Friday, July 21, 2017

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសំណូមពរដល់ភាគីវៀតណាមឱ្យជួយជំរុញភ្ញៀវទេសចរណ៍មកកាន់កម្ពុជាកាន់តែច្រើន

នៅក្នុងជំនួបពិភាក្សាការងារជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុនសែន នៅវិមានសន្តិភាព នារ សៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧នេះ លោក ង្វៀន ហ៊្វូជុង អគ្គលេខាធិការ​គណៈកម្មាធិការបក្សកុម្មុយនីសវៀតណាម បានលើកឡើងពី​ទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា ​និងវៀត​ណា​ម ដែលគិតមក​ដល់ពេលនេះមានរយៈពេល៥០ឆ្នាំមកហើយ។ ក្នុងរយៈពេលនេះ​ប្រ​ទេសទាំងពីរ បាន​ឆ្លងកាត់ការតស៊ូ និងសហការគ្នាយ៉ាងជិតស្និទ្ធដើម្បីស្វែងរកសន្តិ ភាព​ និងស្ថិរភា​ពដែលជាកត្តាចលករក្នុងការអភិវឌ្ឍប្រទេសកម្ពុជាឱ្យមានការរីកចម្រើនមកដល់ពេលនេះ​។
ទន្ទឹមនឹងនេះ លោក ង្វៀន ហ៊្វូជុង បានស្នើសុំឱ្យប្រទេសទាំងពីរ​ជំរុញការតភ្ជាប់​ឱ្យ​កាន់តែស៊ីជ ម្រៅ តាមរយៈស្ថាប័នរដ្ឋ វិស័យអប់រំ  យុវជន និងវិស័យសេដ្ឋកិច្ចជាដើម ធ្វើយ៉ាងណាពង្រីកទំហំពាណិជ្ជកម្មទ្វេរភាគីឱ្យកើនឡើងដល់ ៥ពាន់លានដុល្លារ​អាមេរិកនា​ឆ្នាំ២០២៥ខាងមុខ។   នៅ​ក្នុងជំនូបនេះដែរ លោក ង្វៀន ហ៊្វូជុង ក៏បានសម្តែងការអបអរសាទរ​ចំពោះលទ្ធផលជោគ​ជ័យ​របស់គណបក្ស​ប្រជាជន​កម្ពុជា​ក្នុងការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំសង្កាត់អា​ណត្តិទី៤ កន្លងមកនេះ។   នៅក្នុងទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរនេះ លោក ង្វៀន ហ៊្វូជុង បាន​ជម្រាបជូន​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែនថា​ រដ្ឋាភិបាលវៀតណាម បានសម្រេចផ្តល់ជំនួយ​ជាថវិកាចំនួន២៥លាន​ដុល្លារអាមេរិកដល់រាជរដ្ឋាភិបាលកម្ពុជាដើម្បីសាងសង់អគារអគ្គ​លេខាធិការ​ដ្ឋានរដ្ឋសភាផងដែរ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានឆ្លើយតបទៅនឹងការផ្តល់ជំនួយថវិកានេះថា គឺជាចំណងដៃដ៏ធំមួយសម្រាប់ពង្រឹងនិតិរដ្ឋរបស់កម្ពុជា។  បន្ថែមពីនេះ លោក ហ៊ុន សែន ក៏បានថ្លែងអំណរគុណចំពោះ រដ្ឋាភិបាល និងប្រជាជនវៀតណាម ដែលបានគាំទ្រចំពោះការ​ដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុករបស់កម្ពុជាទៅក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោក។ ទន្ទឹមនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្នើសុំដល់ភាគីវៀតណាម ជួយជំរុញភ្ញៀវទេសចរណ៍មកកាន់កម្ពុជាកាន់តែច្រើន និង​ជំរុញឱ្យមានកិច្ចសហការគ្នារវាងស្ថាប័ន និងអាជ្ញាធរខេត្តជាប់ព្រំដែន​នៃប្រទេសទាំងពីរ ដើ​​ម្បីទប់ស្កាត់រាល់អំពើរឧក្រិដ្ឋដែលអាចនឹងមានឡើង​រវាងប្រទេសទាំងពីរតែម្តង៕












No comments:

Post a Comment