Friday, July 21, 2017

លោក អ៊ិត សំហេង ជួបសំណេះសំណាល សាកសួរសុខទុក្ខ បងប្អូនពលករខ្មែរ នៅសាមុទ្របាកាន ព្រះរាជាណាចក្រថៃ

នៅថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០១៧ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយនឹងគណៈប្រតិភូកម្ពុជាបាន អញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខ បងប្អូនពលករខ្មែរកំពុងធ្វើការនៅក្រុមហ៊ុន GFPT Public Company នៅសាមុទ្របាកាន នៅព្រះរាជាណាចក្រថៃ បន្ទាប់ពីបានជួបជាមួយលោករដ្ឋមន្រ្តីក្រសួងអភិវឌ្ឍសង្គមថៃ ដើម្បីពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីលុបបំបាត់ការជួញដូរមនុស្ស និងការពង្រឹងការអនុវត្តលក្ខខណ្ឌការងារ និងការការពារពលករកម្ពុជា។
នាឱកាសនោះ លោកបានសម្តែងនូវការស្វាគមន៍ និងថ្លែងអំណរគុណ ចំពោះលោកអគ្គរាជទូត មន្ត្រីស្ថានទូត តំណាងមន្ទីរការងារថៃ បងប្អូនពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសថៃទាំងអស់ ព្រមទាំងតំណាងក្រុមហ៊ុនផ្ដល់សេវាការងាររក្រៅប្រទេស ជាពិសេសលោកក៏បានអរគុណដល់ក្រុមហ៊ុន GFPT ដែលបានរៀបចំឱ្យមានកម្មវិធីនេះឡើង។ ឆ្លៀតក្នុងឱកាសនេះ លោកក៏សូមពាំនាំមកនូវសេចក្ដីនឹករលឹក និងការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់រាជរដ្ឋាភិបាល ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែខ្វល់ខ្វាយដល់សុខទុក្ខរបស់បងប្អូនពលករ និងសូមជូនពរសព្វសាធុការពរជូនដល់បងប្អូនខ្មែររស់នៅថៃទាំងអស់ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។
ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ក៏បានធ្វើការលើកឡើងពីបញ្ហារសើប មួយចំនួនដែលទាក់ទងទៅនឹងបងប្អូនពលករខ្មែរយើងនៅថៃជាពិសេស បងប្អូនពលករ ខុសច្បាប់ ដោយអាជ្ញាធរថៃបានកែទំរង់ច្បារឹតប់បន្តឹងដល់និយោជក និង កម្មករខុសច្បាប់ ដែលនេះជាកង្វល់របស់ក្រុមគ្រួសាររបស់ពលករខ្មែរយើងលើសុវត្ថិភាព និងការបណ្តេញចេញរបស់ភាគីថៃ។ លោកបានស្នើរឱ្យក្មួយៗរក្សាភាពនឹងនរ និងបន្តខិតខំបំពេញការងាររបស់ខ្លួន ដោយសុវត្ថិភាពរបស់ក្មួយៗត្រូវបានធានាដោយរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ ក្រោមកិច្ចព្រមព្រៀងគ្នាលើដំណោះស្រាយសន្តិវិធី ដែលក្នុងនោះ ភាគីថៃបានឯកភាពក្នុងការពន្យាពេលក្នុងការអនុវត្តសេចក្តីប្រកាសរបស់ខ្លួនរយៈ ៦ខែ ដែលគិតចាប់ពីខែកក្កដានេះរហូតដល់ ខែមករា ឆ្នាំ២០១៨ ដើម្បីឱ្យបងប្អូនពលករ មានពេលវេលាគ្រប់គ្រាន់ទៅបំពេញសំណុំឯកសារពាក់ព័ន្ធនានាក្នុងការទទួលបានភាពស្របច្បាប់ក្នុងការបម្រើការងារ ហើយភាគីថៃក៏បានរៀបចំបើកមជ្ឈមណ្ឌល ១០កន្លែងនៅបាងកក និងច្រើនកន្លែងទៀតនៅតាមខេត្តនានា សម្រាប់ផ្តល់ឱកាសដល់បងប្អូនកម្មករកម្ពុជា មកធ្វើឯកសារស្របច្បាប់ផងដែរ។ ជាងនេះទៅទៀត កម្ពុជាបានបើកនូវយុទ្ធនាការទ្រង់ទ្រាយធំរយៈពេល ១០០ថ្ងៃ ក្នុងការផ្តល់លិខិតធ្វើដំណើរ និងប័ណ្ណOCWC ដល់បងប្អូនពលករចំនួន ១៦ម៉ឺននាក់ ហើយការធ្វើលិខិត ឆ្លងដែន នឹងត្រូវធ្វើរួចក្នុងរយៈ ពេលមួយថ្ងៃដែលមានតម្លៃ២៣៥០បាត ហើយក្នុងបេសកកម្មនេះ យើងបានបញ្ជូនក្រុមការងារ២០០នាក់ មកបំពេញកិច្ចការងារនេះផងដែរ។ ដូចនេះសូមបងប្អូន ដែលមិនទាន់មានឯកសារស្របច្បាប់សូមនាំគ្នា ទៅទទួលសេវានេះនៅស្ថានទូតកម្ពុជាប្រចាំក្រុងបាងកក និងតាមទីតាំងផ្តល់អត្តសញ្ញាណនានា ដែលបាននឹងកំពុងផ្តល់សេវា និងរៀបចំឯកសារស្របច្បាប់ជូនបងប្អូនពលករ ឱ្យបានទាន់ពេលវេលា និងឆាប់បានត្រឡប់ទៅបំពេញការងាររៀងៗខ្លួនវិញ ពោលគឺនៅពេលដែលបងប្អូនពលករយើងមកទទួលយកសេវានេះភ្លាម ក្រុមការងារយើងនឹងរៀបចំបែបបទជូនជាបន្តបន្ទាប់ភ្លាមដើម្បីអាចធ្វើកិច្ចការនេះចប់ក្នុងថ្ងៃតែមួយជូនបងប្អូនតែម្តង។
ស្របពេលជាមួយគ្នានេះដែរ សភាពការណ៍ក្នុងប្រទេសកម្ពុជាយើងកំពុងតែមានភាពល្អប្រសើរ ដោយមានសុខសន្តិភាព និងស្ថេរភាពពេញលេញដោយរក្សាបាននូវកំណើនសេដ្ឋកិច្ចជាតិ ជាមធ្យម៧%ប្រចាំឆ្នាំ ក្នុងនោះអត្រាអ្នកមានការងារធ្វើមានរហូតដល់៩៩.៣% ហើយមន្ត្រីរាជការ ទទួលបានប្រាក់ខែយ៉ាងតិច ៨០ម៉ឺនរៀល បងប្អូនកម្មករទទួលបានប្រាក់ឈ្នួលអប្បរមា ១៥៣ដុល្លារ រួមនឹងអត្ថប្រយោជន៍ផ្សេងៗទទួលបានពី១៧០ ទៅ១៨១ ដុល្លារ ហើយកំពុងតែត្រូវបានតំឡើងជាបន្តបន្ទាប់ក្រោមយន្តការត្រីភាគីរបស់រាជរដ្ឋាភិបាល ជាងនេះទៅទៀតក៏ទទួលបានអត្ថប្រយោជន៍ផ្សេងៗទៀត រួមមានរបបសន្តិសុខសង្គម គ្រោះថ្នាក់ការងារ របបថែទាំសុខភាព និងរបបសោធននិវត្តន៍នៅពេលខាងមុខ។
