Wednesday, July 12, 2017

ទស្សនៈវិភាគ៖ ពន្លត់ភ្លើង ជាជាងនៅអង្គុយបក់ផ្សែង គឺជារឿងត្រឹមត្រូវ

គេ​នៅ​ចាំ​បាន​ថា​ ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​-សង្កាត់​ អាណត្តិ​ទី​៤​ គឺ​ត្រូវ​បាន​ប្រកាស​​លទ្ធ​ផល​ផ្លូវ​ការ​កាល​ពី​ចុង​ខែ​មិថុនា​ ឆ្នាំ​២០១៧ និង​ត្រូវ​បាន​យល់​ព្រមទទួល​ស្គាល់​លទ្ធផល​នេះ​​ពី​គ្រប់​គណបក្ស​​នយោ​បាយ​ដែល​បាន​ចូល​រួមរួច​ហើយ​ដែរ​។ ទន្ទឹម​នោះ​ ក៏​មាន​ការ​​​អប​អរ​​សារទរ​ ស្វាគមន៍ពី​បណ្តាប្រទេស​ផ្តល់​ជំនួយ​ អង្គការ​មិនមែន​រដ្ឋាភិបាល​ និង​បណ្តាមិត្ត​របស់​កម្ពុជា​ផង​ដែរ​ ជាពិសេស​ ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​។ ពួក​គេ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ជាបន្ត​បន្ទាប់​ ដោយ​បាន​វាយ​ត្លៃ​ថា​ ការ​បោះឆ្នោត​​នេះ​បាន​ប្រព្រឹត្តិ​​ទៅ​ដោយ​រលូន​ មាន​សុខ​សន្តិភាព​ និង​មាន​ភាព​ល្អ​ប្រសើរ​ជាង​អាណត្តិ​​មុនៗ​ទៀត​ផង​។

ផ្ទុយ​ទៅ​វិញ​ មាន​ក្រុម​សង្គម​ស៊ីវិល​មួយ​ ឬពីរ​ក្រុម​ប៉ុណ្ណោះ​​ ដែល​កន្លង​ទៅ​តែង​តែ​វាយ​ប្រហារ​ និង​មិន​ព្រម​ទទួល​យក​នូវ​សច្ចៈភាព​នៃ​សមិទ្ធផល​ដែល​រាជរដ្ឋាភិបាល​សម្រេច​បាន​។ គេ​បាន​ដឹង​ច្បាស់​គ្រប់ៗគ្នា​ថា មេ​អង្គការ​មួយ ឬពីរ​នោះ​​ គឺ​ជា​នាយក​ប្រតិបត្តិនៃ​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​យុត្តិ​ធម៌​នៅ​កម្ពុជា​ ដែល​ហៅកាត់​ថា​ ខុម​ហ្វ្រែល​ និង​នាយក​ប្រតិបត្តិ​នៃ​អង្គការ​មួយ​ទៀត​ឈ្មោះ​ថា​​ អង្គការ​អព្យាក្រឹត្យ​ និង​យុត្តិធម៌​ ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី​នៅកម្ពុជា​ ហៅកាត់​ថា​ និចហ្វិច ដែល​មេ​ក្លោង​ទាំង​ពីរ​នេះ​បាន​ទទួល​បញ្ជា​ដោយ​សំងាត់​ពីបក្ស​ប្រឆាំង​ និង​​ជន​បរទេសដែលមានចេតនាមិនល្អចំពោះកម្ពុជា​ ឱ្យ​បដិសេធ​លទ្ធ​ផល​​បោះ​ឆ្នោត​ និង​វាយ​តម្លៃថា​ ​ស្ថាន​ការ​ណ៍​បោះ​ឆ្នោត​បែរ​ទៅ​ជាមាន​ភាព​អាប់​អួរ​ មិន​អាច​ទទួល​យក​បាន​ តាម​រយៈការ​បង្កើត​ បន្ទប់​ស្ថាន​ការ​ណ៍​ស្តី​ពី​ការ​បោះ​ឆ្នោត ម្តង​ហើយ​ម្តង​ទៀត​ តាំង​ពី​ឆ្នាំ​២០១៣​​ និង​​ ឆ្នាំ​២០១៧ នេះ​ទៅវិញ​។

