Wednesday, July 12, 2017

វិភាគនយោបាយ៖ ១០ចំណុចដែលបក្សសង្គ្រោះជាតិ មិនអាចការពារខ្សែក្រវ៉ាត់ខ្លួនបាន ក្នុងការបោះឆ្នោតឆ្នាំ២០១៨?

បន្ទាប់ពីការបោះឆ្នោតឃុំសង្កាត់២០១៧បានចប់ ក៏ជាពេលវេលាដែល យើងអាចប្រមើលមើលលទ្ធផលបោះឆ្នោតឆ្នាំ២០១៨។ គណបក្សនីមួយៗសុទ្ធតែអួតថាឈ្នះរៀងៗខ្លួន ប៉ុន្តែ ប្រសិនបើយើងពិនិត្យមើលស្ថានភាពជាក់ស្តែង គណបក្សប្រជាជនកម្ពុជា នៅតែមានប្រៀបខ្លាំងច្រើនជាងបក្សសង្គ្រោះជាតិដដែល។ បក្សប្រឆាំងកំពុងបាត់បង់មូលដ្ឋានគ្រឹះសំខាន់ៗជាច្រើន គួរឲ្យកត់សម្គាល់ប្រៀបធៀបទៅការបោះឆ្នោតឆ្នាំ ២០១៣៖

ទី១៖ ច្បាប់ស្តីពីអង្គការមិនមែនរដ្ឋាភិបាល និងសមាគម និងច្បាប់បោះឆ្នោតមិនអនុញ្ញាតឲ្យក្រុមសង្គមស៊ីវិលប្រឆាំង ឬដែលមានបំណងជួយបក្សប្រឆាំងអាចធ្វើអ្វីបានស្រេចតែចិត្តដូចពីមុនទៀតទេ។ កាលពីមុនជាពិសេសក្នុងការបោះឆ្នោតឆ្នាំ ២០១៣កន្លងទៅ បក្សប្រឆាំងបានទទួលផលចំណេញច្រើន ដោយសារតែការជួយជ្រោមជ្រែង ពីសង្គមស៊ីវិលលម្អៀងដែលជួយស្រែកការពារ ជួយស្រែករិះគន់ វាយប្រហាររដ្ឋាភិបាលលោក ហ៊ុន សែន។ ប៉ុន្តែ សករាជនោះត្រូវបានបិទបញ្ចប់ហើយក្រោមទម្ងន់ច្បាប់។

ទី២៖ សហរដ្ឋអាមេរិកដែលជាទីពឹងដ៏រឹងមាំ របស់បក្សប្រឆាំងនៅកម្ពុជា តាំងពីយូរមកហើយនោះ ក៏ត្រូវបិទបញ្ចប់ដែរក្នុងសម័យលោក ដូណាល់ ត្រាំ ដោយសារនយោបាយគិតផលប្រយោជន៍ អាមេរិកាំងមុនរឿងផ្សេង (American First ) ។

ទី៣៖ ការយល់ច្រឡំរបស់ពលរដ្ឋខ្មែរអំពីការជំពាក់ប្រាក់មីក្រូហិរញ្ញវត្ថុថា ជាការជំពាក់បំណុលរដ្ឋ ដែលបក្សប្រឆាំងតែងឆ្លៀតកេងចំណេញនយោបាយ ជារៀងរហូតមកនោះ ក៏ត្រូវបានបិទបញ្ចប់ផងដែរ តាមរយៈយុទ្ធនាការរបស់លោក ហ៊ុន សែន។

ទី៤៖ គោលនយោបាយដែលគណបក្សសង្គ្រោះជាតិធ្លាប់បានសន្យាកាលពីការបោះឆ្នោតឆ្នាំ ២០១៣ ដូចជាការដំឡើងប្រាក់ខែមន្ត្រីរាជការ គ្រូបង្រៀនឲ្យបាន ១ លានរៀល និងប្រាក់ខែកម្មករឲ្យបាន ១៥០ ដុល្លារក្នុងមួយខែនោះ វាហួសសម័យអស់ទៅហើយ ដោយសារតែរដ្ឋាភិបាលលោក ហ៊ុន សែន បានធ្វើលើសពីការទាមទាររបស់បក្សប្រឆាំងទៅទៀត។