លោកបន្តថា រាជរដ្ឋាភិបាលនៅតែបន្តអនុវត្តគោលនយោបាយចំណាកស្រុកដោយសុវត្ថិភាពនិងស្របច្បាប់ ហើយបច្ចុប្បន្នមានបងប្អូនពលករខ្មែរនៅក្រៅប្រទេសជាង១លាននាក់ នៅប្រទេសថៃមាន១លាន៥ម៉ឺននាក់ ដែលទទួលបានប្រាក់ឈ្នួល ៣០០បាតក្នុងមួយថ្ងៃ និងនៅប្រទេសនានាទៀតដូចជា ជប៉ុន កូរ៉េ ម៉ាឡេ និងសឹង្ហបូរី ហើយកន្លងមកទទួលបានចំណូលមធ្យមប្រហែល ជិត២ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ ជាងនេះទៅទៀតពលករយើងទទួលបានការបណ្ដុះបណ្ដាលជំនាញ ព្រមទាំងទទួលបានអត្ថប្រយោជន៍ផ្សេងទៀត ហើយពេលត្រឡប់ទៅវិញ បងប្អូនពលករ គឺជាធនធានមនុស្ស ដែលមានជំនាញខ្ពស់ដើម្បីកសាងប្រទេសតាមរយះការងារនៅក្នុងស្រុកយើង។ ទាំងនេះ គឺកើតចេញពីទំនាក់ទំនងការទូតល្អរវាងកម្ពុជា-ថៃ ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជាប្រមុខ និងបានជុំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដែលមានប្រយោជន៍សម្រាប់ការអភិវឌ្ឍ។
ទន្ទឹមនឹងនេះ លោកក៏បានបញ្ចាក់ថា ពលករយើងចាប់ផ្តើមពីប្រព័ន្ធ បណ្តុះបណ្តាលជំនាញដែលធ្វើការមានប្រាក់ចំណូល តែលក្ខខណ្ឌមិនមែនពលករ ហើយការជ្រើសរើស និងបញ្ជូនពលករ គឺធ្វើឡើងតាមប្រព័ន្ធ MOU ដែលមានភាពស្របច្បាប់ តម្លាភាព និងសុវត្ថិភាព ដែលរក្សាលក្ខខណ្ឌការងារល្អ ហើយហានិភ័យការងារនានាដែលកើតឡើងជាយថាហេតុ នឹងត្រូវបានដោះស្រាយតាមច្បាប់។
ជារួមការធ្វើចំណាកស្រុកជាបញ្ហាសាកលដែលប្រទេសជាច្រើនបាននឹងកំពុងផ្តល់លទ្ធភាពដល់ពលកររបស់ខ្លួនទៅធ្វើការនៅក្រៅប្រទេស ដើម្បីអាចទទួលបាននូវប្រាក់ចំណូលខ្ពស់ ក្នុងការទ្រទ្រង់ជីវភាព ព្រមទាំងការដកយកបទពិសោធន៍ និងជំនាញវិជ្ជាជីវៈ ដែលអាចឱ្យពួកគេរកការងារធ្វើ ឫបើកអាជីវកម្មផ្ទាល់ខ្លួនបានបន្ទាប់ពីការវិលត្រឡប់មកប្រទេសខ្លួនវិញ។ ដោយឡែកនៅតំបន់អាស៊ីមានប្រទេសចំនួន ៧ ក្នុងចំណោម ១០ ប្រទេសដែលបានបញ្ជូនពលករទៅធ្វើការនៅក្រៅប្រទេស លើកលែងតែប្រទេសប្រុយណេ សឹង្ហបូរី និងម៉ាឡេស៊ី។
លោករដ្ឋមន្រ្តីក៏បានធ្វើការអំពាវនាវដល់ បងប្អូនពលករយើងឱ្យរស់នៅ ធ្វើការងារដោយគោរពច្បាប់របស់ប្រទេសថៃ រក្សាសាមគ្គីភាព ទំនាក់ទនងល្អជាមួយថៃ និងខឹតខំរៀនបច្ចេកទេសវិជ្ជាជីវៈ សម្រាប់ពេលចប់កិច្ចសន្យាវិលទៅប្រទេសវិញក្មួយៗនឹងមានជំនាញ និងលទ្ធភាពប្រកបរបរខ្លួនឯង ឫស្វែងរកការងារធ្វើដែលប្រកបដោយភាពថ្លៃថ្នូរនិងប្រាក់កំរៃខ្ពស់៕







No comments:

Post a Comment