Friday, July 21, 2017

ក្រុមហ៊ុនវិនិយោគដឹកជញ្ជូន ​ហឺណាន​ របស់ចិន​ ប្រគល់​សម្ភារបរិក្ខារ​គ្រឿងចក្រ ​ដល់ក្រសួង​ក្រសួងសាធារណការ​

នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧នេះ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ និងទទួលសម្ភារបរិក្ខារគ្រឿងចក្រ ពីក្រុមហ៊ុនវិនិយោគដឹកជញ្ជូន ហឺណាន នៃសាធារណរដ្ឋប្រជាមានិតចិន។
ពិធីនេះបានប្រព្រឹត្តទៅនៅមូលដ្ឋានស្ថាបនាផ្លូវថ្នល់ (អូរដឹម) ស្ថិតនៅភូមិអូរដឹម សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពី លោក Li An អគ្គទីប្រឹក្សាសេដ្ឋកិច្ចពាណិជ្ជកម្មអមស្ថានទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងមន្ត្រីរាជការ បុគ្គលិករបស់ក្រសួងសាធារណការ និងដឹកជញ្ជូនផងដែរ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឲ្យដឹងថា ទំនាក់ទំនងរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន បាននឹងកំពុងពង្រឹង និងពង្រីកលើគ្រប់វិស័យ ជាពិសេស វិស័យដឹកជញ្ជូន ដែលមានវឌ្ឍនភាពរីកចម្រើនគួរឱ្យកត់សម្គាល់។
លោកទេសរដ្ឋមន្ត្រី បានបន្តថា ភាគីនៃប្រទេសទាំងពីរ កំពុងអនុវត្តកិច្ចសហប្រតិបត្តិការស៊ីជម្រៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដោយភ្ជាប់ជាមួយនយោបាយយុទ្ធសាស្រ្តខ្សែក្រវ៉ាត់មួយ វិថីមួយរបស់ចិន។
ឆ្លៀតក្នុងឱកាសនោះដែរ លោកទេសរដ្ឋមន្ត្រី បានលើកឡើងអំពីការបញ្ចប់ការសិក្សាផែនការមេ អភិវឌ្ឍផ្លូវល្បឿនលឿន និងចងក្រងផែនការបណ្តាញផ្លូវថ្នល់របស់កម្ពុជា។ តាមរយៈ ក្រុមហ៊ុនវិនិយោគដឹកជញ្ជូនហឺណាន បានជួយផ្ដល់ការបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពដល់មន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន ចំនួន២០រូប លើការគ្រប់គ្រង សាងសង់ផ្លូវល្បឿនលឿន និងជាពិសេស បានផ្ដល់សម្ភារៈបរិក្ខា គ្រឿងចក្រថែទាំផ្លូវថ្នល់ នាពេលនេះ ដែលមានតម្លៃសរុបប្រមាណមាណ ១លានដុល្លារ អាមេរិក។
ទន្ទឹមនឹងការទទួលបាននូវសម្ភារៈបរិក្ខាគ្រឿងចក្រដ៏មានសារៈសំខាន់នេះ លោកទេសរដ្ឋមន្ត្រី បានណែនាំដល់ថ្នាក់ដឹកនាំគ្រប់អង្គភាព ក្រោមឪវាទក្រសួង និងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត ទាំងអស់ត្រូវយកចិត្តទុកដាក់លើកការគ្រប់គ្រង ចាត់ចែង និងប្រើប្រាស់សម្ភារៈបរិក្ខា និងគ្រឿងចក្រ ទាំងអស់នេះឱ្យបានត្រឹមត្រូវចំទិសដៅ និងប្រកបដោយការទទួលខុសត្រូវខ្ពស់។
នាឱកាសនោះ លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា សមិទ្ធផលដែលយើងសម្រេចបាន នាពេលកន្លងមក រួមទាំងថ្ងៃនេះផងដែរនោះ គឺជាសមិទ្ធផល ដែលកើតចេញពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ រវាងប្រទេសកម្ពុជា-ចិន ដូច្នេះ យើងត្រូវរួមគ្នាបន្តនូវវប្បធម៌ កិច្ចសហប្រតិបត្តិការនេះ ឲ្យបានល្អរហូតតទៅ។
ជាចុងក្រោយនេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងការកោតសរសើរយ៉ាងស្មោះអស់ចិត្ត ជូនចំពោះក្រុមហ៊ុនវិនិយោគដឹកជញ្ជូនហឺណាន ជាពិសេសប្រជាពលរដ្ឋ និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលជាមិត្តជិតស្និទ្ធិ និងមានទំនាក់ទំនងចំណងមិត្តភាពជាប្រវត្តិសាស្រ្តដ៏យូរលង់ ដែលបានផ្តល់សម្ភារៈរិក្ខាគ្រឿងចក្រយ៉ាងច្រើនមកក្រសួងសាធារណការ និងដឹកជញ្ជូន៕








No comments:

Post a Comment