Monday, July 24, 2017

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ «ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥»

នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥» ដែលបានធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ថា សេចក្តីព្រាងអំពីក្របខ័ណ្ឌគោលន​យោបាយជាតិគាំពារសង្គម ២០១៦-២០២៥ គឺជាផែនទីបង្ហាញផ្លូវរយៈកាលវែង ដែលផ្តោតលើសសរស្តម្ភចំនួនពីរគឺ ប្រព័ន្ធជំនួយសង្គម និងប្រព័ន្ធសន្តិសុខសង្គម។ ចក្ខុវិស័យរយៈពេលវែងរបស់រាជរដ្ឋាភិបាល សម្រាប់ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម គឺការកសាងប្រព័ន្ធគាំពារសង្គមមួយដែលមានប្រសិទ្ធភាព និងចីរភាពហិរញ្ញវត្ថុដើម្បីបម្រើដល់គោលនយោបាយ កាត់បន្ថយ និងទប់ស្កាត់ភាពក្រីក្រ ភាពងាយរងគ្រោះ រួមចំណែកដល់ការអភិវឌ្ឍ និងគាំពារធនធានមនុស្សឱ្យកាន់តែរឹងមាំ និងទូលំទូលាយ ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ចជាតិផងដែរ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាក់ថា គោលដៅ នៃក្របខ័ណ្ឌគោលនយោបាយនេះ គឺធ្វើការបន្ស៊ី ប្រមូលផ្តុំ និងពង្រឹងកម្មវិធីដែលមានស្រាប់ដើម្បីបង្កើនប្រសិទ្ធភាព តម្លាភាព និងសង្គតិភាពនៃរបប ឬកម្មវិធីទាំងឡាយក្នុងប្រព័ន្ធគាំពារសង្គមទាំងមូល រួមទាំងការពង្រីកវិសាលភាពដែលតូចចង្អៀតនៅឡើយដើម្បីឆ្លើយតបនឹងតម្រូវការសេវាថែទាំសុខភាព ព្រមទាំងហានិភ័យផ្សេងៗទៀត។ លើសពីនេះទៅទៀតគោលនយោបាយនេះ ក៏បានឆ្លុះបញ្ចាំងពីវឌ្ឍនភាព និងសមិទ្ធិផលនានាដែលទទួលបានជោគជ័យនាពេលកន្លងមក ទន្ទឹមនឹងការកំណត់អំពីបញ្ហាប្រឈមដែលកំពុងតែជួបប្រទះ ព្រមទាំងបញ្ហាប្រឈមជាយថាហេតុដែលអាចកើតមានឡើងថ្ងៃអនាគត ដើម្បីជាមូលដ្ឋាន និងកំណត់យុទ្ធសាស្រ្ត ឆ្លើយតបនឹងបញ្ហាប្រឈម ទាំងនោះ ដោយផ្អែកលើទិដ្ឋភាពបួនគឺ សមធម៌ ភាពទ្រទ្រង់បាននៃថវិកា ប្រសិទ្ធភាព និងចីរភាព៕











No comments:

Post a Comment