Wednesday, July 12, 2017

គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា បានអនុម័តទាំងស្រុង វិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ

លោក សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ បានអញ្ជើញដឹកនាំ អង្គប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា ដោយមានរបៀបវារចំនួន៣ ជាលទ្ធលផលអង្គប្រជុំ បានអនុម័តចំនួន៨សម្លេង នៃសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា «យល់ព្រមលើទម្រង់ នៃសេចក្ដីស្នើច្បាប់ និងប្រគល់ភារកិច្ចជូន គ.៦ ព្រឹទ្ធសភា ដើម្បីពិនិត្យសិក្សាដោយចាត់ទុកជាការប្រញាប់»។

កិច្ចប្រជុំនេះពិភាក្សាលើរបៀបវារៈទាំង៣រួមមាន៖ ទី១-ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យ និងយោបល់លើសេចក្ដីស្នើច្បាប់ស្ដីពី វិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ និងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ។ ទី២-ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យ និងឱ្យយោបល់លើសេចក្ដីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើ ការធានាទូទាត់ របស់រាជរដ្ឋាភិបាលឱ្យក្រុមហ៊ុន ខេមបូឌា អេនើជីII ឯ.ក និងទី៣-ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យ និងឱ្យយោបល់លើសេចក្ដីព្រាងច្បាប់ ស្ដីពីការអនុម័តយល់ព្រមលើការធានា ទូទាត់របស់រាជ រដ្ឋាភិបាលឱ្យក្រុមហ៊ុន អាឡិច ខបភើរេសិន។

នៅក្នុងរបៀបវារៈទី១-បន្ទាប់ពីបានស្ដាប់លោក ឡោក ឆាយ អគ្គលេខាធិការស្ដីទីព្រឹទ្ធសភា រាយការណ៍អំពីសំណើរបស់រដ្ឋសភា សុំឱ្យព្រឹទ្ធសភាពិនិត្យនិង ឱ្យយោបល់ដោយចាត់ទុក ជាការប្រញាប់ លើសេចក្ដីស្នើច្បាប់ ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីគណបក្ស នយោបាយ និងច្បាប់ស្ដីពីវិសោធនកម្ម ច្បាប់ស្ដីពីគណបក្សនយោបាយ ដោយមានភ្ជាប់មកជាមួយនូវសេចក្ដីថ្លែងហេតុរបស់រដ្ឋសភា ស្របតាមមាត្រា១១៣ថ្មីនៃរដ្ឋធម្មនុញ្ញ និងនីតិវិធីកំណត់ក្នុងប្រការ៣២ នៃបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា ហើយសេចក្ដីស្នើច្បាប់នេះ ស្ថិតក្នុងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការទី៦ ព្រឹទ្ធសភា និងក្រោយពីបានស្ដាប់មតិពិភាក្សាផ្ដល់យោបល់របស់អង្គប្រជុំរួចមក អង្គប្រជុំបានអនុម័តចំនួន៨សម្លេង នៃសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា «យល់ព្រមលើទម្រង់ នៃសេចក្ដីស្នើច្បាប់ និងប្រគល់ភារកិច្ចជូន គ.៦ ព្រឹទ្ធសភា ដើម្បីពិនិត្យសិក្សាដោយចាត់ទុកជាការប្រញាប់»។

ចំពោះរបៀបវារៈទី២ និងទី៣ បន្ទាប់ពីបានស្ដាប់លោកអគ្គលេខាធិការស្ដីទី រាយការណ៍ជូនអំពីសំណើរបស់ រដ្ឋសភាសុំឱ្យពិនិត្យនិងឱ្យ យោបល់លើសេចក្ដីព្រាងច្បាប់ចំនួន២ ដោយចាត់ទុកជាការប្រញាប់ និងដោយមាន ភ្ជាប់មកជាមួយនូវសេចក្ដីថ្លែងហេតុរបស់ច្បាប់នីមួយៗ ស្របតាមមាត្រា១១៣ថ្មីនៃរដ្ឋធម្មនុញ្ញ និងនីតិវិធីកំណត់ ក្នុងបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា ហើយអាស្រ័យដោយច្បាប់ទាំង២នេះស្ថិតក្នុង វិស័យជាសមត្ថកិច្ចរបស់ គណៈ កម្មការទី៩ព្រឹទ្ធសភា និងដោយពុំមានយោបល់ពិភាក្សាបន្ថែម នោះអង្គប្រជុំក៏បានអនុម័តចំនួន៩សម្លេង នៃសមាជិកគណៈកម្មាធិការអចិន្រ្តយ៍ព្រឹទ្ធសភា យល់ព្រមលើទម្រង់នៃសេចក្ដីព្រាងច្បាប់ទាំង២ខាងលើ និងប្រគល់ភារកិច្ចជូនគ.៩ ដើម្បីពិនិត្យសិក្សាដោយចាត់ទុកជាការប្រញាប់ ។ អង្គប្រជុំបានបញ្ចប់ការងារស្របតាមរបៀបវារៈដែលបានគ្រោងទុក…៕






No comments:

Post a Comment