Monday, July 24, 2017

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់លោក ហ៊ុន ម៉ានី ចុះពិនិត្យ និងព្យាបាលជម្ងឺជូនកម្មករ និងប្រជាពលរដ្ឋជាង៣ពាន់នាក់នៅខណ្ឌសែនសុខ

(ភ្នំពេញ)៖ សម្ព័ន្ឋគ្រូពេទ្យ សហភាពសហព័ន្ឋយុវជនកម្ពុជា និងក្រុមសភាសហភាពសម្ព័ន្ធសហជីពជាតិកម្ពុជាចំនួនជាង ៣០០នាក់ បានចុះពិនិត្យ ព្យាបាលជំងឺ និងចែកថ្នាំពេទ្យដោយឥតគិតថ្លៃជូនដល់ប្រជាពលរដ្ឋ និងកម្មករ កម្មការិនីនៅក្នុងខណ្ឌសែនសុខ ដែលស្ថិតនៅក្នុងសាលាបឋមសិក្សាភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃអាទិត្យទី២៣ ខែកក្កដា ឆ្នាំ២០១៧ ។

សកម្មភាពនេះ បានធ្វើឡើងដោយមានកិច្ចសហការពីអាជ្ញាធរខណ្ឌសែនសុខ សម្ព័ន្ឋគ្រូពេទ្យសហភាពសហព័ន្ឋយុវជនកម្ពុជា និងសភាសម្ព័ន្ឋសហជីពជាតិកម្ពុជា ក្រោមអធិបតីភាពលោក នួន ផារត័្ន អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលនៃគណអភិបាលរាជធានីភ្នំពេញ និងលោក ហេង សុខគង់ ប្រធានសម្ព័ន្ឋគ្រូពេទ្យ សហភាពសហព័ន្ឋយុវជនកម្ពុជា តំណាងលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ឋយុវជនកម្ពុជា និង លោក សោម អូន ប្រធានសភាសម្ព័ន្ឋសហជីពជាតិកម្ពុជា និងលោក ប៉ិល កុសល អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ។
ការពិនិត្យ និងព្យាបាលជម្ងឺ ក្នុងថ្ងៃនេះសរុបបានចំនួន៣០៤៥នាក់ ក្នុងនោះ ជម្ងឺទូទៅចំនួន៣៨៤នាក់ ជម្ងឺបេះដូង និងសរសៃឈាមចំនួន ៩៧នាក់ ជម្ងឺមនុស្សចាស់ចំនួន១៥០នាក់ ជម្ងឺច្រមុះត្រចៀក បំពង់ក ចំនួន៣០០នាក់ ជម្ងឺភ្នែកចំនួន៣២៥នាក់ ជម្ងឺសើរស្បែកនិងកាមរោគចំនួន១៨០នាក់ ជម្ងឺកុមារចំនួន១២៥នាក់ ជម្ងឺវះកាត់ និងរោគសន្លាក់ចំនួន ១៦៤នាក់ក្នុងនោះបានវះកាត់ចំនួន១៤នាក់ ជម្ងឺមាត់ធ្មេញ១០២នាក់ ពិនិត្យអេកូសាស្ត្រចំនួន១៥០នាក់ រោគស្ត្រី និងពិនិត្យ ផ្ទៃពោះចំនួន១៦០នាក់ ផ្នែកមន្ទីរពិសោធន៏ចំនួន១៥៩នាក់ ជម្ងឺតម្រងនោមចំនួន៩៧នាក់ អប់រំសុខភាពសាធារណៈចំនួន១២៩នាក់ ពិនិត្យបឋមនិងវាស់សម្ពាធឈាម ចំនួនចំនួន៥៤៧នាក់ អប់រំសុខភាពសាធារណៈចំនួន១២០នាក់ ផ្នែកមន្ទីពិសោធន៍ចំនួន១៤៤នាក់។
