Wednesday, February 07, 2018

ខេត្តកំពង់ឆ្នាំង រៀបចំពិធីប្រកាសចូលកាន់មុខតំណែង​អភិបាលរងខេត្ត​ ក្រោមអធិបតីភាព​លោក ព្រំ សុខា​ រដ្ឋលេខាធិការ​ ក្រសួងមហាផ្ទៃ​

កំពង់ឆ្នាំង៖ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង មានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពលោក ព្រំ សុខា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងលោក ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីលោក លោកស្រី ប្រតិភូក្រសួងមហាផ្ទៃ ប្រតិភូខេត្តប៉ៃលិន អភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ប្រធានក្រុមប្រឹក្សា និងអភិបាលក្រុង ស្រុកទាំង៨ និង មន្រ្តីសាលាខេត្តកំពង់ឆ្នាំង ជាច្រើនរូបទៀត។

នាឱកាសនោះ លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្ត បានមានមតិស្វាគមន៍ និងបានលើកឡើងនូវលទ្ធផលសំខាន់ៗ ដែលបានសម្រេចបានកន្លងមករបស់ខេត្តកំពង់ឆ្នាំង ដែលមានការរីកចំរើនលើគ្រប់វិស័យ និងធានាបានសន្តិសុខស្ថេរភាពជូនប្រជាពលរដ្ឋ ចូលរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តយុទ្ធសាស្រ្តតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋយើង។

យោងតាមអនុក្រឹត្យលេខ១៤៤៣អនក្រ.តត ចុះថៃ្ងទី១៩ ខែធ្នូ ឆ្នាំ២០១៧ របស់រាជរដ្ឋាភិបាល ត្រូវបានប្រកាសផ្ទេរភារកិច្ចជូនលោក អៀង វុធ អតីតអភិបាលរងខេត្តប៉ៃលិន មកជាអភិបាលរងខេត្តកំពង់ឆ្នាំង។

បន្ទាប់ពីគណៈអធិបតីបានប្រគល់អនុក្រឹត្យរួចមក លោក អៀង វុធ ក៏បានឡើងធ្វើការប្តេជ្ញាចិត្តថា លោកនឹងខិតខំពង្រឹងសាមគ្គីភាពផ្ទៃក្នុងអោយបានល្អនៅក្នុងគណៈអភិបាលខេត្ត និងជាបណ្តាមន្ទីរ អង្គភាព កងកំលាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋានគ្រប់ក្រុង/ស្រុក ដោយឈរលើមូលដ្ឋានគោរពតាមបទដ្ឋាននានា និងច្បាប់របស់រដ្ឋ ការពាររដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា រួមចំណែកពង្រឹងការអនុវត្តន៍គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពទាំង៩ចំណុចអោយបានល្អប្រសើរ ក៏ដូចជាយកចិត្តទុកដាក់បំរើសេវាសាធារណៈជូនប្រជាពលរដ្ឋ ចូលរួមប្រឡងប្រណាំងកែប្រែសោភ័ណ្ឌភាពទីក្រុង ក្នុងទិសដៅអោយទីក្រុងស្អាត និងមានសេវាកម្មល្អផងដែរ។

លោក ព្រំ សុខា បានមានប្រសាសន៍សំណេះសំណាលនៅក្នុងពិធីនោះ ដោយសង្កត់ធ្ងន់លើការអនុវត្តគោលនយោបាយ កំណែទម្រង់ស៊ីជំរៅរបស់រាជរដ្ឋាភិបាល និងការបំរើផល
ប្រយោជន៍ជូនប្រជាពលរដ្ឋ។ លោករដ្ឋលេខាធិការ បានផ្ដាំផ្ញើដល់អភិបាលរងខេត្តដែលទើបផ្ទេរភារកិច្ច អោយខិតខំបំពេញភារកិច្ចអោយបានល្អក្នុងការអនុវត្តកម្មវិធីកំណែទម្រង់របស់រាជរដ្ឋាភិបាលនីតិកាលទី៣ នៃរដ្ឋសភា ដែលមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រមុខ។
រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានបន្ថែមថា ការធ្វើកំណែទម្រង់មានសារៈសំខាន់ជាច្រើនចំពោះមន្ត្រីរាជការ ពិសេសគឺការលុបបំបាត់ភាពអសកម្ម លុបបំបាត់អំពើពុករលួយ និង មានតម្លាភាពចំពោះមន្រ្តីរាជការ ហើយសហការក្នុងជួរគណៈអភិបាលខេត្តអាជ្ញាដែនដីគ្រប់លំដាប់ថ្នាក់ ឆ្ពោះទៅអភិវឌ្ឍន៍នៅមូលដ្ឋានដើម្បីរួមចំណែកយ៉ាងសកម្មសំដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ៕



No comments:

Post a Comment