Monday, July 24, 2017

លោក សួស យ៉ារ៉ា ដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ប្រទេសកូរ៉េខាងត្បូង​ ចុះជួយ​ព្យាបាល​ជំងឺជូន​ប្រជាពលរដ្ឋ​ចំនួន៣ពាន់នាក់​ ដោយឥតគិតថ្លៃ​ នៅខេត្ត​ព្រះវិហារ​

លោក សួស យ៉ារ៉ា តំណាងរាស្រ្តមណ្ឌលព្រះវិហារ និងលោក អ៊ុន ចាន់ដា អភិបាលខេត្ត នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧នេះ បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ប្រទេសកូរ៉េខាងត្បូង មកពីខេត្តឃ្យុងសាងប៉ុកដូ ចុះព្យាបាលជំងឺជូនពលរដ្ឋចំនួនចំនួន៣ពាន់នាក់ នៅខេត្តព្រះវិហារ។
លោក សួស យ៉ារ៉ា បានឲ្យដឹងថា សុខទុក្ខរបស់ប្រជាជន ជាសុខទុក្ខរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដូច្នេះលោកមិនដែលភ្លេចពីករណីយកិច្ច និងការយកចិត្តទុកដាក់ចំពោះសុខភាពប្រជាជនទេ។
លោកបានបន្តថា ក្នុងមួយឆ្នាំៗ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តចំនួន៣ក្រុម ដែលចុះមកខេត្តព្រះវិហារ ក្រុមទីមួយ គឺក្រុមលោក ហ៊ុន ម៉ាណែត ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ក្រុមទី២ គឺក្រុមរបស់លោក ហ៊ុន ម៉ានី ដែលមានក្រុមយុវជន ស ស យ ក និងក្រុមគ្រូពេទ្យជាច្រើនទៀត និងក្រុមទី៣ គឺក្រុមគ្រូពេទ្យអន្តរជាតិ ហើយក្រុមអន្តរជាតិ មានតែនៅកន្លែងនេះទេដែលមានមួយឆ្នាំម្តង នៅការិយាល័យ១តំណាងរាស្ត្រ ពិនិត្យដោយមិនគិតថ្លៃ ពិនិត្យដោយការទទួលខុសត្រូវ ពិនិត្យតាមជំនាញ ហើយថ្នាំពេទ្យទាំងអស់មានប្រសិទ្ធិភាព ដូច្នេះសូមប្រើអោយត្រូវតាមការណែនាំរបស់គ្រូពេទ្យ។
លោក សួស យ៉ារ៉ា បានបន្តថា ថ្ងៃនេះមានថ្នាំពេទ្យល្អ មានគ្រូពេទ្យល្អ សូមឲ្យថ្នាំពេទ្យទាំងអស់នេះបម្រើសុខភាពពុកម៉ែ បម្រើសេចក្តីស្រឡាញ់នៅក្នុងគ្រួសារ និងត្រឡប់ទៅវិញដោយទឹកមុខញញឹមទាំងអស់គ្នា បើមានចំណុចខុសឆ្គងសូមកុំប្រកែប្រកាន់ ព្រោះរយះពេល២ថ្ងៃ ពិនិត្យជំងឺបាន៣ពាន់នាក់។
ការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋនោះរួមមាន៖ ជំងឺទូទៅ ជំងឺផ្លូវចិត្ត ជំងឺទូទៅផ្នែកកុមារ ជំងឺរោគស្ត្រី ជំងឺឬសដូងបាត ជំងឺសួត ក្រពះ ពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ជំងឺសើស្បែក ជំងឺព្រូន ជំងឺស្លេកស្លាំង ជំងឺសន្លាក់ឆ្អឹង ជំងឺរលាកថ្លើម ជំងឺកាមរោគ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺភ្នែក សុខភាពមាត់ធ្មេញ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង លើសឈាម ជំងឺត្រចៀក ច្រមុះ បំពង់ករ ជំងឺតម្រងនោម អេកូសាស្ត្រ…។
លោក សួស យ៉ារ៉ា បានឲ្យដឹងទៀតថា ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនេះ គឺជាស្មារតីមនុស្សធម៌សុទ្ធសាធ ដែលស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូន ប្រជាពលរដ្ឋ ក្នុងនាមជាឈាមជ័រ ខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋមួយចំណែក។ បញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរកភាពជោគជ័យសុភមង្គល ជូនគ្រួសារ និងសង្គមជាតិ។
លោក អ៊ុន ចាន់ដា បានថ្លែងអំណរគុណ ដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ប្រទេសកូរ៉េ ក្នុងកម្មវិធីពិនិត្យសុខភាពប្រចាំឆ្នាំរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ខេត្តឃ្យុងសាងប៊ុកដូ ដែលនេះជាលើកទី២ហើយ និងបានឆ្លុះបញ្ចាំងឲ្យឃើញពីកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំង២ ក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំនៃបរទេសទាំង២កម្ពុជា-កូរ៉េ៕








No comments:

Post a Comment