Wednesday, February 07, 2018

កាសែត Le Monde ដ៏ល្បីរបស់បារាំងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរជាតិអប្សរាក្នុងតំបន់បេតិកភណ្ឌអង្គរ

តាមការចុះផ្សាយនៃបទយកការណ៍ពិសេសរបស់កាសែតបារាំង Le Monde កាសែតដ៏ល្បីមួយក្នុងពិភព​លោក ថែមទាំងមានសុក្រិត្យភាពបំផុត ចេញផ្សាយកាលពីថ្ងៃអាទិត្យ ទី០៤ ខែមករា ឆ្នាំ​២០១៨ ក្រោមចំណង​ជើងថា «អង្គរ ការប្រឈមនៃការកើនឡើងយ៉ាងគំហុកនៃវិស័យទេសចរណ៍» បាន​បង្ហាញពីបញ្ហាជាច្រើននៅក្នុងតំបន់អង្គរ មានទាំងការអភិរក្ស ជួស​ជុល​សំណង់ប្រាសាទ បរិស្ថាន ការគ្រប់គ្រងទេសចរ ចំ​ណូល​អង្គរ ការរីករាលដាលនៃសំណង់ក្នុងឧទ្យានអង្គរ ជីវ​ភាព​រស់​នៅ​របស់​ប្រជាជន ការបង្កើតគណៈ​កម្មា​ធិការ​គ្រប់គ្រងតំបន់អង្គរ កសិកម្ម និងការវិនិយោគទុនផ្សេងៗ។ល។

កាសែតនេះ បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ស្ថាប័នអាជ្ញាធរជាតិអប្សរាលើតំ​បន់​ឧទ្យានអង្គរក្នុងផ្ទៃក្រឡាជាង ៤០១គីឡូម៉ែត្រក្រឡា ដូចជាការទប់ស្កាត់នូវការរីករាដាលនៃសំណង់ខុសច្បាប់ក្នុងតំបន់អង្គរបានរាប់រយករណី ការយកចិត្តទុកដាក់លើការថែរក្សា ការពារ ជួស​ជុល អភិរក្សប្រាង្គប្រាសាទនានាជាមួយអ្នកជំនាញបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិថែមទៀត ក្នុងនោះក៏មានបារាំងផងដែរ។ ពិសេសគឺការបង្កើតឱ្យមានគណគណៈកម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរហៅកាត់ថា អាយស៊ីស៊ី-អង្គរ (ICC-Angkor) ដែលជាគំរូដ៏ល្អសម្រាប់តំបន់បេតិកភណ្ឌដទៃទៀតលើពិភពលោកយកគំរូតាម។

ក្រៅពីការងារគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាពរមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរាក៏បានយកចិត្តទុកដាក់យ៉ាងខ្លាំងអំពីការរស់នៅរបស់ប្រជាជនក្នុងតំបន់អង្គរដោយខ្លួន​ឯង​ផង និងមានការសហការពីដៃគូអភិវឌ្ឍន៍ផង ទាំងលើផ្នែកសិក្សាអប់រំ ការថែរក្សាបេតិកភណ្ឌ ការបណ្តុះបណ្តាលលើជំនាញចិញ្ចឹមសត្វ និងការដាំដុះផ្សេងៗ អប់រំអំពីបរិស្ថានល្អ និងអនាម័យ ការរស់នៅ និងហូបស្អាត ការប្រើប្រាស់ និងសាងសង់បង្គន់ជាដើម៕







No comments:

Post a Comment