Friday, July 21, 2017

វៀតណាម ផ្តល់ជំនួយទឹកប្រាក់២៥លានដុល្លារសាងសង់អគាររដ្ឋបាលដល់រដ្ឋសភាកម្ពុជា

សាធារណរដ្ឋសង្គមនិយមវៀតណាម បានផ្តល់ជំនួយទឹកប្រាក់ចំនួន២៥លានដុល្លារ សម្រាប់​សាងសង់អគាររដ្ឋបាលដល់រដ្ឋសភាកម្ពុជា។ ពិធីចុះអនុស្សរណៈយោគយល់ ស្តីពីការផ្តល់ជំនួយនេះ បានធ្វើឡើងនៅវិមានរដ្ឋសភាកម្ពុជាដោយចុះហត្ថលេខាទទួលស្គាល់ដោយ​ លោក ងួន ញ៉ិល អនុប្រធានទី២រដ្ឋសភាកម្ពុជា និងលោក អូន ជូលីវ អនុប្រធានរដ្ឋសភាវៀតណាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ប្រធានរដ្ឋសភាកម្ពុជា លោក ហេង សំរិន និង លោក ង្វៀន ភូជុង អគ្គលេខាធិការបក្សកុំម្មុយនីស្តវៀតណាម នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧។
នៅមុនពិធីចុះហត្ថលេខាលើអនុស្សរណៈនេះ លោក ង្វៀន ភូជុង អគ្គលេ​ខាធិកា​រ​បក្សកុំម្មុយនីស្តវៀតណាម បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក ហេង សំរិន ផងដែរ។ នៅក្នុងជំនួបសវនាការនេះ ភាគីទំាងពីរបានលើកឡើង ពីចំណងមិត្តភាព និង កិច្ចស​ហប្រតិបត្តិការដ៏ល្អរវាងប្រទេសទំាង​ពីរដែលចេះតែរីកចម្រើនទៅមុខឥតឈប់ឈរ។
ប្រធានរដ្ឋសភា បានបញ្ជាក់ថាវត្តមាន​ដ៏ខ្ពង់ខ្ពស់របស់អគ្គលេខាធិការ និងគណៈប្រតិភូជាន់ខ្ពស់នាពេលនេះ ពិតជាបានផ្តល់កិត្តិយសដ៏ធំធេងចំពោះព្រះរាជាណាចក្រកម្ពុជា ហើយក៏មានអត្ថន័យជាពិសេសដល់ការពង្រឹងទំនាក់ទំនងរវាងប្រជាជាតិទាំងពីរ ដោយទស្សនកិច្ចនេះ ស្របពេលដែលប្រទេសយើងទំាងពីរបានប្រារព្ធខួបលើកទី៥០ឆ្នាំ នៃទំនាក់ទំនងការទូតនឹងគ្នា​។ ក្នុងនាមប្រជាជនកម្ពុជា លោក សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការគាំទ្រដ៏ខ្លាំងក្លា និងការជួយឧបត្ថម្ភដ៏ថ្លៃថ្លាពីសំណាក់បក្ស រដ្ឋ រដ្ឋាភិបាល និងប្រជាជនវៀតណាមចំពោះប្រជាជនកម្ពុជាក្នុងបុព្វហេតុរំដោះជាតិកាលពីមុនក៏ដូចជាដំណើរការអភិវឌ្ឍនាពេលបច្ចុប្បន្ន។ ជាក់ស្តែងនៅក្នុងពេលនេះ អគ្គលេខាធិការបក្ស បាននាំមកនូវសមិទ្ធផលដ៏ថ្មីស្រ​ឡាងមួយទៀតដល់រដ្ឋសភាកម្ពុជាតាមរយៈការចុះអនុស្សរណៈនៃកិច្ចព្រមព្រៀងដែលវៀតណាមសម្រេចជួយកសាងអគាររដ្ឋបាលដ៏ធំមួយស្មើនឹងទឹកប្រាក់ប្រមាណ ២៥លានដុល្លារសហរដ្ឋអាមេរិក​ដល់រដ្ឋសភាកម្ពុជា។
លោក ង្វៀន ភូជុង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រធានរដ្ឋសភា និងសមាជិកសមាជិការដ្ឋសភាកម្ពុជាទំាងអស់ ដែលបានទទួលស្វាគមន៍គណៈប្រតិភូយ៉ាងកក់ក្តៅ។ ប្រ​ធានគណៈប្រតិភូ បានអបអរសាទរចំពោះការរីកចម្រើនរបស់កម្ពុជាយ៉ាងឆាប់រហ័សលើគ្រប់ វិស័យនាពេលបច្ចុប្បន្ននេះ។ លោក ក៏បានសម្តែងក្តីរីករាយយ៉ាងខ្លំាង នៅពេលឃើញចំណងមិត្តភាព កិច្ចសហប្រតិបត្តិការប្រទេសកម្ពុជា-វៀតណាម មានការរីកចម្រើនរឹងមាំជាលំដាប់។ ចំណងមិត្តភាពដែលមានជាប្រពៃណីនេះ គឺជាទ្រព្យសម្បត្តិដ៏ពិសិដ្ឋរបស់ប្រទេសទាំងពីរ ដែល​ត្រូវថែរក្សាជារៀងរហូតទៅ ហើយផ្សព្វផ្សាយដល់យុវជនជំនាន់ក្រោយឱ្យយល់ដឹង និងបន្តថែរក្សាឱ្យបានយូរអង្វែងតទៅ។
សូមជម្រាបថា លោក ង្វៀន ភូជុង អគ្គលេ​ខាធិកា​រ​បក្សកុំម្មុយនីស្តវៀតណាម បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ តបតាមការអញ្ជើញរបស់ព្រះករុណា សម្តេចព្រះបរម​នាថ​ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងដំណើរទស្សនកិច្ច​នេះ អគ្គលេ​ខាធិកា​រ​បក្ស ​នឹង​ចូល​គាល់​ព្រះមហាក្សត្រ ថ្វាយ​បង្គំ​សម្ដេច​ព្រះ​សង្ឃ​រាជ​​ទាំង​ពីរ​គណៈ និង​ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ថ្នាក់ដឹកនាំស្ថាប័នកំពូលៗរបស់កម្ពុជារួមមាន ​លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា លោកហេង សំរិន ប្រធានរដ្ឋសភា និង លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ៕​











No comments:

Post a Comment