Monday, July 24, 2017

ប្រជាជនក្រីក្រ និងក្រុមជនងាយរងគ្រោះ នឹងទទួលបានផលប្រយោជន៍យ៉ាងច្រើន ពីគោលនយោបាយសង្គមកិច្ច

នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា កន្លងមក រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ក្នុងការជំរុញអនុវត្តន៍នូវគោលនយោបាយ និងបានដាក់ឱ្យដំណើរការនូវគម្រោងក្នុងវិស័យសង្គមកិច្ចជាច្រើនដែលតាមរយៈនេះ ប្រជាជនកម្ពុជាជាពិសេសប្រជាជនក្រីក្រ និងក្រុមជនងាយរងគ្រោះ ទទួលបាននូវការគាំពារក្រោមរូបភាពផ្សេងៗដូចជាការបង្កើតមជ្ឈមណ្ឌលកុមារកំព្រា មជ្ឈមណ្ឌលជនពិការ មជ្ឈ មណ្ឌលគាំពារសុខភាពមាតា និងទារក ការឧបត្ថម្ភចំពោះប្រជាជនក្រីក្រដែលមកសម្រាកព្យាបាល ឬសម្រាលកូន និងការផ្តល់ការអប់រំតាំងពីកម្រិតបឋម ដល់កម្រិតឧត្តមសិក្សាដោយឥតបង់ថ្លៃជាដើម។
ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥» ដែលប្រារព្ធធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាល ក៏បានបង្កើតបេឡាជាតិសន្តិសុខសង្គមសម្រាប់មន្រ្តីរាជការស៊ីវិល បេឡាជាតិរបបសន្តិសុខសង្គម បេឡាជាតិអតិតយុទ្ធជន និងមូលនិធិជនពិការដើម្បីផ្តល់ការធានាសន្តិសុខ ប្រាក់ចំណូលសម្រាប់ប្រជាជនតាមរយៈមុខសញ្ញាពាក់ព័ន្ធនានា។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក៏ទទួលស្គាល់អំពីបញ្ហាប្រឈម និងភាពខ្វះចន្លោះមួយចំនួននៅក្នុងដំណើរការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមនៅកម្ពុជា ពិសេសគឺភាពនៅចង្អៀតមិនទាន់គ្រប់ជ្រុងជ្រោយ ក៏ដូចជាភាពរាយប៉ាយដាច់ដោយដុំៗរវាងសមាសភាពផ្សេងៗដែលត្រូវបានបង្កើតរួចហើយ និងភាពខ្វះខាតនូវឧបករណ៍ហិរញ្ញវត្ថុ សម្រាប់ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមព្រមទាំងសមត្ថភាពស្ថាប័ននៅមានកម្រិត ដែលទាមទារឱ្យមានដំណោះស្រាយនិងកែលំអរដំដៅធានាដល់ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមកម្ពុជាឱ្យមានលក្ខណៈពេញលេញស្របតាមឧត្តមភាពនុវត្តន៍តំបន់ និងអន្តរជាតិ ហើយអាចឆ្លើយតបបានប្រកបដោយប្រសិទ្ធភាពទៅនឹង ចក្ខុវិស័យនៃការអភិវឌ្ឍកម្ពុជាក្នុងរយៈពេលវែងទៅមុខ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់បន្ថែមថា ក្របខ័ណ្ឌគោលនយោបាយគាំពារសង្គម ២០១៦-២០២៥ ត្រូវបានរៀបចំឡើងជាមួយនឹងគោលនយោបាយចំបងនៃការបន្ស៊ីប្រមូលផ្តុំ និងពង្រីករបបឬកម្មវិធីដែលមានស្រាប់ដើម្បីបង្កើនប្រសិទ្ធភាព តម្លាភាព និងសង្គតិភាព ព្រមទាំងពង្រីកវិសាលភាពដែលនៅតូចចង្អៀតនៅឡើយឱ្យឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់ ស្របតាមការរីកចម្រើននៃសេដ្ឋកិច្ចជាតិ៕








No comments:

Post a Comment