Monday, July 24, 2017

ប្រធាន​កាំកុងត្រូល​សាខាខេត្ត​ស្វាយរៀង ៖​ សុខភាព​គឺជាកត្តា​ចំបងនៃភាព​រស់រាន​មានជីវិត​

នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧នេះ លោក ណាល់ វិចិត្រ ប្រធានកាំកុងត្រូលសាខាខេត្តស្វាយរៀង បានដឹកនាំក្រុមការងារ ដោយបានកិច្ចសហការពីមន្ទីរពាណិជ្ជកម្ម អាជ្ញាធរដែនដី និងគណកម្មការផ្សារ បានចុះទៅធ្វើការអង្កេតទីផ្សារកំពង់រោទិ៍ ស្រុកកំពង់រោទិ៍ ដោយពិនិត្យលើប្រក្រតីភាព និងអនុលោមភាព នៃទំនិញដែលបានដាក់តាំងលក់ ជាពិសេសគឺការស្វែងរកសារធាតុគីមីដែលហាមឃាត់មិនឲ្យប្រើប្រាស់បន្ថែមលើម្ហូបអាហារ តាមរយះការធ្វើពិសោធន៏ផ្ទាល់នៅហ្នឹងកន្លែងលើ បន្លែ ផ្លែឈើ និងសាច់ មួយចំនួន។
លោក ណាល់ វិចិត្រ បានឲ្យដឹងថា ជាលទ្ធផលបង្ហាញថា ពុំមានសារធាតុគីមីហាមឃាត់ត្រូវបានប្រើប្រាស់លើ សាច់ និង ផ្លែឈើឡើយ។
បន្ថែមពីនោះ ដោយបានកិច្ចសហការពីគណៈគ្រប់គ្រងសាលា ក្រុមការងារនៃសាខាកាំកុងត្រូលខេត្តស្វាយរៀង បានបន្តយុទ្ធនាការ ចុះអប់រំផ្សព្វផ្សាយ ស្តីពីសុវត្ថិភាពម្ហូបអាហារ ជូនសិស្សនៅវិទ្យាល័យ ហ៊ុន សែន កំពង់រោទិ៍ ដោយមានការចូលរួមពីសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ព្រមទាំងគណៈគ្រប់គ្រងសាលា សរុបជាង ១,០០០ នាក់។
ប្រធានកាំកុងត្រូលសាខាខេត្តស្វាយរៀង បានបន្តថា ការផ្សព្វផ្សាយនូវចំណេះដឹងជាមូលដ្ឋានអំពី សុវត្ថិភាព គុណភាព អនាម័យនៃម្ហូបអាហារ នៅពេលនេះមានសារសំខាន់ចាំបាច់ណាស់ក្នុងសង្គម និងជីវភាពប្រចាំថ្ងៃ ក៏ដូចជាយុទ្ធសាស្ត្របញ្ជ្រាបចំណេះដឹងទូទាំង២៥ រាជធានី-ខេត្ត ដែលដាក់ចេញដោយអគ្គនាយកដ្ឋានកាំកុងត្រូល។
ការទទួលខុសត្រូវលើ«សុវត្ថិភាព គុណភាព និង អនាម័យ នៃម្ហូបអាហារ» គឺជាការទទួលខុសត្រូវរួមគ្នា ទាំងស្ថាប័នជំនាញ ទាំងអ្នកនាំចួល ទាំងអ្នកផលិត ទាំងអ្នកចែកចាយ រួមទាំងយើងទាំងអស់គ្នាជាអ្នកប្រើប្រាស់ផងដែរ ព្រោះសុខភាពគឺជាកត្តាចំបងនៃភាពរស់រាននៃជីវិត ។
ចុងបញ្ចប់នៃកម្មវិធីក៏មានការឆ្លើយនូវសំណួរពាក់ព័ន្ធទៅនឹងម្ហូបអាហារ រួមទាំងការចែកជូននូវផ្ទាំងរូបភាពអប់រំផ្សព្វផ្សាយ ចំនួនជាង ១,០០០ ផ្ទាំង ផងដែរ៕





No comments:

Post a Comment