ទី៥៖ កាលពីមុន បក្សប្រឆាំងមានប្រៀបខ្លាំងលើបណ្តាញសង្គម ប៉ុន្តែ ឥឡូវនេះក៏បានបាត់បង់ទីតាំងឈរជើងលើបណ្តាញសង្គមហើយក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានវ៉ាដាច់លោក សម រង្ស៊ី និងមានអ្នកចូលចិត្តរហូតដល់ជាង ៨លាននាក់។ ម្យ៉ាងទៀត សកម្មភាពអ្នកគាំទ្របក្សប្រជាជននៅលើបណ្តាញសង្គម Facebook ក៏កាន់តែផុលផុសខ្លាំងឡើងជាលំដាប់នៅទូទាំងប្រទេស។

ទី៦៖ អ្វីដែលបក្សប្រឆាំងធ្លាប់បានធ្វើនយោបាយប្រជាភិថុតអំពី បញ្ហាយួន និងបញ្ហាព្រំដែន  ក៏បក្សនេះមិនអាចប្រើប្រាស់ដើម្បីកេងចំណេញនយោបាយ ដូចពីមុនបានទៀតដែរ។ មូលហេតុងាយយល់ណាស់គឺដោយសារតែពេលនេះ បក្សសង្គ្រោះជាតិជាអ្នកទទួលខុសត្រូវខ្លួនឯងវិញម្តង ជាពិសេសឃុំសង្កាត់ដែលសម្បូរយួនគឺបក្សសង្គ្រោះជាតិឈ្នះមេឃុំ ចៅសង្កាត់។ ដូច្នេះ បក្សនេះមិនហ៊ានចោទខ្លួនឯងទេ។ ចំណែករឿងព្រំដែនវិញ រដ្ឋាភិបាលបានបើកចំហររឿងផែនទី និងបានបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាម ជិតចប់ទៅហើយ។

ទី៧៖ ចំណែកការសន្យាមុនបោះឆ្នោតក៏បក្សសង្គ្រោះជាតិ មិនដែលធ្វើបានដែលធ្វើឲ្យមហាជនបាត់បង់ជំនឿ។ ជាក់ស្តែង ការបោះឆ្នោតឃុំសង្កាត់កន្លងទៅ ដែលធ្វើឲ្យសង្គ្រោះជាតិខកចិត្តយ៉ាងខ្លាំងនោះ គឺជាលទ្ធផលនៃការសន្យាខ្យល់នេះឯង។

ទី៨៖ ការបែកបាក់កំលាំងអ្នកនយោបាយ និងជាពិសេសសកម្មជនលេចធ្លោដែលធ្លាប់ដឹកនាំប្រមូលកំលាំងយុវជន ចូលរួមឃោសនានិងបោះឆ្នោតគាំទ្របក្សប្រឆាំងនៅឆ្នាំ ២០១៣ក៍បានចាកចេញពីបក្សប្រឆាំងធ្វើនយោបាយរៀងៗខ្លួនផង និងវាយប្រហារយ៉ាងចាស់ដៃលើបក្សប្រឆាំងផងដែរដែលស្ថានភាពនេះធ្វើអោយសំលេងគាំទ្របក្សប្រឆាំងត្រូវបែកលែងប្រមូលផ្តំដូចឆ្នាំ២០១៣ទៀតឡើយ ។

