Friday, July 21, 2017

ទស្សនៈ៖ មាត់កឹម សុខាថារឹងមាំ តែការពិតកំពុងតែបែកបាក់

ក្នុងពេលថ្មីៗនេះ លោក កឹម សុខា បានលើកឡើងថាគណបក្សសង្រ្គោះជាតិកាន់តែរឹងមាំ និងកាន់តែទទួលបានការគាំទ្រពីប្រជាពលរដ្ឋ។ ការលើកឡើងដោយមិនចេះខ្មាស់អៀនចំ​ពោះមុខប្រជាពលរដ្ឋ ជាពិសេសអ្នកគាំទ្រសម រង្ស៊ីនិយមថា យើងរួមបានហើយ រឹងហើយ និង​ត្រូវការរីកបន្ថែមទៀតនោះ គឺជាពាក្យសម្តីរបស់មនុស្សមុខក្រាស់បំផុត ដែលធ្វើអ្វីគ្រប់យ៉ាង​ដើម្បីបានអំណាចកាន់កាប់បក្សប្រឆាំង ដើម្បីបានឈរឈ្មោះជានាយករដ្ឋមន្រ្តីនៅក្នុងឆ្នាំ២០១៨ខាងមុខ។ មាត់កឹម សុខា ថារឹងមាំ ប៉ុន្តែតាមការពិតគឺកំពុងតែបែកបាក់ប្រេះស្រាំផ្ទៃក្នុងបក្សស​ង្រ្គោះជាតិទាំងមូល។

បើយើងក្រឡេកមើលទៅក្រោយ សមាជិកបក្សមួយចំនួនក្នុងក្រុមនិយម សម រង្ស៊ី ព្យា​យាមគេចមិនចូលរួមសមាជជ្រើសរើសប្រធាន-អនុប្រធានបក្សនោះឡើយ ដោយយកលេសនេះ លេសនោះ ដូចជាអ្វីដែលលោក ជា ប៉ូច និងគង់ បូរ៉ា តំណាងរាស្ត្របក្សសង្គ្រោះជាតិកូតា សម រង្ស៊ី សន្ទ​នាគ្នាតាមទូរស័ព្ទ ក៏ដូចជាបង្ហោះក្នុងគណនីហ្វេសប៊ុករបស់ខ្លួនដោយបង្ហាញពី «អារ​ម្មណ៍ខឹងសម្បារ និងប្រកូកប្រកាសមិនឱ្យតំណាងរាស្ត្រ ជាពិសេសសមាជិក គណៈកម្មាធិការនាយកមិនឱ្យទៅចូលរួមសមាជវិសាមញ្ញកន្លងទៅដើម្បីបោះឆ្នោត​ជ្រើសរើសប្រធាន និងអនុប្រធានថ្មីរបស់គណបក្សដើម្បីជាការព្រមាន»។ ចំណែកឯការលើកដៃក៏មិនសូវស្រុះគ្នាតែអ្នកកាន់កម្មវិធីនាំគ្នាស្រែកថា លើកដៃជាឯកច្ឆន្ទដើម្បីបំភ័ន្តមតិអ្នកគាំទ្រខ្លួនថា ពិតជាមានការគាំទ្រមែន។ រីឯ មុត ចន្ថា អ្នកកាន់កម្មវិធីជាមនុស្សរបស់ កឹម សុខា ត្រូវបានប្រើប្រាស់ដើម្បី ទប់សភាពការណ៍ក្នុងករណីតវ៉ាណាមួយ។

