Friday, July 21, 2017

វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា សម្តែងការសោកស្តាយចំពោះការលើកឡើងរបស់លោក អេង ឆៃអ៊ាង

វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា បានបញ្ជាក់ថា ការលើកឡើងរបស់លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្រ្គោះជាតិគឺជាសារមូលបង្កាច់ប្រាស់ចាកពីការពិត លាបពណ៌ មានចរិតនយោបាយ និងនាំ ឱ្យសាធារណជនមានការយល់ច្រឡំ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជាចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧។

សេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា ស្នើដោយទទូចឱ្យលោក អេង ឆៃអ៊ាង កែតម្រូវជាបន្ទាន់នូវសារដែលមានចរិតនយោបាយមូលបង្កាច់នេះ និងលុបចេញពីគណនីហ្វេសប៊ុករបស់ខ្លួនឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ទន្ទឹមនឹងនេះ វិទ្យាស្ថាន ក៏ស្នើសុំឱ្យគណបក្សសង្រ្គោះជាតិ មានសេចក្តីក្លាហានចូលរួមជជែកដេញដោលគ្នាជាចំហដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ និងបញ្ឈប់វប្បធម៌ពហិការរបស់ខ្លួន ព្រោះកិច្ចពិភាក្សាដែលរៀបចំដោយវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា មិនមែនជាវេទិកានយោ​បាយទេ គឺជាវេទិកាវិទ្យាសាស្រ្តតែប៉ុណ្ណោះ។

គួរបញ្ជាក់ថា នៅក្នុងកិច្ចពិភាក្សាតុមូលស្តីពី «វិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ» កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ លោក សុខ ទូច មិនបានមានប្រសាសន៍ដូចការលើកឡើងរបស់លោក អេង ឆៃអ៊ាងនោះទេ។ លោក សុខ ទូច បានបញ្ជាក់ថា ការប្រើពាក្យ «សង្រ្គោះជាតិ» មិនត្រូវបរិបទសង្គមបច្ចុប្បន្ន ពីព្រោះជាតិយើងអត់មានអ្វីត្រូវសង្រ្គោះនោះទេ ពាក្យនេះគឺត្រូវនិយាយនៅសម័យ «សមមិត្ត ហ៊ុន សែន» ទើបត្រូវព្រោះត្រូវសង្រ្គោះជាតិពីរណ្តៅបិសាចមរណៈខ្មែរក្រហម។ សម័យនេះ យើងត្រូវនិយាយពីពាក្យ «កំណែទម្រង់» វិញទើបត្រឹមត្រូវ៕



No comments:

Post a Comment