Friday, July 21, 2017

លោក កែម រិទ្ធិសិទ្ធ ប្រតិកម្មនឹងព្រះសង្ឃ ប៊ុត ប៊ុនតិញ ចំពោះការបំភ្លៃរឿងជំពាក់ថ្លៃបបរបុណ្យសព ខួបមួយឆ្នាំរបស់បណ្ឌិត កែម ឡី

បន្ទាប់ពីព្រះសង្ឃ ប៊ុត ប៊ុនតិញ បានប្រកាសនៅក្នុងវិទ្យុអាស៊ីសេរីផ្សាយយប់មិញថា រឿងជំពាក់លុយថ្លៃបបរពេលធ្វើបុណ្យសពគម្រប់ខួបមួយឆ្នាំរបស់លោកបណ្ឌិត កែម ឡី នៅខេត្តតាកែវ ព្រះតេជគុណមិនទាន់ជឿលើការចំណាយផ្សេងៗ និងជំពាក់ថ្លៃបបរប្រមាណ៧៨០០ដុល្លារ, ព្រះតេជគុណ បានលើកឡើងថា រឿងជំពាក់ប្រាក់គេនេះមិនមែនជារឿងទីមួយទេ ព្រោះកាលពីពេលធ្វើបុណ្យ១០០ថ្ងៃ ក៏ជំពាក់គេដែរ ហើយព្រះតេជគុណបានលើកឡើង អំពីតុល្យភាពនៃការចូលបច្ច័យបុណ្យ និងទូទាត់ថ្លៃបបរ និងចំណាយផ្សេងៗ ប៉ុន្តែសង្ឃដីការបស់ព្រះតេជគុណ ប៊ុត ប៊ុនតិញ ត្រូវបានលោក កែម រិទ្ធិសិទ្ធ ប្អូនប្រុសលោកបណ្ឌិត កែម ឡី ដែលជាអ្នករៀបចំពិធីបុណ្យដោយផ្ទាល់ ទាត់ចោលនិងបានថ្លែងថា អ្នកដែលមិនបានចូលរួមចាត់ចែង មិនដឹងកុំចេះតែថា។
ព្រះសង្ឃ ប៊ុត ប៊ុនតិញ បានលើកឡើងតាមរយៈវិទ្យុអាស៊ីសេរី នាយប់ថ្ងៃទី២០ ខែកក្កដា យ៉ាងដូច្នេះថា «អាត្មាវិភាគរឿងបបរនៅភ្នំពេញ អស់រាប់រយខ្ទះ ព្រោះបុណ្យ៣ថ្ងៃ ហេតុអីបានអស់តែ១៨,០០០ដុល្លារ ដល់ពេលទៅខេត្តតាកែវ បុណ្យមួយល្ងាច និងមួយព្រឹកអស់១៨,០០០ដុល្លារដែរ ចំនួនមនុស្សតិច ចឹងបានអាត្មាថារបៀបបូកលេខបុណ្យហ្នឹងគេបូកយ៉ាងមិចដែរ បានជាវាបានខាតសម្បើមម្ល៉េះ។ ដោយឡែកបុណ្យមួយឆ្នាំអាត្មាធ្វើការស្មានត្រួសៗ ព្រោះអាត្មាបញ្ជូនព្រះសង្ឃទៅ៥-៦អង្គដែរ ដើម្បីឱ្យទៅតាមដានមើលទិដ្ឋភាព និងចំនួនមនុស្ស ការវិភាគទូទៅមិនតិចជាង៦,០០០នាក់ទេ ហើយបើ៦,០០០នាក់ ទៅចូលរួមបុណ្យលោកឧត្តមបណ្ឌិត កែម ឡី ក្នុងម្នាក់ស្មានជាមធ្យមមិនតិចជាង៣ដុល្លារទេ បើ៣ដុល្លារគុណ៦,០០០ វាស្មើនឹង១៨,០០០ដុល្លារ ហើយបើម្នាក់៥ដុល្លារគុណ៦,០០០នាក់ វាស្មើនឹង៣០,០០០ដុល្លារ ហើយ៣០,០០០ដុល្លារ បបរ៩៥ខ្ទះ យើងយកមកទូទាត់វាអត់ខាតទេគឺសល់ទៀតប្រាក់ហ្នឹង។ ហើយបើយើងគិតថារោង វាមិនលើសពីមួយកង់២០ម៉ឺននោះទេ ហើយជួលប៉ុន្មានរយកង់ ក្នុងមួយថ្ងៃមួយល្ងាច ឬបើរោងផងអីផង អាចថា៥០ដុល្លារ ហើយ៥០ដុល្លារប៉ុន្មានរយកង់ បានថាទៅជំពាក់លុយគេ»។