ដោយសារតែក្រុម សម រង្ស៊ី មិនមូលគ្នានេះហើយ បានជាបណ្តោយឱ្យ កឹម សុខា ធ្វើអ្វីស្រេចតែនឹងចិត្តរហូតលេបបក្សបាន។ ពិតជាចោលម្សៀតមែន! តាមរយៈការសង្កេត និងស្តាប់សម្តីរបស់ដែលចេញពីសមាជ និងសំឡេងបែកធ្លាយគណបក្សសង្គ្រោះជាតិពិតជាកំពុងតែបែកបាក់គ្នាធ្ងន់ធ្ងរណា​ស់ និងបែងចែកគ្នារវាងក្រុមកឹម សុខា និងក្រុមសម រង្ស៊ី។ រីឯ យឹម សុវណ្ណ មុខឡើងស្អុយប៉ែរអត់ហុងស៊ុយ ដោយសារតែមិនបានធ្វើជាអនុប្រ​ធា​នបក្សនឹងគេ បានចេញមកស្រែកលើកទឹកចិត្តខ្លួនឯងបែបរដាក់រដុបថា «គណបក្សសង្គ្រោះ​ជាតិនៅតែរឹងមាំ!» រឹង មាំផេះ អី! បើនាំគ្នាចែកជើងបណ្តើរៗហើយហ្នឹង! តាមពិត មាត់យឹម សុវណ្ណ និយាយថាមិនស្តាយអំណាច តែក្នុងចិត្តពិតជាមានការសោកស្តាយដែលបាត់ឱកាសធ្វើជាអនុប្រធានបក្ស រហួតដល់និ​យា​យដួលដើមក ស្រែកជយោ! លោកប្រធានកឹម សុខា ទាំងស្ទាក់ស្ទើរ។

ប្រការមួយដែលកាន់តែបញ្ជាក់ថាមានការបែកបាក់កាន់តែច្បាស់នោះគឺ លោក កឹម សុខា បានបង្កើនសមាជិកកូតាគណបក្សសិទ្ធិមនុស្សរបស់លោកឱ្យកាន់តែច្រើនក្នុងដំបូលរដ្ឋសភា និងនៅមូលដ្ឋាន ខណៈសមាជិកមកពីគណបក្សសមរង្ស៊ីរក្សានៅដដែល ដែលកំពុងតែដើរផ្ទុយពីកិច្ចព្រមព្រៀងបែងចែកអំណាច 60%-40% រវាងគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស។ លោក កឹម សុខា បានយកគណបក្សសិទ្ធិមនុស្សរបស់លោក ដែលបង្កើតឡើងក្នុងរយៈពេលខ្លី គឺឆ្នាំ២០០៧ មានអាសនៈក្នុងរដ្ឋសភាតែ ៣កៅអី ក្នុងអាណត្តិទី៤ ទៅចងសម្ព័ន្ធជាមួយគណបក្ស សម រង្ស៊ី របស់លោក សម រង្ស៊ី បង្កើតឡើងតាំងពីឆ្នាំ១៩៩៥ និងមានអាសនៈក្នុងរដ្ឋសភារហូតដល់ទៅ២៦អាសនៈ។

មួយវិញទៀត លោក កឹម សុខា ដែលក្នុងកិច្ចព្រមព្រៀងនៃការចងសម្ព័ន្ធជាលើកដំបូងត្រឹមតែជាអនុប្រធានគណបក្សនោះ បានប្រែក្រឡាខ្លួនជាប្រធានគណបក្សនាពេលបច្ចុប្បន្ន ខណៈលោក សម រង្ស៊ី មិនត្រឹមតែបាត់ បង់តំណែងប្រធានគណបក្សនោះទេ សូម្បីតែរូបរបស់ទណ្ឌិត សម រង្ស៊ី នៅក្នុងផ្ទាំងប៉ាណូគណបក្សក៏នឹងត្រូវប្តូរចោលក្នុងពេលដ៏ខ្លីខាងមុខនេះដែរ ចុះទម្រាំតែមន្រ្តីចាស់ស្មោះស្ម័គ្រនឹងសម រង្ស៊ីនោះរឿងអ្វីថាកឹម សុខា មិនហ៊ានដកគ្រវាត់ចោល៕

ដោយ៖ មាន មេត្តា



No comments:

Post a Comment