក្ខទិវាថ្នាក់ជាតិនាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៧ ដែលព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានសព្វព្រះរាជហារទ័យ យាងក្នុងព្រះរាជពិធី «រុក្ខទិវា» ដែលបានប្រារព្ធឡើង នៅទីតាំងស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើទួលព្រេច ឃុំទួលព្រេច ស្រុកអង្គស្នួល ខេត្តកណ្តាល នាពេលកន្លងទៅ៕












No comments:

Post a Comment