Wednesday, July 12, 2017

ខេត្ត​ស្វាយរៀង​ រៀបចំ​ទិវាអន្តរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​

នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧នេះ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង មានរៀបចំទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមអធិបតីភាពលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តស្វាយរៀង។

មានប្រសាសន៍ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលេខាធិការដ្ឋាន នៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត ថ្នាក់ដឹកនាំ មន្ត្រីនគរបាល កងរាជអាវុធហត្ថ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ព្រមទាំងមន្ទីរ-អង្គភាពពាក់ព័ន្ធ ដែលបានសហការចូលរួមចំណែកយ៉ាងសកម្ម និងរស់រវើកលើកិច្ចការប្រយុទ្ធប្រឆាំងគ្រឿងញៀន ហើយសម្រេចបាននូវសមិទ្ធផលដ៏គួរឲ្យកត់សម្គាល់ ទាំងការងារផ្សព្វផ្សាយ បង្ការ បង្រ្កាប និងទប់ស្កាត់បទល្មើសគ្រឿងញៀន ជាពិសេសនៅក្នុងអំឡុងពេល នៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១ នាពេលកន្លងមក។

ពិធីនោះ ក៏មានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងទាំងបី ប្រធានមន្ទីរ-អង្គភាព អភិបាលក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ម្ចាស់ផ្ទះសំណាក់ សណ្ឋាគារ ខារ៉ាអូខេ ក្លឹបកម្សាន្តក្នុងខេត្ត អង្គការសង្គមស៊ីវិល លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សរុបប្រមាណ ៣៣១នាក់ ។

ក្នុងឱកាសនោះ លោកអភិបាលខេត្ត ក៏បានផ្ដាំផ្ញើនូវចំណុចសំខាន់ៗមួយចំនួនទៀតដល់អ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសកងកម្លាំងប្រដាប់អាវុធ អភិបាលក្រុង ស្រុក គ្រឹះស្ថានអប់រំ និងម្ចាស់ផ្ទះសំណាក់ សណ្ឋាគារ ខារ៉ាអូខេ ក្លឹបកម្សាន្តក្នុងខេត្ត ត្រូវចូលរួមក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ឲ្យកាន់តែមានសកម្មភាព និងមានវិសាលភាពទូលំទូលាយ និងប្រសិទ្ធភាពទ្វេឡើងថែមទៀត ដើម្បីកាត់បន្ថយឲ្យបានជាអតិបរមានូវផលប៉ះពាល់អវិជ្ជមាន និងការគំរាមកំហែងនានា ដែលបង្កឡើងដោយគ្រឿងញៀន៕









No comments:

Post a Comment