ជុំវិញបញ្ហានេះលោក កែម រិទ្ធីសិទ្ធ ប្អូនប្រុសបង្កើតលោកបណ្ឌិត កែម ឡី បានថ្លែងប្រតិកម្មតបទៅវិញយ៉ាងដូច្នេះថា «រឿងជំពាក់ថ្លៃបបរ អ្នកផ្សេងមិនដឹងកុំចេះតែថា ខ្ញុំជាអ្នករៀបចំផ្ទាល់ដឹងពីការចំណាយផ្សេងៗដូចជា៖ បបរចំណាយរហូតដល់១១៤ខ្ទះ មិនមែន៩៥ខ្ទះ ដូចការលើកឡើងរបស់ព្រះតេជគុណ ប៊ុត ប៊ុនតិញទេ ចំណែកបាយចំណាយអស់៦តុទៀត។ ព្រះសង្ឃនិមន្តតែជាង៥០អង្គ ប៉ុន្តែពេលនិមន្តមកជាង១០០អង្គ នេះជាចំណុចមួយចំនួនប៉ុណ្ណោះមានការចំណាយផ្សេងៗជាច្រើនទៀតផងដែរ។ ចំណែកការចូលបច្ច័យរបស់បងប្អូនប្រជាពលរដ្ឋវិញមាន ខ្លះចូល៣០០០រៀល, ៤០០០រៀល និងខ្លះ៥០០០រៀល មិនមែន៣ដុល្លារដូចការលើកឡើងរបស់ព្រះតេជគុណនោះទេ យើងមានបញ្ជីកត់ឈ្មោះអ្នកចូលរួមបុណ្យ»។
លោក កែម រិទ្ធីសិទ្ធ បានបន្តលើកឡើងថា ព្រះសង្ឃ ប៊ុត ប៊ុនតិញ មិនបាននិមន្តមកចូលរួមបុណ្យខួបគម្រប់មួយឆ្នាំទេ ដូច្នេះមិនបានដឹងច្បាស់អំពីការរៀបចំ និងការចំណាយទេ អញ្ចឹងកុំចេះតែថា។ ចំណែកថវិកាមួយម៉ឺនដុល្លាររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលមានសន្តានចិត្តចូលបុណ្យ, លោកបានចាត់ចែងសងគេហើយ។ លោក កែម រិទ្ធីសិទ្ធ បានអះអាងថា ការទទួលទានបច្ច័យយើងមិនប្រកាន់បក្សខាងណានោះទេ ប្រសិនបើយើងប្រកាន់បក្សនោះ យើងមិនមែនជាអ្នកធ្វើបុណ្យទេ។
គួរបញ្ជាក់ថា តាំងពីលោក កែម ឡី ទទួលមរណភាព គេតែងបានឃើញមេដឹកនាំគណបក្សប្រឆាំងទៅចូលរួមធ្វើសកម្មភាពក្នុងពិធីបុណ្យ និងកាងយកផលចំណេញលើសពថែមទៀតផង។ តែពេលក្រុមគ្រួសារសពរបស់លោក កែម ឡី ជួបទុក្ខលំបាកគេមិនឃើញថ្នាក់ដឹកនាំបក្សប្រឆាំង ចេញមុខជួយដោះស្រាយនោះឡើយ។ លោក កែម រិទ្ធិសិទ្ធ បានគោរពថ្លែងអំណរគុណដល់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានចូលបច្ច័យសម្រាប់ការចំណាយផ្សេងៗ។ លោក កែម រិទ្ធិសិទ្ធ បានចាត់ទុកលោក ហ៊ុន សែន ជាមេដឹកនាំមានទឹកចិត្តសណ្តោសប្រណី ទោះបីមិនបានចេញមុខដោយចំហរ តែតែងតាមដានរាល់ទុក្ខលំបាករបស់ក្រុមគ្រួសារលោក ហើយបានចូលបច្ច័យដើម្បីដោះស្រាយទុក្ខលំបាកភ្លាមៗ៕



No comments:

Post a Comment