Monday, July 24, 2017

CMAC ដោះបានគ្រាប់បែកទម្លាក់ពីលើយន្តហោះអាមេរិកប្រភេទ MK82 ២គ្រាប់ទៀតហើយ នៅស្រុកកណ្តាលស្ទឹងខេត្តកណ្តាល

(កណ្តាល)៖ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧ កម្លាំងជំនាញការិយាល័យគ្រប់គ្រងអាវុធគ្រឿង​ផ្ទុះ និងជាតិពុលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានសហការជាមួយអង្គភាពស៊ីម៉ាក់ ចុះដោះគ្រាប់បែកទម្លាក់ពីលើយន្តហោះរបស់អាមេរិកប្រភេទ MK82 ដែលបន្សល់ទុកពីសម័យសង្រ្គាមក្នុងទសវត្សរ៍ឆ្នាំ៧០ នៅចំណុចរណ្តៅខ្សាច់ ភូមិក្រូចសើច ឃុំដើមឫស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

សមត្ថកិច្ចខេត្តកណ្តាលបានបញ្ជាក់ប្រាប់ Fresh News ថា គ្រាប់បែកដែលទម្លាក់ពីយន្តហោះអាមេរិកជាប្រភេទ MK82 ទម្ងន់២២៧គីឡូក្រាម ហើយចាប់ពីដើមឆ្នាំ២០១៧មក សមត្ថកិច្ចខេត្តកណ្តាល បានរកឃើញគ្រាប់ប្រភេទនេះ សរុបចំនួន០៨គ្រាប់ហើយ ដោយកម្លាំងស៊ីម៉ាក់បានដោះយកបន្សាបនៅ ទីបញ្ជាការស៊ីម៉ាក់ ខេត្តកំពង់ឆ្នាំង។

សូមជម្រាបថា អាមេរិកបានទម្លាក់គ្រាប់បែកនៅកម្ពុជាពីដើមឆ្នាំ១៩៦៣ ដល់ដើមឆ្នាំ១៩៧៥ ហើយទិន្នន័យ ដែលត្រូវបានឯកភាព​ដោយ ប្រធានាធិបតី Bill Clinton នៅឆ្នាំ២០០០ បញ្ចេញជាឯកសារចំហរថា អាមេរិកទម្លាក់គ្រាប់បែកនៅកម្ពុជា ២លាន៨សែនតោន និងគ្រាប់បែកគីមីផងដែរ ក្រោមលេសថា​ តាមកម្ទេចពួកយៀកកុង​ យួនឈ្លានពាន​ ប៉ុន្តែស្លាប់តែខែ្មរជាង ៥០០​,០០០នាក់សម្លាប់ដោយផ្ទាល់ និងកម្ទេចតែភូមិផ្ទះសម្បែងខែ្មររាប់ម៉ឺន​កន្លែង៕



ប្រភព៖ Fresh News

No comments:

Post a Comment