ទី៩៖ កាលពីមុន បក្សសង្គ្រោះជាតិមានក្បាលពីរ គឺលោក សម រង្ស៊ី និងលោក កឹម សុខា ដែលធ្វើឲ្យកូនចៅថ្នាក់ក្រោមកក់ក្តៅនិងរួមគ្នាបាន។ ប៉ុន្តែ ពេលនេះ សង្គ្រោះជាតិមានក្បាលតែមួយគឺលោក កឹម សុខា ខណៈដែលលោក សម រង្ស៊ី បានបញ្ចប់អាជីពនយោបាយទាំងស្រុងទៅហើយតាមរយៈនយោបាយអត្តឃាតរបស់គាត់ និងតាមរយៈវិសោធនកម្មច្បាប់គណបក្សនយោបាយថ្មី។ បក្សនេះមិនអាចមានក្បាលមួយបានទេព្រោះសូមកុំភ្លេចថា មូលដ្ឋានគ្រឹះរបស់សង្គ្រោះជាតិគឺការរួមបញ្ចូលគ្នារវាងលោក កឹម សុខា និងលោក សម រង្ស៊ី ហើយលោក កឹម សុខា គឺជាមនុស្សប្រៀបបានដៃឆ្វេងតែប៉ុណ្ណោះ។ ក្រុមអតីតគណបក្ស សម រង្ស៊ី នឹងមិនព្រមឲ្យគណបក្សនេះធ្លាក់ក្នុងដៃលោក កឹម សុខា ដែលគេសង្ស័យថា ជាកូនអុករបស់លោក ហ៊ុន សែន នោះឡើយ។

ទី១០៖ វិបត្តិហិរញ្ញវត្ថុដែលកាន់តែធ្ងន់ធ្ងរទៅៗរបស់បក្សប្រឆាំង សំរាប់ការបោះឆ្នោតក៏ជាជំងឺមួយពិបាករកពេទ្យព្យាបាលណាស់ ។ ជាក់ស្តែងច្បាប់បោះឆ្នោត ច្បាប់សមាគម និងច្បាប់គណបក្សនយោបាយគួបផ្សុំ នឹងកត្តាអន្តរជាតិមិនអនុគ្រោះ បក្សប្រឆាំងបង្ខំចិត្តតម្រូវអោយបេក្ខជនក្រុមប្រឹក្សាឃុំសង្កាត់បង់លុយជួយបក្សហើយច្បាស់ជាងនេះទៅទៀតនោះគឺតម្រូវអោយលោកកឹម សុខាប្រកាសធ្វើបុណ្យផ្កាប្រមូលថវិកាឃោសនាបោះឆ្នោតឆ្នាំ២០១៧ ។ ដូច្នេះសំរាប់ការបោះឆ្នោត២០១៨ ក៍បក្សនេះគ្មានជំរើសអ្វីផ្សេងទៀតដែរ ។

សរុបមកវិញ ចំណុចសំខាន់ៗទាំង១០ដូចបានរៀបរាប់ខាងដើម គឺជាភស្តុតាងសត្យានុម័តដែលបង្ហាញថា មូលដ្ឋានគ្រឹះទាំងឡាយរបស់បក្សសង្គ្រោះជាតិ បានបាក់រលំដែលធ្វើឲ្យគណបក្សនេះអស់ទីពឹង បាត់ខ្នងបង្អែក ដែលធ្លាប់ទីពឹងនោះដំណាលគ្នាតែម្តង។

ដូច្នេះ ពីនេះទៅការបោះឆ្នោតឆ្នាំ ២០១៨ គណបក្សប្រឆាំងដូចជាបាត់បង់ថាមពលយ៉ាងសម្បើម ដែលមិនអាចស្តារបាន ខណៈដែលបក្សកាន់អំណាចកំពុងកែទម្រង់ទៅមុខគួរឲ្យកត់សម្គាល់។ បើយ៉ាងនេះមែន គណបក្សប្រជាជនដឹកនាំដោយលោកហ៊ុន សែននឹងនៅតែឈ្នះតែដដែលនៅឆ្នាំ ២០១៨ ហើយអាចមានលទ្ធភាពកើនចំនួនកៅអីសភាថែមខ្លះទៀតផងនេះបើសិក្សាលើលទ្ធផលបោះឆ្នោត២០១៧នេះ រីឯបក្សប្រឆាំងវីញ ក៏មិនប្រាកដថាអាចការពារខ្សែក្រវ៉ាត់ដែលខ្លួនទទួលបាននៅឆ្នាំ២០១៣នោះដែរ កុំថាឡើយការនិយាយរឺគិតដល់ការឈ្នះការបោះឆ្នោតឆ្នាំ ២០១៨នោះ៕

ដោយ៖ សាស្ត្រចារ្យសកលវិទ្យាល័យភូមិន្ទភ្នំពេញ

No comments:

Post a Comment