Monday, July 24, 2017

អ្នកជំនាញផ្នែកអារ្យធម៌ខ្មែរ៖ ការប្រើប្រាស់ «អក្សរជាតិ» ក្នុងហ្វេសប៊ុកកំពុងបង្កភាពច្របូកច្របល់

(ភ្នំពេញ)៖ អ្នកជំនាញផ្នែកអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងថា បើនិយាយពី «ជាតិ» ផ្ដើមចេញពីកត្ដាច្រើនយ៉ាងក្នុងនោះអ្វីសំខាន់កំណត់ជាគោលនោះគឺ «អក្សរ» នេះឯង។ ឧទាហណ៍ ព្រះរាជាណាចក្រកម្ពុជាយើង បើនិយាយពីជនជាតិខ្មែរយើងដែលបានរស់នៅលើទឹកដីសុវណ្ណភូមិយើងនេះ គឺមានតំាងពីរាប់ពាន់ឆ្នាំមុន គ.ស.មកម៉្លេះ ប៉ុន្ដែបើនិយាយពីប្រវត្ដិសាស្រ្ដស្ដីពីការកកើតរដ្ឋ គេកំណត់លើភស្ដុតាង អក្សរសិលាចារឹកចាស់ជាងគេ K.600 នាស.វ.ទី៦នេះឯង។ នេះហើយ ជាគុណតម្លៃ«អក្សរ»របស់ជាតិនីមួយៗក្នុងលោក។
បច្ចុប្បន្ន បើពិនិត្យអំពីប្រភពឯកសារដែលប្រើអក្សរ និងផ្សព្វផ្សាយយ៉ាងផុលផុសនោះគឺមាន៖ សៀវភៅ ទស្សនាវដ្ដី និងកាសែត ជាដើម។ ក្នុងចំណោមប្រភពឯកសារទំាងនេះទៀតសោត ដោយស្របនឹងបច្ចេកវិជ្ជាពិភពលោកមានការរីកចម្រើនផងនោះ អ្វីដែលយើងសង្កេតឃើញមានអ្នកប្រើប្រាស់និងអានច្រើនជាងគេ គឺបណ្ដាញសង្គមហ្វេសប៊ុក (Facebook)។ តែក្នុងនោះក៏មានអ្នកលេង និងប្រើប្រាស់ហ្វេសប៊ុកខ្លះបាននិងកំពុងសរសេរ «អក្សរជាតិ» ហាក់បង្កនូវភាពយ៉ាងអនាធិតេយ្យផងដែរ។ ឧទាហណ៍ ពាក្យថា «ខ្ញុំ» គេនំាគ្នាសរសេរ «ញុម, ញុំ, ញេម» ជាដើម។ ចំពោះពាក្យខុសឆ្គងទំាងនេះ ហាក់កំពុងក្លាយជាទីពេញនិយម និងស្ទើរក្លាយជាទម្លាប់សម្រាប់អ្នកលេងហ្វេសប៊ុកសព្វថ្ងៃនេះ។ នេះគឺគ្រាន់តែបង្ហាញជ្រុងដ៏តូចមួយប៉ុណ្ណោះ អំពីភាពច្របូកច្របល់ក្នុងសង្គម។
លោក រត្ន័ សណ្ដាប់ បានបន្ដថា ចំពោះមូលហេតុនៃការប្រើ «អក្សរជាតិ» ក្នុងហេ្វសប៊ុក បង្កនូវភាពច្របូកច្របល់បែបនេះ ក៏ព្រោះថាអ្នកសរសេរ ឬអ្នកផ្ដល់ព័ត៌មាន ក្នុងបណ្ដាញទំាងនេះ គឺចម្រុះដោយមនុស្សគ្រប់ជំពូកជាអាទិ៍៖ ចាប់ពីអ្នកស្រាវជ្រាវធំៗរហូតមកដល់អ្នកត្រឹមចេះអាន ឬសរសេរបន្ដិចបន្ដួច ក៏អាចមានតួនាទីធ្វើជាអ្នកផ្ដល់ព័ត៌មានឱ្យសង្គមបានផងដែរ។ បានន័យថា ចំពោះអ្នកផ្ដល់ព័ត៌មានក្នុងហ្វេសប៊ុក ពុំចំាបាច់រៀនជ្រៅជ្រះក៏បានដែរ។ ត្រង់ចំណុចនេះ ខុសពីអ្នកសរសេរសៀវភៅ កាសែត ឬអ្នកស្រាវជ្រាវផ្សេងៗទៀតគឺទាមទារឱ្យមនុស្សមានការអប់រំខ្ពស់ទើបអាចធ្វើជាអ្នកផ្ដល់ព័ត៌មានដល់សង្គមបាន។
ជាសរុបលោក រ័ត្ន សណ្តាប់ ក៏បានបញ្ជាក់ថា បើទោះជាយ៉ាងណាក្ដី ក៏យើងពុំគួរធ្វេសប្រ​ហែស ឬបណ្ដែតបណ្ដោយនូវអ្វីដែលខុស រួចយើងពុំនំាគ្នាខិតខំកែតម្រូវនោះទេ។ បានសេចក្ដីថា បើយើងទុកយ៉ាងដូច្នេះគឺប្រាកដណាស់ យើងកំពុងនំាគ្នាដឹកដៃឱ្យកូនចៅយើងវង្វេង និងដើរផ្លូវខុស។ បើហេតុនេះដើម្បីបង្ហាញពីការស្រឡាញ់ជាតិ មោទនភាពជាតិ គួរខេមរជនខ្មែរទំាងប្រុសទំាងស្រី ត្រូវស្វែងយល់ និងលើកអំពីគុណតម្លៃ «អក្សរជាតិ» របស់ខ្លួនដោយផ្ដើមចេញពីបុគ្គលយើងម្នាក់ៗ ព្រោះថា «អក្សរ ជាគូនិងជាតិ»៕

ប្រភព៖ Fresh News

No comments:

Post a Comment