Monday, July 24, 2017

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ បញ្ហាស្រ្តី ទារក និងកុមារ គឺជាគោលដៅដែលរាជរដ្ឋាភិបាលត្រូវអនុវត្តន៍មុនគេចាប់ពីឆ្នាំ២០១៨តទៅ

នៅថ្ងៃ​ទី២៤​ ខែកក្កដា​ ឆ្នាំ២០១៧​ លោកនាយក​រដ្ឋមន្រ្តី ហ៊ុន​ សែន បានថ្លែងថា ចាប់ពីឆ្នាំ២០១៨ខាងមុខនេះតទៅ រាជរដ្ឋាភិបាល នឹងចាប់ផ្តើមគិតគូរជាអាទិភាពទៅលើបញ្ហាស្រ្តី ទារក និងកុមារ​។ លោក បានថ្លែងដូ​ចនេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «ក្របខ័​ណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥» ដែលប្រារព្ធធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។ សេចក្តីព្រាងក្របខ័ណ្ឌ គោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥ គឺជា ផែនទីបង្ហាញផ្លូវរយៈកាលវែង ដែល ផ្តោតលើសសរស្តម្ភចំនួនពីរគឺ៖ ប្រព័ន្ធជំនួយសង្គម និងប្រព័ន្ធសន្តិសុខសង្គម។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា រាជរដ្ឋាភិបាល នឹងធ្វើការសិក្សាស្រាវជ្រាវឱ្យបានច្បាស់លាស់ពីលទ្ធភាពដែលអាចផ្តល់ការគាំពារសម្រាប់ស្រ្តីមានផ្ទៃពោះ ថាតើសម្រាប់ស្រ្តីមានផ្ទៃពោះមួយរូបគួរទទួលបានប្រាក់ឧបត្ថម្ភប៉ុន្មានក្នុងមួយខែ នៅពេលសម្រាលបុត្រហើយគួរទទួលបានការគាំពារអ្វីខ្លះជាបន្តទៀត។ ក្នុងករណីមានផ្ទៃពោះហើយ ស្រាប់តែធ្លាក់កូនទៅវិញ តើត្រូវដោះស្រាយដូចម្តេច?
ប្រមុខរាជរដ្ឋាភិបាល ក៏បានបញ្ជាក់ថា កិច្ចការអាទិភាពនេះពាក់ព័ន្ធនឹងស្រ្តី ទារក និងកុមារនេះ ទាមទារនូវការសិក្សាស្រាវជ្រាវឱ្យបានច្បាស់លាស់ពីគ្រប់ក្រសួងពាក់ព័ន្ធរួមទាំងក្រសួងសុខាភិបាលផងដែរ៕









No comments:

Post a Comment