ការ​បង្កើត​បន្ទប់​ស្ថាន​ការណ៍​នេះ​ គឺ​បាន​អនុវត្ត​ផ្ទុយ​ទាំង​ស្រុង​ទៅ​នឹង​បទ​ប្បញ្ញត្តិនៃ​ច្បាប់​ស្តី​ពី​សមាគម​ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​រួច​ទៅ​ហើយ​ ដូច្នេះ​ហើយ​ទើប​ក្រសួង​មហា​ផ្ទៃ​ ដែល​ជា​ក្រសួង​សាមី ទទួល​បន្ទុក​គ្រប់​គ្រង​ ត្រួត​ពិនិត្យ​ បាន​ចេញ​លិខិត​ព្រមាន​ ដោយ​ស្នើ​ឱ្យ​បញ្ឈប់នូវ​​សកម្មភាព​ខុស​ច្បាប់​របស់​បន្ទប់​ស្ថាន​ការណ៍​នេះភ្លាម​ៗ​​ និង​ត្រូវ​អនុវត្ត​​សកម្មភាព​របស់​ខ្លួន​ឱ្យ​បាន​ត្រឹម​ត្រូវ​ ស្រប​តាម​ច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិន​មែន​​រដ្ឋាភិបាល​ ព្រម​ទាំង​ឱ្យ​សម​ស្រប​តាម​ច្បាប់​ និង​លិខិត​បទដ្ឋានគតិយុត្តនានា​ជាធរមាន​។

យោង​តាម​ សេចក្តី​ព្រមាន​របស់​ក្រសួង​មហាផ្ទៃ​កាល​ពី​ថ្ងៃ​ទី​៤ ខែ​កក្កដា​ ឆ្នាំ​២០១៧​ នេះ​ អាច​បញ្ជាក់​បាន​ថា​ សេចក្តី​ថ្លែង​ការណ៍​របស់​បន្ទប់​ស្ថានការណ៍​ នាពេល​កន្លង​មកនោះ​ គឺ​មិនមាន​តម្លៃ​គតិយុត្ត​ និង​មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​អព្យាក្រឹត្យភាព​នៃ​អង្គការ​សង្គម​ស៊ីវិល​ ដូច​មាន​ចែង​ក្នុង​មាត្រា​២៤ នៃ​ច្បាប់​ស្តី​ពី​សមាគម​ និង​អង្គការ​មិន​មែន​រដ្ឋា​ភិបាល​ យ៉ាង​ពិត​ប្រាកដ​។​ ភាពពិត​នៃ​ដំណើរ​ការ​បោះ​ឆ្នោត​ ទាំង​ថ្នាក់​ជាតិ​ និង​ថ្នាក់​អន្តរេជាតិ​ គឺ​គ្មាន​ការ​បោះ​ឆ្នោត​ណា​មួយ​ដែល​រៀប​ចំ​ឡើង​បាន​ល្អ​ឥត​ខ្ចោះ​ ១០០% នោះ​ទេ​ ទោះ​បី​ជាប្រទេស​​នោះ​ជាប្រទេស​​បិតា​ប្រជាធិបតេយ្យ​ ឬ​ជា​ប្រទេស​ដែល​មាន​ការ​អភិវឌ្ឍ​យ៉ាង​ណាក៏ដោយ​។​​​​​​​​​​​​​

ដោយ​សារ​តែ​កូន​ជឹង​ទាំង​ពីរ​របស់​ខ្លួន ត្រូវ​បាន​ក្រសួង​មហាផ្ទៃ​ព្រមាន​ឱ្យ​បញ្ឈប់​សកម្មភាព​បែប​នេះ​ហើយ​ ទើប​នៅ​ថ្ងៃ​ទី​០៩ ខែ​កក្កដា​ ឆ្នាំ​២០១៧ កន្លង​ទៅ​នេះ​ លោក​ ភីល​ រ៉ូបឺតសុន​ ​(Phil Robertson) ​ដែល​ជា​អនុប្រធាន​តំបន់​អាស៊ី​នៃអង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ​បាន​ចេញមុខ​មក​កាង​កូន​ចៅ​ដែល​ជាអាយ៉ង​​របស់​ខ្លួន​​ ដោយ​បាន​​​អំពាវនាវ​​ឱ្យ​ម្ចាស់​ជំនួយ​កម្ពុជា ស្នើ​រដ្ឋាភិបាល​កម្ពុជា ទម្លាក់​ចោល​បទបញ្ជា​នេះ​ និង​ធានា​ពី​ការ​ឃ្លាំ​មើល​​របស់​កូន​ជឹង​ទាំង​ពីរ​របស់​ខ្លួន​ឡើង​វិញ​ ​សម្រាប់​ការ​បោះឆ្នោត​នៅ​ឆ្នាំ​​ក្រោយ​។​ ការ​បង្ហាញ​មុខ​ជាសាធារណៈ​បែប​នេះ​ គឺ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ អង្គការ​យូមែន រ៉ៃត៍ វ៉ច្ឆ​ បាន​និង​កំពុង​លូក​ដៃ​ចូល​យ៉ាង​ជ្រៅក្នុង​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា​ ដែល​ជារដ្ឋ​ឯករាជ្យ​ អធិបតេយ្យ​ និង​​បានរំលោភ​អនុសារណៈ​យោគយល់​គ្នា​ រវាង​ភាគី​កម្ពុជា​ និង​អង្គការ​អន្តរជាតិ​ យូមែន រ៉ៃត៍ វ៉ច្ឆ ​ដែល​បាន​ព្រម​ព្រៀង​គ្នា​កន្លង​មក នៅក្រសួង​ការបរទេស​​។

