Wednesday, July 12, 2017

ផ្លូវជាតិលេខ៩២ ដែលខូចខាតដោយជំនន់ទឹកភ្លៀង ត្រូវបានមន្ទីរសាធារណការ​ខេត្តព្រះវិហារ​ បញ្ជូន​មន្ត្រីជំនាញ​ ទៅធ្វើការ​ជួសជុល​ និងថែទាំ​ផ្លូវឡើងវិញ​

នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧នេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ក្រោមការណែនាំពីលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល និងអភិបាលខេត្តព្រះវិហារ បានបញ្ជូនមន្ត្រីជំនាញ ទៅធ្វើការជួសជុល និងថែទាំឡើងវិញ ដើម្បីសម្រួលដល់ការធ្វើដំណើរ ជូនប្រជាពលរដ្ឋ មានភាពងាយស្រួលប្រកបដោយសុវត្ថិភាព។

ផ្លូវដែលត្រូវធ្វើការជួសជុលនោះ គឺផ្លូវជាតិលេខ៩២ ដែលជាប្រភេទផ្លូវក្រាលគ្រួសក្រហម មានប្រវែង៨៧.៨គីឡូម៉ែត្រ លាតសន្ធឹងតាមព្រំដែន កម្ពុជា-ឡាវ ក្នុងឃុំកំពង់ស្រឡៅ១ និងឃុំកំពង់ស្រឡៅ២ ស្រុកឆែប ខេត្តព្រះវិហារ ចាប់ពីព្រំប្រទល់ខេត្តព្រះវិហារ-ស្ទឹងត្រែង(PK27+200) ដល់បន្ទាយស្រមោចស្រុកជាំក្សាន្ត ខេត្តព្រះវិហារ (PK115+000) ដែលជាប់ព្រំដែនប្រទេសថៃផងនោះ បានរងការខូចខាតដោយកន្លែងដោយសារជំនន់ទឹកភ្លៀង ជាហេតុធ្វើឲ្យប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ ជាតិ និងអន្តរជាតិ ពិបាកធ្វើដំណើរ។

លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានឲ្យដឹងថា ផ្លូវជាតិលេខ៩២នេះ មានសារសំខាន់ណាស់ ជាផ្លូវយុទ្ធសាស្ត្រ ក្រវ៉ាត់ព្រំដែនរបស់កម្ពុជា តភ្ជាប់ជាមួយប្រទេសឡាវ និងប្រទេសថៃ។ ផ្លូវជាតិលេខ៩២នេះ បានកសាងឡើងដោយកងវិស្វកម្មសម្តេចតេជោ ក្រោយពីសាងសង់រួច ក៏បានប្រគល់មកឲ្យមន្ទីរសាធារណការខេត្តព្រះវិហារ ជាអ្នកមើលការខុសត្រូវ និងថែទាំ។

ប្រធានមន្ទីរសាធារណការ បានបន្តថា ឈរលើស្មារតីទទួលខុសត្រូវខ្ពស់ និងអនុវត្តន៍តាមអនុសាសន៏ដឹកនាំរបស់លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាការណែនាំរបស់ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារ បានយកចិត្តទុកដាក់ថែទាំ ជួសជុលផ្លូវទូទាំងខេត្តឡើងវិញ ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើរជូនប្រជាពលរដ្ឋ។

លោកបានបញ្ជាក់ទៀតថា ផ្លូវជាតិលេខ៩២នេះ នៅថ្ងៃអនាគត និងត្រូវប្រែក្លាយពីផ្លូវក្រាលគ្រួសក្រហម ទៅជាផ្លូវក្រាលកៅស៊ូវិញ ហើយផ្លូវនេះបានបង្កលក្ខណៈងាយស្រួលដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលបានមកកំសាន្តនៅរម្មណីយដ្ឋានទឹកធ្លាក់ព្រះនិម្មិត ស្ថិតក្នុងស្រុកឆែប អាចបន្តដំណើរទៅមុខត្រង់ទៀត ទៅកំសាន្តនៅច្រកអានសេះ ប្រាសាទព្រះវិហារ មុំបីនៅស្រុកជាំក្សាន្ត ឆ្ពោះទៅខេត្តសៀមរាប ខេត្តឧត្តរមានជ័យ ថែមទៀតផង។

លោក សំ លាងទ្រី បានបន្ថែមថា មួយរយៈនេះ ផ្លូវជាតិលេខ៩២នេះ បានរងការខូចខាតដោយកន្លែង ដែលជាហេតុធ្វើឲ្យប្រជាពលរដ្ឋពិបាកធ្វើដំណើរ ដែលកត្តានេះបណ្តាលមកពីជំនន់ទឹកភ្លៀង និងទឹកទន្លេល្ពៅជន់លិច។ ដោយមើលឃើញនូវបញ្ហាលំបាករបស់ប្រជាពលរដ្ឋពិបាកធ្វើដំណើរ ថ្ងៃនេះមន្ទីរសាធារណការខេត្ត បានបញ្ជូនមន្ត្រីជំនាញ៥ក្រុម ទៅជួសជុល និងថែទាំឡើងវិញ ដោយបានកែសម្រួល ថែមគ្រួសក្រហម ស្រោចទឹកកិនបង្ហាប់តាមលក្ខណៈបច្ចេកទេស ដើម្បីឲ្យការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ មានភាពងាយស្រួល ឆាប់រហ័ស និងប្រកបដោយសុវត្ថិភាព។

លើសពីនោះ លោកក៏សូមធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាចូលរួមគោរពច្បាប់ ស្តីពីផ្លូវថ្នល់ទាំងអស់គ្នា សូមមេត្តាកុំចាក់ដីលប់ប្រឡាយទឹក សូមកុំចាក់ដីរំលោភលើចំណីផ្លូវ ហើយខ្ពស់ជាងផ្លូវ សូមកុំដឹកសំពីងសំពោង និងលើសទម្ងន់កំរិតកំណត់ ប្រយោជន៍លើការធ្វើចរចរណ៍របស់ប្រជាពលរដ្ឋ មានភាពងាយស្រួលឆាប់រហ័ស ប្រកបដោយសុវត្ថិភាព និងរក្សាគុណភាពផ្លូវថ្នល់ ដើម្បីប្រើប្រាស់បានយូរអង្វែង៕






No comments:

Post a Comment