Wednesday, July 12, 2017

ប្រធានរដ្ឋសភា ផ្ញើសារលិខិតជូនពរលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងការបំពេញបេសកកម្មជាប្រវត្តិសាស្រ្តដាក់តំបន់ប្រាសាទសំបូរព្រៃគុកជាសម្បត្តិបេតិកភណ្ឌពិភពលោក

នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧នេះ ប្រធានរដ្ឋសភា លោក ហេង សំរិន តាងនាមថ្នាក់ដឹកនាំ សមាជិក សមាជិការដ្ឋសភាទាំងអស់ បានគោរពជូនពរ និងអបអរសាទរយ៉ាងក្លៀវក្លាបំផុតចំពោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងការបំពេញបេសកកម្មជាប្រវត្តិសាស្រ្តដ៏ឧត្តុង្គឧត្តមដែលតំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានគណៈកម្មការបេតិកភណ្ឌ​ពិភព​លោកនៃអង្គការយូ​ណេស្កូ សម្រេចដាក់បញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌ​ពិភព​លោក ក្នុងកិច្ចប្រជុំលើកទី៤១ នៅទី​ក្រុង Krakow ប្រទេសប៉ូឡូញ កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧កន្លងទៅនេះ។

ការសម្រេចរបស់គណៈកម្មការបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូនេះ គឺជាមោទនភាព និងជាស្នាដៃដ៏ធំធេងថ្មីមួយទៀត ដែលកើតចេញពីការខិតខំប្រឹងប្រែងឥតរាថយរបស់រាជរដ្ឋា​ភិបាល​កម្ពុជាដែលមានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាប្រមុខដឹកនាំដោយភាពប៉ិនប្រសប់ និង​ឈ្លាស​វៃ​ជានិច្ចកាលតែងយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះកិច្ចការការពារបូរណភាពទឹកដី និងការ​លើកតម្កើង​កិត្តិយសជាតិ លើឆាកអន្តរជាតិ ក៏ដូចជាការឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការគ្រប់គ្រងការងារអភិរក្ស និងអភិវឌ្ឍបេតិកភណ្ឌប្រកបដោយចីរភាព៕


No comments:

Post a Comment