Wednesday, February 07, 2018

ខេត្តកណ្តាល រៀបចំពិធីបិទសន្និបាតបូក​សរុបលទ្ធផល​ការងារឆ្នាំ២០១៧​ និងលើក​ទិសដៅ​ការងារ​សម្រាប់​អនុវត្ត​ឆ្នាំ២០១៨

កណ្តាល៖ នៅថ្ងៃពុធ ៧រោច ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ នៅសាលាខេត្តកណ្តាល មានរៀបចំពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងលើកទិសដៅកាងារសម្រាប់អនុវត្តឆ្នាំ២០១៨ របស់រដ្ឋបាលខេត្តកណ្តាល ក្រោមអធិបតីភាពលោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

សមាសភាពអញ្ជើញចូលរួមនាឱកាសនោះ រួមមាន៖ លោក លោកស្រី ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយក្រុង ស្រុកនៃខេត្តកណ្តាល លោក លោកស្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ក្រុមប្រឹក្សា គណៈអភិបាលខេត្ត ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបីខេត្ត ក្រុង ស្រុកក្រុមប្រឹក្សា អភិបាល អភិបាលរងក្រុង ស្រុក មេឃុំ ចៅសង្កាត់ ស្មៀនឃុំសង្កាត់ នាយប៉ុស្ត៍នគរបាលឃុំសង្កាត់ តំណាងអង្គការ UNICEF អង្កការ GIZ-DAR អង្គរសង្គមស៊ីវិល ស្ថាប័នមីក្រូហិរញ្ញវត្ថុ និងមន្រ្តីរាជការសរុបចំនួន ៦៩០ នាក់។

បន្ទាប់ពីលោក ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្ត បានធ្វើរបាយការណ៍ដែលបានបញ្ជាក់អំពីសមាសភាពចូលរួម ដំណើរការ និងលទ្ធផលនៃអង្គសន្និបាត ដោយបានភ្ជាប់ជាមួយនូវលទ្ធផលការងារ បញ្ហាប្រឈម និងទិសដៅការងារ រួចមក លោកឧបនាយករដ្ឋមន្ត្រី ស ខេង ក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំបស់របស់រដ្ឋបាលខេត្ត ដែលសម្រេចបាននូវសមិទ្ធជាច្រើននៅក្នុងការអនុវត្តការងារពេញមួយឆ្នាំ២០១៧ និងបានណែនាំ ក៏ដូចជាផ្តល់អនុសាសន៍ ដូចខាងក្រោម៖

១-ស្នើដល់អង្គសន្និបាតសូមយកស្មារតីនិងលទ្ធផលនៃសន្និបាត ផ្សព្វផ្សាយបន្តដល់អ្នកពាក់ព័ន្ធផ្សេងៗទៀតដើម្បីស្វែងរកការគាំទ្រ និងការចួលរួម
២-ណែនាំដល់រដ្ឋបាលខេត្តត្រូវបន្តខិតខំអនុវត្តការងារ តួនាទីភារកិច្ច តាមការទទួលខុសត្រូវរៀងៗខ្លួន ដើម្បីត្រៀមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា និងការបោះឆ្នោតជ្រើតាំងតំណាងរាស្ត្រ ដែលនឹងចូលមកដល់នៅពេលខាងមុខ
៣-ណែនាំរដ្ឋបាលខេត្តត្រូវបន្តពង្រឹងនូវសន្តិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ (កម្ពុជាមានសន្តិភាពពេញលេញ៖ ទឹកដីកម្ពុជាទាំងមូលត្រូវបានគ្រប់គ្រងដោយរដ្ឋបាលភិបាលស្របច្បាប់ គ្មានកម្លាំងឧទ្ទាម មានសន្តិភាព មានប្រជាធិបតេយ្យ មានសន្តិភាព
៤-ណែនាំមន្ត្រីពាក់ព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ ដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ
៥-បន្តពង្រឹងការអនុវត្តច្បាប់ចរាចរ និងស្វែងរកមធ្យោបាយនានា ដើម្បីកាត់បន្ថយអោយបានជាអតិបរមានូវគ្រោះថ្នាក់ចរាចរណ៍
៦-អំពាវនាវដល់អ្នកពាក់ព័ន្ធត្រូវបន្តចូលរួមក្នុងការអនុវត្តនូវកំណែទម្រង់របស់រាជរដ្ឋាភិបាល ជាពិសេសកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ
៧-ស្នើរដ្ឋបាលខេត្តបន្តខិតខំលើការងារផ្តល់សេវាជូនប្រជាពលរដ្ឋអោយកាន់តែល្អ ជាពិសេសតាមរយៈ ការិយាល័យច្រកចេញចូលតែមួយ និងយន្តការច្រកចេញចូលតែមួយ
៨-ស្នើបន្តពង្រឹងការងារគ្រប់គ្រងច្រកទ្វារព្រំដែន ជាពិសេសកិច្ចការពារអធិបតេយ្យភាព និងបូរណភាពទឹកដី ព្រមទាំងលុបបំបាត់អោយបានទាំងស្រុងនូវប៉ុស្តិ៍អាណាធិបតេយ្យ
៩-ស្នើបន្តពង្រឹងរបៀបរបបបំពេញការងារ ដោយបន្តអនុវត្តនូវលិខិតបទដ្ឋាន និងគោលការណ៍ណែនាំជាធរមាន
១០-បន្តស្វែងយល់ពីសុខទុក្ខ និងតម្រូវការបស់ប្រជាពលរដ្ឋ ហើយធ្វើការដោះស្រាយអោយមានប្រសិទ្ធភាព ឈរលើគោលការណ៍ច្បាប់ និងយុត្តិធម៌
១១-ការអនុវត្តការងារជៀសវាងអោយបាននូវការរំលោភអំណាច គឺត្រូវធ្វើការដោយគោរពតាមឋានានុក្រម ហើយក៏ត្រូវស្តាប់នូវមតិយោបល់របស់មន្ត្រីថ្នាក់ក្រោម និងជៀសវាងអោយបាននូវការប្រើប្រាស់ឥទ្ធិពលតាមរយៈប្រពន្ធ កូន និងសាច់ញាតិ៕

បន្ថែមពីនោះ លោកឧបនាយករដ្ឋមន្ត្រី ស ខេង ក៏បានឧបត្ថម្ភថវិកាចំនួន បីលានរៀល ដល់អង្គសន្និបាតរបស់ខេត្តកណ្តាលផងដែរ៕




No comments:

Post a Comment