Monday, July 24, 2017

មេបញ្ជាការអាវុធហត្ថខេត្តកំពង់ចាម បញ្ជាឱ្យមន្ដ្រីក្រោមឱវាទត្រូវបង្កើនការ បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសក្នុងភូមិសាស្ដ្រ

កំពង់ចាម៖ បើទោះបីជាលទ្ធផលសម្រេចកន្លងទៅបានល្អហើយក្ដី លោក សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម បញ្ជាឱ្យមន្ដ្រីក្រោមឱវាទត្រូវខិតខំ បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសក្នុងភូមិសាស្ដ្ររបស់ខ្លួនឲ្យល្អថែមទៀត។

ការថ្លែងបញ្ជាបែបនេះ របស់លោក មេបញ្ជាការត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផងការងារឆមាសទី១ និងលើកទិសដៅបន្ដ ព្រមទាំងផ្សព្វផ្សាយបទបញ្ជារបស់ថ្នាក់នាំ នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧នេះ។

ក្នុងនោះក៏មានការចូលរួមពី លោកមេបញ្ជាការរង ប្រធាន-អនុប្រធានមន្ទីរ នាយរងសេនាធិការដ្ឋាន នាយការិយាល័យ មេបញ្ជាការក្រុង ស្រុក ស្នាក់ការ នាយនាយរង ចំណុះបញ្ជាការដ្ឋានអាវុធហត្ថ​ខេត្តជាច្រើន​នាក់ផងដែរ ។

យ៉ាងណាមិញ លោក ក៏បាននាំនូវការសាកសួរសុខទុក្ខពីសំណាក់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនមន្ដ្រីអាវុធទាំងអស់ផងដែរ។

ជាមួយគ្នានោះ លោកមេបញ្ជាការ ក៏បានយកបទបញ្ជារបស់លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ដែលកំណត់ឱ្យសមត្ថកិច្ចទាំងអស់ ត្រូវខិតខំបង្ក្រាបរាល់បទ​ល្មើសល្បែងស៊ីសងគ្រប់ប្រភេទ ឱ្យខាងតែបាន នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ព្រោះថាល្បែងស៊ីសង​ទាំងនោះហើយ នាំឱ្យមានអំពើចោរកម្ម លួច ឆក់ ប្លន់ ។

ក្រៅពីការងារស្នូលទាំងនេះ លោកក៏បានឱ្យកម្លាំងសមត្ថកិច្ចត្រៀមគ្រប់លក្ខណៈជានិច្ច ក្នុងការចុះជួយ​ប្រជាពលរដ្ឋ នៅពេលមានគ្រោះធម្មជាតិកើតឡើងជាយថាហេតុ ព្រោះថានេះជារដូវវស្សា ។

លោក បន្ថែមថា កម្លាំងទាំងអស់ត្រូវចូលរួមឱ្យសកម្មក្នុងការបង្ក្រាប និងផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានអំពីយុទ្ធនាការបង្ក្រាបគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត។

លោកមេបញ្ជាការថា ទន្ទឹមនោះដែរត្រូវចូលរួមយ៉ាងសកម្ម ក្នុងការផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពទាំង៩ចំណុច និងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ឱ្យបានម៉ឺងម៉ាត់ បង្កើនការផ្តល់សេវាសន្តិសុខជូនប្រជាពលរដ្ឋឱ្យបានប្រសើរថែមទៀត ៕



No comments:

Post a Comment