Friday, July 21, 2017

គិលានុបដ្ឋាក ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ​ ដើម្បីអោយ​ការផ្តល់​សេវាថែទាំ​អ្នកជំងឺ​ កាន់តែមាន​ប្រសិទ្ធភាពខ្ពស់​ ប្រកបដោយ​សមធម៌​

ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តកំពង់ឆ្នាំង ចំនួន១៩នាក់ ត្រូវបានប្រកាសទទួលស្គាល់កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧នេះ ក្រោមអធិបតីភាព លោកវេជ្ជបណ្ឌិតប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង និងលោក អ៊ុន សាន ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិ។
លោក ម៉ម ម៉ាល័យ ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តកំពង់ឆ្នាំង អណត្តិទី១បានអោយដឹងថា កិច្ចការសកម្មភាពដែលក្រុមការងារបានធ្វើកន្លងមកនេះ គឺបានផ្សព្វផ្សាយច្បាប់ស្តីពីការគ្រប់គ្រង លើការងារប្រកបដោយវិជ្ជាជីវៈឯកជនក្នុងវិស័យ វេជ្ជសាស្រ្ត អមវេជ្ជសាស្រ្ត និង ជំនួយវេជ្ជសាស្រ្ត។ ច្បាប់ស្តីពីការគ្រប់គ្រង និងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល ក្រមសីលធម៌គិលានុបដ្ឋាក របៀបនៃការថែទាំអ្នកជំងឺ និយាមនៃការថែទាំអ្នកជំងឺ ក្នុងព្រះរាជាណាចក្រកម្ពុជា និងផែនការយុទ្ធសាស្ត្រជាតិ សម្រាប់គណៈវិជ្ជាជីវៈសុខាភិបាល។
តាមសេចក្តីសម្រេចលេខ១៩ កគជ/១៧ សម្រេចទទួលស្គាល់លោក ម៉ម ម៉ាល័យ ជាប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តកំពង់ឆ្នាំង និងសមាសភាពក្រុមប្រឹក្សាគណៈគិលានុបដ្ឋាក ចំនួន១៨រូបផ្សេងទៀតផងដែរ សម្រាប់អណត្តិទី២។
មានប្រសាសន៍នៅក្នុងឱកាសនោះ លោក អ៊ុន សាន ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិ និងលោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានអោយដឹងថា ការបង្កើតគណៈគិលានុបដ្ឋាកនៅកម្ពុជានេះឡើង គឺក្នុងគោលបំណងពង្រឹងការលើកកម្ពស់សុខមាលភាពជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយជាតិកាត់បន្ថយបាតុភាពអវិជ្ជមានបណ្តាលមកពីការមិនគោរពអោយបានត្រឹមត្រូវ នូវគោលការណ៍ ក្រមសីលធម៍វិជ្ជាជីវៈជំនួយវេជ្ជសាស្ត្រ និងដើម្បីការពារកិត្តិយស និងឥស្សរភាពរបស់វិជ្ជាជីវៈ អោយបានសមស្របទៅនឹងមូលហេតុផងដែរ។

លោក អ៊ុន សាន និងលោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងទៀតថា ដើម្បីធានាអោយបាននូវគុណភាពនៃការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ ទាំងវិស័យរដ្ឋ និងឯកជន ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តមានតួនាទីដ៍សំខាន់ ក្នុងការគ្រប់គ្រងតាមដាននូវរាល់សកម្មភាពរបស់គិលានុបដ្ឋាកទាំងអស់ ដែលប្រកបវិជ្ជាជីវៈថែទាំ ដើម្បីផលប្រយោជន៍លើកកម្ពស់ វិជ្ជាជីវៈថែទាំនៅកម្ពុជា។
លោក អ៊ុន សាន បានបន្ថែមថា ចំពោះគិលានុបដ្ឋាក មានឱកាសជួបអ្នកជំងឺច្រើនជាងគ្រូពេទ្យ ដូចនេះសកម្មភាពទាំងល្អ និងអាក្រក់គឺបានស្តែងចេញឡើង ដូចនេះគិលានុបដ្ឋាក ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ វិជ្ជាជីវៈរបស់គិលានុបដ្ឋាក ដើម្បីអោយការផ្តល់សេវាថែទាំអ្នកជំងឺនេះ កាន់តែមានប្រសិទ្ធភាពខ្ពស់ ប្រកបដោយសមធម៌៕







No comments:

Post a Comment