ជាការកត់​សម្គាល់​ នៅរៀង​រាល់​ការបោះឆ្នោត​ម្តងៗ​ គេ​បាន​មើល​ឃើញ​យ៉ាង​ច្បាស់​ពី​ការ​លូក​ដៃ​ចូល​របស់​បរទេស​ ដែល​គាំ​ទ្រ​ក្រុម​ប្រឆាំង​ តាម​រយៈ​ការ​ផ្តល់​ជា​គោល​នយោ​បាយ​​​ យុទ្ធសាស្ត្រ​ និង​​ថវិកា​ ដល់​ក្រុម​ប្រឆាំង​ ដើម្បី​ផ្តួល​រំលំ​គណបក្ស​កាន់​អំណាច​ ដោយ​បង្កើត​​ជា​ព្រឹត្តិការណ៍​​ប្លែកៗ​ ដូច​ជា​ទឹក​ខ្មៅ​ជ្រលក់​ដៃ​អាច​លុប​ជ្រះ មាន​ជន​ជាតិ​យួន​ចំនួន​ច្រើន​មក​ចូល​រួម​បោះ​ឆ្នោត​ ឬសេចក្តី​ថ្លែង​ការណ៍បង្ហាញ​ពី​ភាព​អាប់​អួរ​ មិន​សេរី​ យុត្តិធម៌​​របស់​បន្ទប់​ស្ថាន​ការណ៍ជាដើម​ ។ល។ ក្នុង​ន័យពួនផ្តុំផ្សែង​បញ្ឆេះ​ឱ្យទៅជា​ភ្លើង​ បង្កឱ្យ​មាន​អំពើ​ហិង្សា​ ​មិន​ទទួល​​ស្គាល់​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​​​​ ដែល​អាច​ឈាន​ដល់​ការ​ធ្វើ​បដិវត្តន៍​មហាជន​ ដើម្បី​ដណ្តើម​​អំណាច​តែម្តង​។​

ជារួម​ ការ​បញ្ចេញ​​មតិ​របស់​​ក្រុម​បន្ទប់​ស្ថានការណ៍​នេះ គឺ​មិន​មែន​ជា​ការ​រិះគន់​ដើម្បី​ស្ថាបនា​នោះ​ទេ ប៉ុន្តែ​វាជា​ការ​រិៈគន់​​បែប​រើសអើង​ ដើម្បីកេង​ចំណេញ​ខាង​នយោបាយ និង​លំអៀង​​ទៅ​​រក​​គណបក្ស​ប្រឆាំង​​។ ជាង​នេះ​ទៀត​ សកម្មភាព​របស់​ក្រុម​នេះ​ គឺ​បាន​ប្រព្រឹត្តិ​ផ្ទុយ​​នឹង​ច្បាប់ទាំង​ស្រុង​​ ដោយមិន​បាន​ចុះ​បញ្ជិកា​​ត្រឹមត្រូវ ដែល​បាន​បំពាន​មាត្រា​២៤ នៃ​ច្បាប់​​ស្ដីពី​​​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ ដែល​ត្រូវ​បាន​អនុម័ត​​កាល​ពី​​ឆ្នាំ​២០១៥​​​​។ ដូច្នេះ​ ការ​បញ្ឈប់​សកម្មភាព​របស់​ក្រុម​បន្ទប់​ស្ថាន​ការណ៍​ ដែល​មាន​អង្គការ​ ខុម​ហ្វ្រែល និង​ និចហ្វិច​ ជា​មេក្លោង​​នេះ​ គឺ​ពិត​ជា​ត្រឹម​ត្រូវ​បំផុត​សម្រាប់​គ្រប់​គ្រង​ស្ថាន​ការណ៍​ នាពេល​បោះឆ្នោត​ខាង​មុខៗ​​ទៀត​​៕​

ដោយ៖​ សួន ចំរើន

No comments:

Post a Comment