Wednesday, February 07, 2018

លោក សុខ ឥសាន ពន្យល់​ពីសភាពការណ៍ន​យោបាយពិតនៅ​កម្ពុជាដែល​កំពុងតែមានលក្ខណៈ​ល្អប្រសើរ​​និង​ប្រក្រតី​ភាព

នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ លោក សុខ ឥសានអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ជូន​សាធារណជនជាតិនិងអន្តរជាតិឱ្យបានយល់ច្បាស់ថា សភាពការណ៍នយោបាយនៅកម្ពុជាមានលក្ខណៈល្អប្រសើរមានប្រក្រតីភាព កិច្ចការរដ្ឋ និងជីវភាពរស់នៅរបស់ប្រជាជនទូទៅនៅតែដំណើរការជាប្រក្រតី និងរីកចម្រើនជាធម្មតា។ លោកបានលើកឡើងដូចនេះជាការឆ្លើយតបនឹងមតិដែលបានលើកឡើងថា នៅពេលក្រោយការចាប់ខ្លួន កឹម សុខា និងការរំលាយអតីតៈបក្សប្រឆាំងដោយតុលាការកំពូលកាលពីខែវិច្ឆិកា២០១៧មក មានការវាយតម្លៃសភាពការណ៍នយោបាយនៅកម្ពុជា ថាឡើងកម្តៅ លទ្ធិប្រជាធិបតេយ្យរួមតូច សិទ្ធិបញ្ចេញមតិកាន់តែត្រូវរឹតត្បិត។ល។ ជាពិសេស សមាជិកសភាបរទេសម្នាក់បាននិយាយថាកម្ពុជាបានដើរខុសពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសថ្ងៃទី ២៣ ខែតុលា ឆ្នាំ១៩៩១ ។

លោក សុខ ឥសាន បានគូសបញ្ជាក់ថា ការវាយតម្លៃ និងសន្និដ្ឋានខាងលើមិនបានផ្សារភ្ជាប់នឹងសភាពការណ៍ពិតជាក់ស្តែងនៅកម្ពុជាទាល់តែសោះ ដោយសភាពការណ៍នយោបាយនៅកម្ពុជាមានលក្ខណៈល្អប្រសើរមានប្រក្រតីភាព កិច្ចការរដ្ឋ និងជីវភាពរស់នៅរបស់ប្រជាជនទូទៅនៅតែដំណើរការជាប្រក្រតី និងរីកចម្រើនជាធម្មតា។ លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា កាន់តែត្រូវបានពង្រឹង ស្របតាមស្មារតីនៃកិច្ចព្រមព្រៀងទីក្រុងទីក្រុងប៉ារីសស្តីពីកម្ពុជា។ ការមានវិធានការណ៍ផ្លូវច្បាប់ចំពោះអតីតៈមេបក្សប្រឆាំង និងការរំលាយអតីតៈបក្សប្រឆាំង ព្រមទាំងការផ្អាកសកម្មភាពនយោបាយរបស់ក្រុមមេដឹកនាំបក្សប្រឆាំង១១៨រូបរយៈពេល៥ឆ្នាំនោះ គឺបណ្តាលមកពីអំពើល្មើសច្បាប់របស់សាម៉ីជន និងសាម៉ីគណបក្សតែប៉ុណ្ណោះ ហើយករណីនេះគឺជាការពង្រឹងនីតិរដ្ឋនៅកម្ពុជាជនណាល្មើសច្បាប់ជននោះត្រូវទទួលខុសត្រូវដោយខ្លួនឯង។

លោក សុខ ឥសាន បានសង្កត់ធ្ងន់ថា ការដើរតាមគន្លងលទ្ធិប្រជាធិបតេយ្យ និងពង្រឹងនីតិរដ្ឋ គឺជាសំណូមពរចង់បានរបស់កិច្ចព្រមព្រៀងទីក្រុងប៉ារីស ដូច្នេះកម្ពុជាធ្វើត្រូវតាមកិច្ចព្រមព្រៀងនេះ។ ចំពោះសិទ្ធិបញ្ចេញមតិ និងសកម្មភាពរបស់អង្គការសង្គមស៊ីវិល នៅតែត្រូវបើតទូលាយ ស្របតាមមាត្រា៣១ និងមាត្រា៤១ នៃរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល ជាធរមាន ហើយត្រូវបានអង្គការ សមាគមជាច្រើនលើសលុបដែលបានចុះបញ្ជី និងគោរពច្បាប់ស្វាគមន៍និងអបអរសាទរ។

លោក សុខ ឥសាន ក៏បានសន្និដ្ឋានថា ការវាយតម្លៃថាសភាពការណ៍នៅកម្ពុជាបែបអវិជ្ជមាននេះ មិនត្រឹមត្រូវតាមការពិតជាក់ស្តែងទេ ហើយអាចនិយាយថាផ្អែកលើនិន្នាកានយោបាយ លំអៀងនយោបាយ។ បើជាជនបរទេសវិញ គឺជាការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ដែលផ្ទុយពីធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងស្មារតីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ថ្ងៃ ២៣ តុលា ១៩៩១ យ៉ាងជាក់ស្តែង៕

No comments:

Post a Comment