Monday, July 24, 2017

អគ្គស្នងការនគរបាលជាតិ ព្រមានចាត់វិធានការអ្នកលេង Facebook ដែលបង្ហោះផ្ទុយពីច្បាប់

នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានព្រមានចាត់វិធានការរាល់អ្នកលេង Facebook ទាំងឡាយណាដែលបង្ហោះខ្លឹមសារ ផ្ទុយពីច្បាប់ នាំឱ្យមានភាពចលាចលក្នុងសង្គម និងប៉ះពាល់ដល់សណ្ដាប់ធា្នប់សាធារណៈ សន្ដិសុខជាតិ ព្រមទាំងកិត្តិយសថ្នាក់ដឹកនាំផងដែរ ។
ការព្រមានរបស់អគ្គស្នងការនគរបាលជាតិបែបនេះ បានធ្វើឡើងបន្ទាប់ពីមួយរយៈពេលចុងក្រោយនេះ នៅតាមបណ្ដាញទំនាក់ទំនង សង្គម Facebook កំពុងតែផុសផុលនូវព័ត៌មានចំនួន ដែលមិនមែនជាការពិត ហើយខ្លះទៀតរហូតដល់ការប្រមាថអាយុជីវិត ថ្នាក់ដឹកនាំកំពូលទៀតផង។ ដោយឡែកថ្មីៗនេះ មានយុវជន​ម្នាក់ បានធ្វើឱ្យមហាជនហាក់មានការភិតភ័យ និងច្រួលច្របល់យ៉ាងខ្លាំង ដោយសារតែយុវជន​នោះបានបង្ហោះ​ថា មានករណីធ្លាក់យន្ដហោះនៅខេត្តសៀមរាប ប៉ុន្ដែធាតុពិតមិនមែននៅកម្ពុជាឡើយ។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់កិច្ចប្រជុំបូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការ​សន្ដិសុខការងារសណ្តាប់ធ្នាប់ សង្គមប្រចាំឆមាសទី១ និងលើកទិសដៅឆមាសទី២ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧នេះ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ ថ្លែងយ៉ាងដូច្នេះថា «នាយឧត្តមសេនីយ៍ នេត សាវឿន បញ្ជាក់ថា ភារកិច្ចរបស់នគរបាល ត្រូវតែរក្សា សន្ដិសុខសង្គម មានន័យថាកុំឱ្យគេប្រើ (Facebook) ប្រព្រឹត្តបទល្មើស កុំឱ្យគេប្រើ (Facebook) ទៅបំពុលបរិយាកាស ដែលបង្កឡើងនូវអសន្ដិសុខ ឬក៏ធ្វើបាបប្រជាពលរដ្ឋ សំខាន់បំផុតនគរបាលជាអ្នកអនុវត្តច្បាប់ នគរបាលមើលអ្វីៗទាំងអស់ហ្នឹង ហើយផ្ទៀងផ្ទាត់ជាមួយច្បាប់បើការបង្ហោះហ្នឹង ការប្រើប្រាស់ហ្នឹង វាសមស្រប មានផលប្រយោជន៍ដល់សង្គម វាមិនបញ្ហាទេ ប៉ុន្ដែបើការបង្ហោះហ្នឹងវាប៉ះពាល់ និយាយរួមគឺបំពានច្បាប់  នគរបាលនឹងចាត់ចែងអនុវត្តហើយ»។
អ្នកនាំពាក្យរូបនេះបន្ថែមទៀតថា នគរបាលជាតិមិនមានគំនិតទុទិដ្ឋិនិយមពេកនោះទេ ព្រោះថាការយល់ដឹង​របស់ពលរដ្ឋកម្ពុជាម្នាក់ៗមានមិនដូចគ្នាទេ ប៉ុន្ដែសម័យនេះវាជាសម័យជឿនលឿន ដូច្នេះការប្រើប្រាស់​បណ្ដាញទំនាក់ទំនងសង្គម ដើម្បីឱ្យពលរដ្ឋបង្កើនការយល់ដឹងបន្ថែមទៀត។ ទន្ទឹមនឹងការជឿនលឿននេះ នាយឧត្តមសេនីយ៍ ក្នុងនាមជាថ្នាក់ដឹកនាំនគរបាលជាតិ ក៏បានអំពាវនាវដល់អ្នកលេងបណ្តាញ សង្គមហ្វេសបុកទាំងអស់ ធ្វើការពិចារណា ឱ្យបានច្បាស់លាស់ មុននឹងបង្ហោះចេញជាសាធារណៈ ។
នាយឧត្តមសេនីយ៍បញ្ជាក់ថា កន្លងមកក៏មានប្រជាពលរដ្ឋមួយចំនួនមិនបានពិចារណាឱ្យបាន​ត្រឹមត្រូវជុំវិញ​ព័ត៌មាននៅតាម Facebook ហើយរហូតឈានទៅដល់ចាញ់បោកគេអស់លុយកាក់ជាច្រើនផងដែរ ប៉ុន្ដែបញ្ហាទាំងអស់នេះនគរបាលមិនបណ្ដោយ ឱ្យជនខិលខូច មួយចំនួននោះ ធ្វើតាមចិត្តបានឡើយ ។
នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានឱ្យដឹងដែរថា សព្វថ្ងៃនេះដើម្បីទប់ស្កាត់បញ្ហាទាំងអស់នោះ អគ្គស្នងការនគរបាលជាតិ បានបង្កើតនូវនាយកដ្ឋានមួយ គឺនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ថ្វីត្បិតតែនាយកដ្ឋាននេះទើបបង្កើតឡើង ក៏ប៉ុន្ដែអាចមានសមត្ថភាព គ្រប់គ្រាន់លើការងារនេះ។
យ៉ាងណាមិញ នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានជំរុញ ឱ្យនាយកដ្ឋាននេះ ត្រូវបង្កើនសមត្ថភាពឱ្យកាន់តែខ្ពស់បន្ថែមទៀត ដើម្បីបង្កើតបណ្ដាញតាមស្នងការ ដែលធ្វើកិច្ចការនេះ នឹងចាត់ចែងឱ្យកម្លាំងជំនាញយកចិត្តទុកដាក់តាមដានគ្រប់ព័ត៌មាន ណាដែលអវិជ្ជមាន ឬព័ត៌មានបំពានច្បាប់ ដើម្បីបញ្ជូនព័ត៌មានទាំងនោះ ទៅថ្នាក់ដឹកនាំ ដើម្បីមានវិធានការតាមផ្លូវច្បាប់ឱ្យបានទាន់ពេលវេលា៕



No comments:

Post a Comment