ជាមួយគ្នានោះ លោក នួន ផារ័ត្ន បានសួរសុខទុក្ខដល់ ពុក ម៉ែ ពូ មីង បងប្អូន ប្រុសស្រី ក្មួយៗ កុមារា កុមារី និង កម្មករ កម្មការិនី ទាំងអស់ត្រូវចេះថែរក្សាសុខភាព ព្រោះសុខភាពជាកត្តាចំបងរបស់យើងគ្រប់គ្នា ហើយលោកបានផ្តាំផ្ញើរដល់បងប្អូនកម្មករ កម្មការិនី អោយចេះការពារឆ្នាំងបាយរបស់ខ្លួន កុំជឿការញុះញុងណាមួយដែលធ្វើអោយបាត់ផលប្រយោជន៍របស់បងប្អូនអោយសោះ។
លោក សោម អូន បានគូសបញ្ចាក់ថា កម្មវិធីនេះបានធ្វើចំនួន៥លើករួចមកហើយ ហើយក្រុមការងាររបស់លោកបានយកចិត្តទុកដាក់បំផុតចំពោះផលប្រយោជន៍របស់បងប្អូនកម្មករនិយោជិត និងប្រយោជន៍ជាតិជាធំដោយឡែកជីវភាពនិងប្រាក់ឈ្នូលរបស់បងប្អូនត្រូវបានកែលំអជាបន្តបន្ទាប់ពីមូយឆ្នាំទៅមួយឆ្នាំ ។
អត្ថប្រយោជន៍ទាំងនោះរូមមាន ប្រាក់ឈ្នួលអប្បរមា១៥៣ដុល្លារក្នុងឆ្នាំ២០១៧ និងអត្ថប្រយោជន៍ផ្សេងៗដែលក្នុងមួយខែបងប្អូនទទូលបានជាមធ្យម ១៨០ដុល្លារទៅដល់ ២៥០ដុល្លារផងដែរ ហើយជាងនេះទៅទៀតយើងក៏មានការចរចាប្រាក់ឈ្នូលអប្បរមា ជារៀងរាល់មួយឆ្នាំម្តង យើងសង្ឃឹមថាឆ្នាំ២០១៨ខាងមុខនេះប្រាក់ឈ្នូលអប្បរមារបស់បងប្អូនអាចនិងឡើងរហូតដល់លើស ១៦០ ដុល្លារក្នុងមូយខែ។
លោក សោម អូន បានបញ្ជាក់បន្ថែមទៀតថា យោងតាមស្មារតីអនុសារណៈយោគយល់គ្នា ជាមួយ សម្ព័ន្ឋគ្រូពេទ្យសហភាពសហព័ន្ឋយុវជនកម្ពុជា ក្នុងនាមសភាសម្ព័ន្ឋសហជីពជាតិកម្ពុជា និងកម្មករនិយោជិត លោកនឹងខិតខំរៀបចំការពិនិត្យ និងព្យាបាលជម្ងឺដោយឥតគិតថ្លៃជូនកម្មករ ក៏ដូចប្រជាពលរដ្ឋនៅតាមតំបន់ផ្សេងៗទៀត ដើម្បីជួយធ្វើអោយសុខមាលភាពកម្មករ និងប្រជាពលរដ្ឋអោយបានប្រសើរឡើង។ ពីព្រោះបញ្ហាសុខភាពគឺជាអទិភាពទី១ សម្រាប់មនុស្សគ្រប់ៗរូប ហើយលោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្ព័ន្ឋគ្រូពេទ្យសហភាពសហព័ន្ឋយុវជនកម្ពុជា ដែលផ្តួចផ្តើមបង្កើតឡើង និងដឹកនាំដោយលោក ហ៊ុន ម៉ានី ដែលបានយកចិត្ត ទុកដាក់ចុះពិនិត្យ និងព្យាបាលជម្ងឺដោយឥតគិតថ្លៃជូនដល់បងប្អូនកម្មករ និងប្រជាពលរដ្ឋ ជាពិសេសបានចុះទៅពិនិត្យ ដោយផ្ទាល់ដល់ទីកន្លែងរស់នៅ របស់ប្រជាពលរដ្ឋនិងកម្មករតែម្តង ៕








No comments:

Post a Comment