Wednesday, July 12, 2017

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ បើទោះខ្ញុំមានឋានៈខ្ពង់ខ្ពស់ ក៏នៅតែជាកូនរបស់គាត់ដដែលមិនអាចផ្លាស់ប្តូរឋានៈនេះបានឡើយ

កាលពីយប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហោះផ្សាយនៅក្នុងទំព័រហ្វេស ប៊ុករបស់លោក ដោយរំលឹក ពីប្រវត្តិកំសត់នៃអនុស្សាវរីយ៍ រវាងលោក និងឪពុករបស់លោក។ នេះគឺជាខ្លឹមសារមួយ ដែលត្រូវបានដកស្រង់មកផ្សព្វផ្សាយ ស្របពេលដែលថ្ងៃទី១២នេះ ជាខួប៤ឆ្នាំនៃមរណៈភាពរបស់លោកមហាឧបាសក ហ៊ុន នាង ឪពុកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

នៅក្នុងទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្រ្តី បានសរសេរថា៖ «ថ្ងៃ ១២ កក្កដា ត្រូវជាខួប៤ឆ្នាំនៃមរណៈភាពរបស់ឪពុកខ្ញុំ (១២ កក្កដា ២០១៣ – ១២ កក្កដា២០១៧)។ ដំណក់ទឹកភ្នែករបស់កូនប្រុសស្រី ចៅ និងចៅទួតប្រុសស្រី ញាតិមិត្តជិតឆ្ងាយ បានចេញមកដោយក្តីស្រណោះអាឡោះអាល័យ។ ម៉ោង៤ និង១០នាទីទៀបភ្លឺ ថ្ងៃ១២ កក្កដា ២០១៣ ជាថ្ងៃសោកសៅបំផុតសម្រាប់ខ្ញុំបន្ទាប់ពីបាត់បង់ម្តាយនៅថ្ងៃទី១០ ខែ មិនា ១៩៩៨ និងការបាត់បង់កូនប្រុសទី១របស់ខ្ញុំនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ១៩៧៦។ (ចម្រៀងជីវិតអ្នកចំការវាសនាអ្នកស្រែ) (វាលស្រែស្រណោះ) ដែលខ្ញុំនិពន្ធឡើងបង្ហាញការខិតខំរបស់ឪពុកខ្ញុំ ដើម្បីកូនៗពិសេសរូបខ្ញុំនេះតែម្តង ដែលធ្វើឱ្យគាត់ហូរទឹកភ្នែកច្រើនជាងគេ។

ឪពុកខ្ញុំស្រក់ទឹកភ្នែកពេលគាត់ជូនខ្ញុំមកមាត់ទន្លេដើម្បីឡើងកាណូតមកកាន់ក្រុងភ្នំពេញក្នុងពេលដែលខ្ញុំស្ថិតនៅជាកុមារអាយុ១៣ឆ្នាំដើម្បីបន្តការសិក្សា។ គាត់យំនៅពេលឃើញខ្ញុំធ្វើការធ្ងន់បម្រើព្រះសង្ឃ នៅវត្តនាគវន្តដោយការអូសទឹក រែកទឹកមកដាក់ពាងដែលមានផ្លូវឆ្ងាយ។ ឪពុកខ្ញុំយំនៅពេលខ្ញុំថ្វាយបង្គំលាគាត់ចូលបម្រើកងទ័ពរបស់សម្តេចឪនាថ្ងៃ៤ ខែមេសា ឆ្នាំ១៩៧០។ មិនដឹងថាឪពុកខ្ញុំយំប៉ុន្មានដងរយៈពេល៩ឆ្នាំពេលខ្ញុំចេញច្បាំងជាមួយចក្រពត្តិអាមេរិក១៩៧០ ដល់១៩៧៥ និងដឹកនាំចលនាតស៊ូផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត ដើម្បីរំដោះប្រជាជននាឆ្នាំ១៩៧៩។

ឪពុកខ្ញុំជាមនុស្សប្រុសតែម្នាក់គត់ដែលផ្តល់ឱវាទឱ្យខ្ញុំតាំងពីខ្ញុំនៅក្មេងខ្ចីរហូតដល់ដង្ហើមចុងក្រោយរបស់គាត់ បើទោះជាខ្ញុំមានឋានៈខ្ពង់ខ្ពស់គ្រប់គ្រងអំណាចរដ្ឋក៏នៅតែជាកូនរបស់គាត់ដដែលមិនអាចផ្លាស់ប្តូរឋានៈនេះបានឡើយ។ ដើម្បីជាការជូនដំណើរចុងក្រោយដែលគ្មានពេលវិលជួបវិញ កូនបាននិពន្ធចម្រៀង២បទគឺ (ទឹកភ្នែកកូនប្រុស) និងបទ (អកលាទ្រនំ) ដើម្បីជាការចងចាំរបស់កូនចំពោះពុក។ ម៉ែមកចាប់ជាតិក្លាយចៅស្រីរបស់កូនហើយ សង្ឃឹមថាពុកនឹងមកចាប់ជាតិជាមួយចៅពុក២នាក់ដែលកំពុងមានផ្ទៃពោះហើយដឹងថាសុទ្ធតែប្រុសទៀតផង»៕










No comments:

Post a Comment