Friday, July 21, 2017

លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ក្រាបបង្គំទូលថ្វាយសារលិខិតថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រ ចំពោះការបរិច្ឆាគព្រះរាជទ្រព្យ ដល់កាកបាទក្រហមកម្ពុជា

នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ នេះ លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទូលថ្វាយនូវសារលិខិតថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្យ ដែលសារលិខិតនោះមាន ខ្លឹមសារថា៖ «ខ្ញុំម្ចាស់ និងសហការីទាំងអស់ នៃកាកបាទក្រហមកម្ពុជា មានសេចក្ដីរីករាយឥតឧបមា ដោយបានទទួលនូវព្រះរាជទ្រព្យ ចំនួន ១,០០០ ដុល្លារអាមេរិក របស់ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គសព្វព្រះរាជ ហឫទ័យ ប្រោសព្រះរាជូបត្ថម្ភចំពោះកាកបាទក្រហមកម្ពុជា សម្រាប់ខែកក្កដា ឆ្នាំ២០១៧ នេះ»។
លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន បានបន្តថា ក្នុងនាមថ្នាក់ដឹកនាំ សមាជិក សមាជិកា មន្រ្តី និងបុគ្គលិកទាំងអស់ នៃកាកបាទក្រហមកម្ពុជា សូមព្រះបរមរាជានុញ្ញាតដ៏ខ្ពង់ខ្ពស់ ក្រាបបង្គំទូលថ្វាយអំណរព្រះរាជគុណ ដ៏ជ្រាលជ្រៅបំផុត ចំពោះ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គតែង តែប្រោសព្រះរាជទាន ព្រះរាជទ្រព្យ ដើម្បីទ្រទ្រង់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា សម្រាប់ ជួយសង្គ្រោះ ប្រជារាស្រ្តកម្ពុជាក្រីក្រ ដែលទទួលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ។
«ខ្ញុំម្ចាស់ សូមបួងសួងគុណបុណ្យព្រះរតនត្រ័យ តេជៈបារមី នៃវត្ថុសក្តិសិទ្ធិនានាក្នុងលោក ព្រះបារមីទេវតា រក្សា ព្រះមហាស្វេតច្ឆត្រ និងព្រះបារមី នៃព្រះវិញ្ញាណក្ខ័ន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ ព្រះអង្គសូមព្រះមេត្តាប្រោសព្រះរាជទានព្រះពរជ័យបវរមហាប្រសើរ ថ្វាយចំពោះ ព្រះករុណា ជាអម្ចាស់ ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គប្រកបព្រះបរមសុខ គ្រប់ប្រការគង់ប្រថាប់ ក្នុងព្រះមហាសិរីរាជសម្បត្តិជាម្លប់ដ៏ត្រជាក់ត្រជុំសម្រាប់ប្រជារាស្រ្តកម្ពុជា ជ្រកកោនតរៀងទៅ»៕



No comments:

Post a Comment