Monday, July 24, 2017

អភិបាល​ខេត្តស្វាយ​រៀង ថ្លែងអំណរ​គុណក្រសួង​សាធារ​ណការ ដែល​គាំទ្រ​ការកសាងជួសជុល និងកែលម្អនូវ​គម្រោង​ហេដ្ឋារចនា​សម្ព័ន្ធគមនាគមន៍

នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧នេះ នៅសាលប្រជុំសណ្ឋាគារវ៉ៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង មានរៀបចំពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ក្រោមអធិបតីភាព លោក សួន រចនា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន តំណាង លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងលោក គឹម ធា ប្រធានក្រុមប្រឹក្សាខេត្ត ។ ក្នុងពិធីនេះ មានការអញ្ជើញចូលរួមពីលោក លោកស្រី អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន នៃក្រសួងសាធារណការ និងដឹកជញ្ជូន លោកស្រីអភិបាលរងខេត្ត តំណាងសាលាដំបូងខេត្ត ព្រះរាជអាជ្ញាខេត្ត កងកម្លាំងទាំងបី អភិបាលក្រុង ស្រុក ប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត និងក៏មានការចូលរួមពីប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តនានាផងដែរ ។
មានប្រសាសន៍ក្នុងឱកាសនោះ អភិបាលខេត្តស្វាយរៀង បានថ្លែងអំណរគុណដល់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលតែងតែជួយគាំទ្រដល់ដំណើរការ នៃការកសាងជួសជុលស្ដារឡើងវិញ និងកែលម្អនូវគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍ក្នុងខេត្តស្វាយរៀង ជាពិសេសការជួយសម្រួលដល់ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត តាមរយៈការអនុញ្ញាតឲ្យមានការដាក់ម៉ាស៊ីនត្រួតពិនិត្យចល័តនៅខេត្តស្វាយរៀង នាពេលកន្លងមក ។

ទន្ទឹមនេះ អភិបាលខេត្ត ក៏បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោក សំ សាវុធ ក្នុងនាមជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត នាពេលកន្លងមក បានចូលរួមចំណែកយ៉ាងសកម្មជាមួយរដ្ឋបាលខេត្ត ក្នុងការអនុវត្តនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ទទួលបានលទ្ធផលប្រសើរលើការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍ក្នុងខេត្ត។
លោក ម៉ែន វិបុល ក៏បានផ្ដាំផ្ញើដល់លោក នួន លីហួន ប្រធានមន្ទីរថ្មី ដែលទើបទទួលបានការតែងតាំង ត្រូវបន្តអនុវត្តការងារស្នូលរបស់មន្ទីរឲ្យទទួលបានលទ្ធផលល្អប្រសើរថែមទៀត ជាពិសេសការចូលរួមពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ការងារថែទាំ ជួសជុល និងកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន លូ ព្រមទាំងការធានានូវនិរន្តភាព និងគុណភាពនៃការផ្ដល់សេវាទាំងសេវាតម្រូវការ និងសេវាសំណូមពរ ដែលជាសមត្ថកិច្ចរបស់មន្ទីរជូនប្រជាពលរដ្ឋឲ្យបានត្រឹមត្រូវ ឆាប់រហ័ស ទាន់ពេលវេលា និងមានតម្លាភាព ដើម្បីរួមចំណែកកសាង អភិវឌ្ឍន៍ខេត្ត និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ៕






No comments:

Post a Comment