Monday, July 24, 2017

ទេវតាជួយល្បង ឡី ហើយ!


អ្នកវិភាគចៅចាក់ស្មុក នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧នេះ បានសម្តែងក្តីរីករាយ​ចំពោះក្រុមគ្រួសារ​លោក​បណ្ឌិត កែម ឡី ដែលបានទទួលថវិកាចំនួន ៥ម៉ឺនដុល្លារពីប្រមុខរាជរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រាប់សាងសង់ចេតិយជូនសពលោក បណ្ឌិត កែម ឡី។
ជុំវិញករណីនេះ អ្នកវិភាគចៅចាក់ស្មុកបានសរសេរដាក់ចំណងជើងថា “ទេវតាជួយល្បង ឡី ហើយ” ដែលមានខ្លឹមសារដូចខាងក្រោម៖
ភ្លាមៗបន្ទាប់ពីការអំពាវនាវស្វែងរកថវិកាសាងសង់ចេតិយជូនសពលោកបណ្ឌិត កែម ឡី ពីសំណាក់លោក កែម រិទ្ធិសិទ្ធ ជាប្អូនប្រុសបង្កើតនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេច​ឧបត្ថម្ភ​ថវិការហូតដល់ទៅ ៥ម៉ឺនដុល្លារអាមេរិក សម្រាប់រួមចំណែកជួយសាងសង់ចេតិយ ជូនសពលោកបណ្ឌិត កែម ឡី។
សម្តេចតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍បញ្ជាក់តាមអង្គភាពព័ត៌មាន Fresh News ឲ្យដឹងដែរថា ប្រសិនបើក្រុមគ្រួសារសពលោក កែម ឡី រកថវិកាពីសប្បុរសជនជួយមិនបាន ឬថវិកាដែលគណៈកម្មការ​ប្រមូលដើម្បីសាងសង់ជាងមួយឆ្នាំកន្លងមកមិនគ្រប់ចំនួននោះ សម្តេចតេជោ ហ៊ុន សែន នឹងជួយឧបត្ថម្ភ​ថវិកាជាបន្តបន្ទាប់ទៀត រហូតដំណើរការសាងសង់ចេតិយសម្រេចជាស្ថាពរ។
លោក កែម រិទ្ធិសិទ្ធ តាមរយៈអង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃសៅរ៍ ទី២២ ខែកក្កដា ឆ្នាំ២០១៧នេះ បានចេញមុខអំពាវនាវ ស្វែងរកថវិកា ពីសប្បុរសជននានា ជួយសាងសង់ចេតិយជូនបងប្រុសរបស់លោក បន្ទាប់​ពីដំណើរការសាងសង់ចេតិយនេះ បានពន្យារពេលសាងសង់ អស់រយៈពេលមួយឆ្នាំមកហើយ ព្រោះតែគ្មានថវិកា។
ជួសមុខឲ្យក្រុមគ្រួសារទាំងមូល លោក កែម រិទ្ធិសិទ្ធ បានសម្តែងក្តីរីករាយ និងគោរពស្ញប់ស្ញែងយ៉ាងខ្លាំង​ចំពោះ​ទឹកចិត្តប្រកបដោយមេត្តាធម៌របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ដែល​បានផ្តល់ថវិកាផ្ទាល់ខ្លួនរបស់សម្តេចសម្រាប់ជួយសាងសង់ចេតិយ បងប្រុសរបស់លោក។
ថវិកា ៥ម៉ឺនដុល្លារនេះ គឺជាការឧបត្ថម្ភរបស់សម្តេចតេជោ ហ៊ុន សែន លើកទីពីរហើយ​សម្រាប់​ក្រុមគ្រួសារ​សពរបស់លោកបណ្ឌិត កែម ឡី។ កាលពីថ្ងៃទី១៥ ខែកក្កដា កន្លងទៅថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានចូលបុណ្យថវិកា ១ម៉ឺនដុល្លារផងដែរ សម្រាប់ក្រុមគ្រួសារ លោក កែម ឡី យកទៅទូទាត់​ការ​ជំពាក់ថ្លៃ​បបរ និងការចំណាយផ្សេងៗ ក្នុងពិធីបុណ្យសពគម្រប់មួយឆ្នាំ នៃមរណភាពរបស់លោក កែម ឡី។
លោក កែម រិទ្ធិសិទ្ធ បានចាត់ទុកទឹកចិត្តរបស់សម្តេចតេជោ ហ៊ុន សែន គឺជាទឹកចិត្តសណ្តោស​ប្រណីដ៏ធំ​ធេង​បំផុតសម្រាប់ក្រុមគ្រួសាររបស់លោក ដែលក្រុមគ្រួសារលោកទាំងមូលមិនអាចបំភ្លេចបាន​នោះឡើយពេញ​មួយជីវិតនេះ។
សូមបញ្ជាក់ថា លោកបណ្ឌិត កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅស្ថានីយប្រេងឥន្ធនៈ​កាល​តិចជាប់​ស្តុបបូកគោ ក្នុងខណ្ឌចំការមន កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦កន្លងទៅ។ ក្រោយមរណភាពរបស់លោក កែម ឡី គេឃើញអ្នកនយោបាយបក្សប្រឆាំង គឺគណបក្សសង្រ្គោះជាតិ ព្រមទាំងអ្នកគាំទ្រមាននិន្នាការ​ប្រឆាំង​បាន​ចេញកាងសពផ្តាច់មុខ ដោយមិនឲ្យអ្នកមាននិន្នការផ្ទុយពីបក្សប្រឆាំងចូលរួមក្នុងពិធីបុណ្យសពនេះឡើយ ហើយថែមទាំងបានធានាអះអាងរៀបចំចាត់ចែងពិធីបុណ្យសព និងសាងសង់ចេតិយជូនសពលោក កែម ឡី ឲ្យបានស័ក្តិជាបុគ្គលដែលពួកគេគោរព។
តែអ្វីដែលជាការកត់សម្គាល់នោះ អ្វីៗហាក់មិនបានសម្រេចដូចការអះអាងនោះឡើយ ជាក់ស្តែង​សូម្បីតែការ​បុណ្យ​សពគម្រប់ខួបមួយឆ្នាំ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧នេះ ដែលមានការជំពាក់ថ្លៃបបរ និងការ​ចំណាយ​ផ្សេងៗរហូត ៧៨០០ដុល្លារអាមេរិក គេមិនឃើញ អ្នកស្រែកស្រឡាញ់លោក កែម ឡី ចេញជួយដោះ​ស្រាយការ​ខ្វះខាតនេះទេ។
ផ្ទុយទៅវិញសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលត្រូវបានក្រុមប្រឆាំងចោទប្រកាន់ និងលាប​ពណ៌ថា ជាអ្នកនៅពីក្រោយ ឃាតកម្មនេះ បែរជាមានក្តីសណ្តោស និងអាណិតអាសូរចំពោះក្រុម​គ្រួសារសព​របស់លោក កែម ឡី ហើយបានចូលបុណ្យថវិកា ១ម៉ឺនដុល្លារអាមេរិក សម្រាប់ចាត់ចែង និងទូទាត់ការ​ចំណាយ​ផ្សេងៗ ដែលក្រុមគ្រួសារកំពុងជំពាក់គេក្រោយពិធីបុណ្យ៕
ដោយ៖ ចៅចាក់ស្មុក



No comments:

Post a Comment